• 2022-09-05 09:15:28
  • ព័ត៌មាន

ល្អណាស់! កម្ពុជា ត្រៀម​ផែន​ការ បង្អួតគោលដៅទេសចរណ៍ឆ្នេរ ទៅកាន់សកលលោក​

  • 2022-09-05 09:15:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជាមានបំណងយកឱកាសរៀបចំបុណ្យសមុទ្រនៅខេត្តព្រះសីហនុនាចុងឆ្នាំ២០២២នេះ ជាឱកាសក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ឆ្នេរសមុទ្ររបស់ខ្លួន ទៅកាន់សមាជិកក្លិបឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​លោក ខណៈ​កម្ពុជាក៏ជាសមាជិកនៃអង្គការនេះដែរ។

តាម​ផែន​ការ ពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៩-១១ ខែធ្នូ ឆ្នាំ២០២២ ជាមួយគ្នានោះកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ចាប់ពីថ្ងៃទី៩-១៤​ ខែធ្នូផងដែរ ក្រោមប្រធានបទ «ឆ្នេរនៃស​ន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម»។

នៅកិច្ចប្រជុំត្រៀមរៀបចំបុណ្យសមុទ្រនាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្ត្រីបាន​មាន​ប្រសាសន៍​ថា ក្នុងឱកាស​នោះ ប្រធានក្លិបនឹងផ្សព្វផ្សាយអំពីគំរូដ៏ល្អរបស់កម្ពុជា និងខេត្តព្រះសីហនុដែលបានខិតខំអភិវឌ្ឍគ្រប់គ្រងឆ្នេរសមុទ្រប្រកបដោយការទទួលខុសត្រូវខ្ពស់ បង្ហាញទៅសមាជិកក្លិបឆ្នេរទាំងអស់ដែលបច្ចុប្បន្នមាន២៦ប្រទេស។

ឯកឧត្តមបញ្ជាក់ថា «ការដែលក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសកលលោកសម្រេចមករៀបចំមហាសន្និបាតរបស់ខ្លួននេះ គឺមិនមែនជារឿងចៃដន្យនោះឡើយ ព្រោះគេបានមើលឃើញការអភិវឌ្ឍឆ្នេរសមុទ្ររបស់កម្ពុជា គឺមានការទទួលខុសត្រូវខ្ពស់»។

ជុំវិញ​ផែន​ការ​នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានណែនាំដល់រដ្ឋបាលខេត្តព្រះសីហនុត្រូវមានស្ដង់ពិព័រណ៍សមរម្យមួយក្នុងពិធីបុណ្យសមុទ្រនាពេលខាងមុខ រចនាឱ្យបានស្អាតទាក់ទាញ ដើម្បីបង្ហាញអំពីសមិទ្ធផល ការអភិវឌ្ឍ ការគ្រប់គ្រងឆ្នេរសមុទ្រនៅក្នុងខេត្តរបស់ខ្លួន។

រូបភាព៖ក្រសួងទេសចរណ៍

នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានទទួលនូវការណែនាំរបស់លោករដ្ឋមន្ត្រី ថោង ខុន ដើម្បីរៀបចំឱ្យមានស្ដង់ពិព័រណ៍បង្ហាញអំពីការអភិវឌ្ឍឆ្នេរសមុទ្រ កោះ ទីក្រុងព្រះសីហនុ និងគោលដៅដែលមានសក្ដានុពលផ្សេងទៀតនៅក្នុងខេត្តព្រះសីហនុ៕

អត្ថបទ៖ ទារិកា

មតិយោបល់