• 2021-09-02 06:23:23
  • ព័ត៌មាន

ប្រាសាទ​បន្ទាយឆ្មារ ប្រាសាទបុរាណខ្មែរវ័យចំណាស់មួយ មានភាពស្រស់ស្អាតខ្លាំង គួរឱ្យចង់គយគន់

  • 2021-09-02 06:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទ​បន្ទាយឆ្មារ នៅ​ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ជា​ប្រាសាទ​បុរាណ​របស់​ខ្មែរ​វ័យ​ចំណាស់​មួយ​ដែល​សាងសង់​ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ នៅ​សតវត្ស​ទី​១២ ដល់​ដើម​សតវត្ស​ទី​១៣ នៃ​គ្រិស្តសករាជ។ នៅ​ក្នុង​បរិវេណ​ប្រាសាទ​នេះ មាន​ភាព​ស្រស់​ស្អាត និង​មាន​ដើមឈើ​ធំៗ​ព័ទ្ធ​ជុំវិញ​ជាច្រើន គួរ​ឲ្យ​ចង់​គយគន់។

ប្រាសាទ​បន្ទាយឆ្មារ មាន​ចម្ងាយ​ប្រមាណ ៤០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បន្ទាយមានជ័យ។ ផ្លូវ​ទៅ​ប្រាសាទ​មួយ​នេះ​ជា​ផ្លូវ​ក្រាល​កៅស៊ូ​តាំង​ពី​ទី​រួម​ខេត្ត រហូត​ដល់​តួ​ប្រាសាទ ដោយ​ឆ្លង​កាត់​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក។ នៅជុំវិញ​ប្រាសាទ​បន្ទាយ​ឆ្មារ មាន​ប្រាសាទ​រណប​ចំនួន ៩គឺ ប្រាសាទ​តាប្លាំង ប្រាសាទតាព្រហ្ម ប្រាសាទតាណែម ប្រាសាទសំណាងតាសុខ ប្រាសាទតាគុំ ប្រាសាទចិញ្ចឹមត្រី ប្រាសាទតាអ៊ឹម ប្រាសាទយាយជូ និងប្រាសាទមេបុណ្យ។

ប្រាសាទ​បន្ទាយឆ្មារ មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​ឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ។ ប្រាសាទ​មួយ​នេះ​សាងសង់​ដោយ​ព្រះបាទ​ជ័យវរ្ម័នទី៧ នៅ​សតវត្ស​ទី​១២ ដល់​ដើម​សតវត្ស​ទី​១៣ នៃ​គ្រិស្តសករាជ ដោយ​គោល​បំណង​ដើម្បី​ឧទ្ទិស​ដល់​ព្រះរាជបុត្រ​របស់​ព្រះអង្គ ព្រះនាម​រាជ​កុមារ និង​មេទ័ព​ទាំង​៤។ ប្រាសាទ​មួយ​នេះ​មាន​ផ្ទៃដី​ពី​លិច​ទៅ​កើត​បណ្ដោយ ៧៧០​ម៉ែត្រ និង​ទទឹង ៦៩០​ម៉ែត្រ។ ចំណែក​តួ​ប្រាសាទ​ទទឹង ១៩០​ម៉ែត្រ និង​បណ្ដោយ ២៥០​ម៉ែត្រ និង​មាន​កម្ពស់​ចន្លោះ​ពី ៩ ទៅ ១០​ម៉ែត្រ ព្រម​ទាំង​មាន​កសិណ​ទឹក​ព័ទ្ធ​ជុំវិញ​ប្រាសាទ​ដែល​មាន​ទទឹង ៦៣​ម៉ែត្រ។

ក្រុមអ្នកប្រាជ្ញ អ្នកជំនាញការ សាស្ត្រាចារ្យ និងវាគ្មិនជាតិ អន្តរជាតិសំខាន់ៗ ដែលបានទៅពិនិត្យ និងវាយតម្លៃផ្ទាល់ដល់ប្រាសាទនេះ បានបង្ហាញការចាប់អារម្មណ៍ថា គ្រាន់តែលើជញ្ជាំង ក្នុងប្រាសាទបន្ទាយឆ្មារ គឺមានរូបចម្លាក់ចម្រុះយ៉ាងសន្ធឹកសន្ធាប់ ដែលពណ៌នាតាំងពីទេវរូបព្រហ្មញ្ញសាសនា មានរូបព្រះព្រហ្ម ព្រះនារាយណ៍ ឬព្រះវិស្ណុ និង ព្រះសិវៈ ឬព្រះឥសូរ និងតួអង្គសំខាន់ទៀតនៃសាសនានោះ។

ប្រាសាទបន្ទាយឆ្មារ ត្រូវបានក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំឯកសារស្នើសុំដាក់បញ្ចូលជាបេតិភណ្ឌពិភពលោក ដោយសារតែប្រាសាទបន្ទាយឆ្មារមានលក្ខណៈពិសេសខុសប្លែកប្រាសាទដ៏ទៃ ដែលអាថ៌កំបាំងសម្រាប់អ្នកបុរាណវិទ្យាសិក្សាស្រាវជ្រាវ។ ខាងអង្គការ UNESCO ចាប់អារម្មណ៍គឺមានផ្នូរសពបុរាណ នៅស្ទើរតែជុំវិញប្រាសាទ មានរូបថ្មចារឹកដៃ៣២ មានអមដោយប្រាសាទព័ទ្ធជុំវិញ និងមិនតែប៉ុណ្ណោះប្រាសាទបន្ទាយឆ្មារមានផ្ទៃដីធំទូលាយជាង២៧ហិកតា។ ប្រាសាទបន្ទាយឆ្មារត្រូវបានការពារអភិរក្សយ៉ាងម៉ត់ចត់ដោយសមត្ថកិច្ចនិងសហការជាមួយនិងអាជ្ញាធរមូលដ្ឋាន។

មន្ត្រី​គាំពារ​ប្រាសាទ​បន្ទាយឆ្មារ អះអាង​ថា រដូវ​ដែល​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ច្រើន​ចាប់​ពី​ខែ​វិច្ឆិកា ដល់​ខែ​មីនា ដែលមានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ​ចំណែក​រដូវ​ពុំ​សូវ​មាន​ភ្ញៀវ គឺ​ចាប់​ពី​ខែ​មេសា ដល់​ខែ​តុលា៕

ប្រភព ៖ ប្រវត្តិសាស្រ្តខ្មែរ ត្រឹង ងា

មតិយោបល់