• 2023-06-16 03:08:11
  • ព័ត៌មាន

សម្រេចបង្កើត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ» ក្រោយប្រទេស​ជា​ច្រើន មិនឲ្យ​នាវាទេសចរណ៍ WESTERDAM ចូលចត

  • 2023-06-16 03:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីកើតមានករណីប្រទេសមួយចំនួនមិនព្រមទទួលសង្គ្រោះភ្ញៀវទេសចរលើនាវាទេសចរណ៍ MS WESTERDAM ដែលជាប់នៅលើមហាសាគរកាលពីអំឡុងឆ្នាំ២០២០ អង្គការទេសចរណ៍ពិភពលោក (UNWTO) ក៏បានសម្រេចរៀបចំបង្កើត និងអនុម័ត «ក្រមអន្តរជាតិស្ដីពីការការពារទេសចរ ឬ International Code for Protection of Tourists» ដើម្បីឱ្យប្រទេសជាសមាជិកបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ។

នៅក្នុងកិច្ចប្រជុំរួមនៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោកលើកទី៣៥ អង្គការពិភពលោកនេះបានប្រកាសអនុម័តលើក្រមអន្តរជាតិស្ដីពីការការពារទេសចរជាធរមាន ក្នុងនោះលោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashivili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក បានបញ្ជាក់ថា ការរៀបចំបង្កើត និងអនុម័តក្រមអន្តរជាតិស្ដីពីការការពារទេសចរនេះ គឺមានគោលបំណងដើម្បីបង្កើនទំនុកចិត្តចំពោះភ្ញៀវទេសចរ និងជំរុញការធ្វើដំណើររបស់ទេសចរនៅទូទាំងពិភពលោក។

កម្ពុជាជាប្រទេសទី១ដែលបានចុះហត្ថលេខាទទួលស្គាល់ និងអនុវត្តក្រមអន្តរជាតិស្ដីពីការការពារទេសចរមួយនេះ បន្ទាប់មកក៏មានប្រទេសជាសមាជិកបន្តបន្ទាប់។ ការចុះហត្ថលេខាទទួលស្គាល់នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

ពាក់ព័ន្ធនឹងការការពារទេសចរនេះដែរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យនាវាទេសចរណ៍ MS WESTERDAM ចូលចតនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយសង្គ្រោះអាយុជីវិតទេសចរអន្តរជាតិប្រមាណ២០០០នាក់។

ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងអំណរគុណចំពោះលោក ហ្សូរ៉ាប ប៉ូឡូលីកាស្វីលី (Zurab Pololikashivili) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ដែលបានធ្វើលិខិតគាំទ្រ និងកោតសរសើរកម្ពុជាចំពោះករណីនាវាទេសចរណ៍ MS WESTERDAM ដែលធ្វើឱ្យបណ្តាប្រទេសជុំវិញពិភពលោកកាន់តែស្គាល់ និងចាត់ទុកកម្ពុជាជា «ប្រទេសតូច ប៉ុន្តែមានចិត្តទូលាយ»។

ឯកឧត្តម ជុក ជំនោរ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ការរៀបចំក្រមអន្តរជាតិនេះ គឺផ្តើមចេញពីការវាយតម្លៃខ្ពស់របស់អង្គការទេសចរណ៍ពិភពលោក និងប្រទេសសមាជិកចំពោះប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ-១៩ នាពេលកន្លងមក ពិសេសគឺកាលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ MS WESTERDAM​ ចូលចតនៅក្រុងព្រះសីហនុ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជួយសង្គ្រោះអាយុជីវិតទេសចរអន្តរជាតិប្រមាណ២០០០នាក់ ដែលនៅជាប់គាំងនៅលើនាវាកណ្តាលផ្ទៃសមុទ្រ៕ (អត្ថបទ ៖ ក្រសួងទេសចរណ៍)

អត្ថបទ៖ ទារិកា

មតិយោបល់