- 2023-02-24 08:30:49
- សេដ្ឋកិច្ច
រដ្ឋមន្ដ្រីក្រសួងកសិកម្ម៖ ការចិញ្ចឹមគោយកទឹកដោះ គឺជួយពង្រីកអាហារូបត្ថម្ភដល់ប្រជាជនយើង
- 2023-02-24 08:30:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ដ្រីក្រសួងកសិកម្ម៖ ការចិញ្ចឹមគោយកទឹកដោះ គឺជួយពង្រីកអាហារូបត្ថម្ភដល់ប្រជាជនយើង
ចន្លោះមិនឃើញ
ដូចការគ្រោងទុក រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ឌិត ទីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមន្ដ្រីជំនាញកសិកម្មជាច្រើនរូប បានចុះទស្សនកិច្ចអំពីវឌ្ឍនភាពកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ នៃក្រុមហ៊ុន ខ្មែរហ្វ្រេសមៀល នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
ក្នុងឱកាសនោះឯកឧត្ដម បានចុះសិក្សាស្វែងយល់នៅផ្នែកមួយៗ នៃសង្វាក់ផលិតកម្មចិញ្ចឹមគោតាំងពីដើមដល់ចប់។ ឯកឧត្ដមថា រាជរដ្ឋាភិបាល មិនត្រឹមតែយកចិត្ដទុកដាក់ ឬផ្ដល់សិទ្ធតែទៅលើក្រុមហ៊ុនធំៗទេ គឺបានស្វែងយល់យ៉ាងលម្អិតលើការរីកចម្រើនទាំងក្រុមហ៊ុនធំៗ និងក្រុមហ៊ុនតូចៗ ព្រមទាំងប្រជាពលរដ្ឋ ដើម្បីឲ្យសម្រេចបានជាទឹកដោះគោមួយដែលមានគុណភាព អភិវឌ្ឍសុខភាពប្រជាពលរដ្ឋយើងទូទៅ។
ឯកឧត្ដម ឌិត ទីណា៖ “ការចិញ្ចឹមគោយកទឹកដោះ ស្របតាមបច្ចេកទេសរបស់ប្រទេសអ៊ីស្រាអែលដែលមានបច្ចេកទេសច្បាស់លាស់នេះ គឺដូចយើងបានជួយពង្រីកអាហាររូបត្ថមសម្រាប់ប្រជាពលរដ្ឋយើង ធ្វើឲ្យក្មេងៗអាចធំធាត់ អាចក្លាយទៅជាកីឡាករ…អាចក្លាយជាអ្នកស្រាវជ្រាវដែលមានខួរក្បាលល្អ នៅពេលដែលគាត់ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់តាំងពីតូច អីចឹងការអនុញ្ញាតឲ្យមានការវិនិយោគលើទឹកដោះគោ គឺជាផ្នែកមួយសំខាន់ណាស់”។
អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឯកឧត្ដម តាន់ ផាន់ណារ៉ា ឲ្យដឹងថា នៅទូទាំងប្រទេសកម្ពុជា មានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ៤ ទៅ ៥កន្លែងដែរ ប៉ុន្ដែក្នុងនោះមានលក្ខណៈអាជីវកម្មខ្នាតធំតែបីប៉ុណ្ណោះ។ ក្នុងនោះមានកសិដ្ឋានគីរីសួរនេះហើយដែលធំ ហើយប្រសើរជាងគេ។
ឯកឧត្ដម តាន់ ផាន់ណារ៉ា៖ “នៅកន្លែងនេះកសិដ្ឋានធំជាងគេ ហើយល្អជាងគេ ព្រោះអនាម័យ គឺវាត្រូវទៅតាមស្ដង់ដាររបស់គេ គឺមានGMP និងHACPP ទៀត…អាហ្នឹងវាមានន័យថាស្របទៅតាមស្ដង់ដារអន្ដរជាតិហើយ”។
ចំណែកសហស្ថាបនិក ក្រុមហ៊ុន ខ្មែរហ្រ្វេមៀល គីរីសួគ៌ហ្វាម លោក ជី សិសា បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសនោះដែរថា ក្រុមហ៊ុនមានទិសដៅពង្រីកការចិញ្ចឹមគោទ្វេដង ដោយបច្ចុប្បន្នគោមានចំនួន ៩០០ក្បាល។ នៅឆ្នាំ២០២៤នឹងឈានទៅពង្រីកចន្លោះពី៣០០០ ទៅ៤០០០ក្បាល ព្រោះតម្រូវការ ឬទីផ្សារផលិតផលពីទឹកដោះគោ គឺរីករហូត។ ប៉ុន្ដែមុននឹងពង្រីក ក្រុមហ៊ុនក៏ត្រូវត្រៀមចំណីគោ និងផែនការយុទ្ធសាស្ដ្រមួយចំនួនដែរ។
លោក ជី សិសា៖ “ដូចឯកឧត្ដម រដ្ឋមន្ដ្រីលោកមានប្រសាសន៍ គឺយើងមិនចង់រីកចម្រើន ឬបានផលចំណេញតែម្នាក់ឯងទេ គឺជួយពលរដ្ឋក្នុងតំបន់នេះដែរ តាមរយៈឲ្យពួកគាត់ដាំស្មៅមកលក់ឲ្យយើង ហើយចំណីគោ ជាផ្នែកសំខាន់ណាស់ក្នុងការចិញ្ចឹមគោយកទឹកដោះ”។
ទាំងរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងសហស្ថាបនិកក្រុមហ៊ុន ខ្មែរ ហ្វ្រេសមៀល សុទ្ធបញ្ជាក់ដូចគ្នាថា ការវិនិយោគលើការចិញ្ចឹមគោយកទឹកដោះប្រកបដោយស្ដង់ដារអន្ដរជាតិ គឺលំបាកធ្វើណាស់សម្រាប់អាជីវកម្មខ្នាតតូច។ ប៉ុន្ដែប្រជាពលរដ្ឋ ឬសហគមន៍កសិកម្ម អាចចងក្រងបង្កើតឲ្យមានក្រុមកសិករដាំស្មៅផលិតតចំណីគោដែលជាវត្ថុធាតុដើមយ៉ាងសំខាន់សម្រាប់សង្វាក់ផលិតកម្មនេះ។
ឯកឧត្ដមរដ្ឋមន្ដ្រី ឌិត ទីណា ក៏ណែនាំឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន សហការជាមួយប្រជាពលរដ្ឋ និងសហគមន៍កសិកម្មក្នុងតំបន់ក្បែរកសិដ្ឋាន ត្រូវរួមគ្នាធ្វើ ដើម្បីចម្រើកចម្រើនទាំងអស់គ្នា។ លោកថា ដើម្បីអាចធ្វើការជាមួយគ្នាបានរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ឬសហគមន៍ដាំស្មៅ គឺត្រូវផ្ដើមចេញពីការកសាងទំនុកចិត្ដ៕