• 2023-05-15 01:51:27
  • ព័ត៌មាន

វគ្គបណ្តុះបណ្តាលស្តីពី «ការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មគ្រឿងស្រវឹងក្លែងក្លាយនៅកម្ពុជា»

  • 2023-05-15 01:51:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី ១២​ ខែឧសភា ឆ្នាំ២០២៣​ អគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង​ និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយអង្គការ Asia Pacific International Spirits and Wine Alliance (APISWA) និងសមាគមអ្នកនាំចូល និងចែកចាយស្រាបៀរ និងស្រា (WSBIDA) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រយុទ្ធប្រឆាំងនឹងការធ្វើពាណិជ្ជកម្មគ្រឿងស្រវឹងក្លែងក្លាយនៅកម្ពុជា សម្រាប់បណ្តុះបណ្តាលដល់មន្ត្រីស៊ើបអង្កេតចំនួន ១២០ រូប របស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលសុទ្ធសឹងជាប្រធាន និងអនុប្រធានសាខា ក.ប.ប. តាមបណ្តារាជធានី-ខេត្ត។

វគ្គបណ្តុះបណ្តាលនេះទទួលបានការបណ្តុះបណ្តាលពីជំនាញការដែលអញ្ជើញមកពី Alliance Against Counterfeit Spirits (AACS) នឹងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងរបស់សមាគមធុរកិច្ច ព្រមទាំងអស់លោក លោកស្រី តំណាងចែកចាយ និងម្ចាស់ម៉ាក់យីហោស្រាល្បីៗនៅកម្ពុជា។

ការធ្វើពាណិជ្ជកម្មមិនសុចរិត បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ទឹកប្រាក់ចំនួន ២.២ ទ្រីលានដុល្លារសហរដ្ឋអាមេរិក តាមរយៈការទាញយកផលចំនេញពីការធ្វើពាណិជ្ជកម្មដោយស្របច្បាប់ ដែលជាហេតុនាំឱ្យ រដ្ឋាភិបាលនៃប្រទេសជាច្រើនក្នុងពិភពលោកខាតបង់ចំណូលដើម្បីធ្វើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈសំខាន់ៗ បានជះឥទ្ធិពលដល់ការងារស្របច្បាប់រាប់លាន ព្រមទាំងជម្រុញឱ្យមានឧក្រិដ្ឋកម្មកើតឡើង ហើយបានធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី រួមជាមួយការប៉ះពាល់ដល់សុខមាលភាពប្រជាជនទាំង មូល។ ការជួញដូរគ្រឿងស្រវឹងខុសច្បាប់គឺមានតួលេខខ្ពស់ក្នុងអត្រានៃការទទួលទានគ្រឿងស្រវឹង។

យោងតាមទិន្នន័យនៃការសិក្សារជាសកលលើការជួញដូរគ្រឿងស្រវឹងខុសច្បា់របស់ Euromonitor ក្នុងឆ្នាំ២០១៨ ១ភាគ៤ នៃផលិតផលគ្រឿងស្រវឹង គឺខុសច្បាប់ ដែលវាស្មើនឹង ២៦% នៃការបរិភោគគ្រឿងស្រវឹងទូទាំងពិភពលោក។ក្នុងអាស៊ាន ទីផ្សារគ្រឿងស្រវឹងដែលមិនត្រូវបានកត់ត្រាគឺមានចំនួន ៣២ % នៃតួលេខការប្រើប្រាស់គ្រឿង ស្រវឹងសរុប។ គ្រឿងស្រវឹងដែលមិនត្រូវបានកត់ត្រាគឺសំដៅដល់ គ្រឿងស្រវឹងដែលមិនមានទិន្នន័យច្បាស់លាស់ក្នុងការបង់ពន្ធ ឬបានលក់ក្នុងប្រទេសណាមួយដែលប្រើប្រាស់គ្រឿងស្រវឹងនោះ។

