- 2023-01-06 09:14:13
- ព័ត៌មាន
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំនៃនាយកដ្ឋានផ្នែកលក់ដើម្បីត្រៀមខ្លួនផ្ដល់សេវាកម្មកាន់តែល្អជូនអតិថិជន
- 2023-01-06 09:14:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia ប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំនៃនាយកដ្ឋានផ្នែកលក់ដើម្បីត្រៀមខ្លួនផ្ដល់សេវាកម្មកាន់តែល្អជូនអតិថិជន
ចន្លោះមិនឃើញ
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំនៃនាយកដ្ឋានផ្នែកលក់ នារសៀលថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដោយរួមបញ្ចូលការបូកសរុបលទ្ធផលពីឆ្នាំ២០២២ បង្ហាញផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំថ្មីដល់ក្រុមការងារផ្នែកលក់ និងទទួលស្គាល់នូវស្នាដៃរបស់ទីប្រឹក្សាធានារ៉ាប់រងឆ្នើម។ កិច្ចប្រជុំទាំងមូលមានគោលដៅធានាឱ្យបាននូវគុណភាពនៃសេវាកម្ម និងបទពិសោធកាន់តែប្រសើរជាងមុនជូនដល់អតិថិជន។
ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនក៏បានអបអរសាទរដល់ទីប្រឹក្សាឆ្នើមចំនួន ៥រូប ដែលបានបំពេញគ្រប់លក្ខខណ្ឌជាសមាជិកនៃ Million Dollar Round Table (MDRT) ឆ្នាំ២០២៣ ដែលជាសមាគមទទួលស្គាល់បុគ្គលឆ្នើមផ្នែកហិរញ្ញវត្ថុឈានមុខគេលើពិភពលោកផងដែរ។
លោក ចាន់ រដ្ឋា អគ្គនាយកនៃក្រុមហ៊ុន FWD Cambodia បានមានប្រសាសន៍ថា៖ «នេះជាមោទកភាពដ៏ធំមួយរបស់ ក្រុមហ៊ុន FWD Cambodia ក៏ដូចជាក្រុមការងារទាំងអស់របស់យើងក្នុងការអនុវត្តទៅតាមចក្ខុវិស័យរបស់ក្រុមហ៊ុនដើម្បីជួយឱ្យក្រុមគ្រួសារកម្ពុជារស់នៅប្រកបដោយភាពរីករាយតាមរយៈសេវាកម្មធានារ៉ាប់រងអាយុជីវិត និងបច្ចេកវិទ្យាឌីជីថលដែលយើងមាន»។
លោកបានឱ្យដឹងទៀតថា៖ «ទីប្រឹក្សាធានារ៉ាប់រងរបស់ពួកយើងដើរតួនាទីយ៉ាងសំខាន់មួយក្នុងការប្រឹក្សា និងផ្ដល់នូវដំណោះស្រាយហិរញ្ញវត្ថុជូនដល់អតិថិជន ជាពិសេសនៅក្នុងឆ្នាំ ២០២២ ដែលជាឆ្នាំដ៏សំខាន់មួយបន្ទាប់ពីពួកយើងចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មជាផ្លូវការកាលពីឆ្នាំ ២០២១»។
លោកបានបន្ថែមដែរថា៖ «ខ្ញុំសូមអបអរសាទរ និងថ្លែងអំណរគុណដល់ទីប្រឹក្សាធានារ៉ាប់រង និងក្រុមការងារគ្រប់ជាន់ថ្នាក់សម្រាប់ការសហការគ្នាយ៉ាងល្អនាពេលកន្លងមក ជាពិសេសក្នុងឆ្នាំ ២០២២។ ពួកយើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការផ្ដល់បទពិសោធថ្មីលើសេវាធានារ៉ាប់រងជូនដល់ក្រុមគ្រួសារកម្ពុជា»។
លោក ធន់ វិរៈ នាយកនៃនាយកដ្ឋានផ្នែកលក់មានប្រសាសន៍ថា៖ «ចំនួនសមាជិក MDRT និងទីប្រឹក្សាឆ្នើមជាច្រើនផ្សេងទៀតក្នុងក្រុមហ៊ុន FWD Cambodia ជាការឆ្លុះបញ្ចាំងឱ្យឃើញពីការប្រកបការងារប្រកបដោយវិជ្ជាជីវៈខ្ពស់របស់ទីប្រឹក្សាធានារ៉ាប់រងរបស់យើង ព្រមទាំងទំនុកចិត្តពីក្រុមគ្រួសារខ្មែរមកលើក្រុមហ៊ុនផងដែរ។ ខ្ញុំលើកទឹកចិត្តឱ្យទីប្រឹក្សាធានារ៉ាប់រងទាំងអស់ខិតខំប្រឹងប្រែងបន្តផ្តល់ការការពារហិរញ្ញវត្ថុដល់ក្រុមគ្រួសារកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីធានាឱ្យបាននូវអនាគតហិរញ្ញវត្ថុដែលកាន់តែរឹងមាំសម្រាប់ក្រុមគ្រួសារនីមួយៗ»។
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD
ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ីដែលមាន អតិថិជនប្រមាណ ១០ លាននាក់ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមាន ទីផ្សារដែលរីកចម្រើនរហ័សបំផុតក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD ត្រូវបានបង្កើតឡើងដំបូងក្នុងទ្វីបអាស៊ីក្នុងឆ្នាំ ២០១៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុតក្នុងការផ្ដល់បទពិសោធន៍ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍ថ្មីលើសេវាធានារ៉ាប់រងជូនដល់អតិថិជន។
ក្រុមហ៊ុន FWD Cambodia ចាប់ផ្តើមប្រតិបត្តិការជាផ្លូវការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មីដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.fwd.com.kh ឬហ្វេសបុកផេក FWD Cambodia។