ក្នុងប្រទេសកម្ពុជា​ អង្គការសុខភាពពិភពលោកបានប៉ានប្រមាណថា ៤៣% នៃការប្រើប្រាស់គ្រឿងស្រវឹងគឺមិនត្រូវបានកត់ត្រាឡើយ។​បញ្ហាប្រឈមនៃការប្រើប្រាស់គ្រឿងស្រវឹងក្លែងក្លាយគឺលេចរូបរាងឡើងនៅគ្រប់បណ្តាប្រទេសទាំងអស់ក្នុងតំបន់អាស៊ាន ប៉ុន្តែចរិកលក្ខណៈនៃការប្រើប្រាស់គ្រឿងស្រវឹងក្លែងក្លាយអាចមានភាពខុសគ្នាទៅតាមទីផ្សារនៃប្រទេសនីមួយៗ ដែលជាទូទៅអាចកើតឡើងក្នុងទម្រង់ជា ផលិតផលក្លែងក្លាយ ការលួចលាក់នាំចូល សិប្បកម្មផលិតមិនស្របច្បាប់ និងការមិនបង់ពន្ធជូនរដ្ឋជាដើម។

ផលិតផលគ្រឿងស្រវឹងក្លែងក្លាយ បានធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ រដ្ឋបាត់បង់ចំណូលពន្ធ ព្រមទាំងបង្កឱ្យមាបញ្ហាប្រឈមជាច្រើនដល់សេដ្ឋកិច្ច និងសង្គម។ ផ្អែកតាមរបាយការណ៏ស្តីពី «ឆ្ពោះទៅកាន់សហគមន៍អាស៊ាន៖ ការប្រយុទ្ធប្រឆាំងនឹងគ្រឿងស្រវឹងក្លែងក្លាយនៅអាស៊ីអាគ្នេយ៍ ២០២២» ការបង្កើនកិច្ច និងការកំណត់ទិសដៅច្បាស់លាស់គឺជាចំណុចអាទិភាពមួយក្នុងាការទប់ស្កាត់ការជួញដូរទំនិញក្លែងក្លាយ។

វគ្គបណ្តុះបណ្តាលនាថ្ងៃនេះសម្រាប់មន្ត្រីស៊ើបអង្កេតរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលអញ្ជើញមកពីបណ្តា រាជធានីខេត្ត គឺបានផ្តល់នូវទិដ្ឋភាពរួមមួយក្នុងការពង្រឹងកិច្ចសហការក្នុងការទប់ស្កាត់ការជួញដូរគ្រឿងស្រចឹងក្លែងក្លាយនៅក្នុងតំបន់អាស៊ាននិយាយជារួម និងក្នុងប្រទេសកម្ពុជានិយាយឡែក។ ក្នុងនោះផងដែរ អ្នកចូលរួមទាំងអស់នឹងទទួលបានឱកាសក្នុងការចែករំលែកគំនិតយល់ដឹងរបស់ខ្លួនអំពីការអនុវត្តការងារប្រចាំថ្ងៃ​ ព្រមទាំងមានលទ្ធភាពក្នុងការចែករំលែកបទពិសោធន៍ នឹងអាចស្វែងយល់ជាក់ស្តែងអំពីភាពខុសគ្នារវាងផលិតផលពិត និងផលិតក្លែងក្លាយតាមរយៈស្តង់អនុវត្តផ្ទាល់ដែលបានរៀបចំក្នុងវគ្គបណ្តុះបណ្តាលនេះ។

វគ្គបណ្តុះបណ្តាលនាថ្ងៃនេះ គឺជាកិច្ចសហការក្នុងជំហានដំបូងរវាងអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ជាមួយនឹង​ APISWA ក៏ដូចជា WSBIDA ហើយកិច្ចសហប្រតិបតិ្តប្រភេទនេះនឹងបន្តកើតមាននាអនាគត។

មតិយោបល់