• 2023-09-25 07:22:07
  • សេដ្ឋកិច្ច

កម្ពុជា បង្ហាញសក្ដានុពល និងឱកាសធ្វើវិនិយោគ ស្របពេល ក្រុមហ៊ុនរបស់អ៊ឺរ៉ុប សម្លឹងឃើញតែប្រទេស ៤ ក្នុងតំបន់អាស៊ី

  • 2023-09-25 07:22:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា គ្រោងបង្ហាញសក្ដានុពល និងឱកាសធ្វើធុរកិច្ចថ្មីៗដល់ក្រុមហ៊ុន និងអ្នកវិនិយោគធំៗរបស់អ៊ឺរ៉ុបឲ្យក្រឡេកមើលឱកាសនៅកម្ពុជា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច កម្ពុជា-អាស៊ាន រយៈពេល ២ថ្ងៃ នាចុងខែនេះ។

ក្នុងពេលដែលបណ្ដាក្រុមហ៊ុន និងអ្នកវិនិយោគធំៗរបស់អ៊ឺរ៉ុប រួមទាំងសហរដ្ឋអាមេរិកផង កំពុងផ្ដោតលើការវិនិយោគនៅប្រទេសចំនួន៤ ដែលជាសមាជិកអាស៊ាន គឺវៀតណាម ថៃ ម៉ាឡេស៊ី និងសង្ហបុរី កម្ពុជាក៏មានសក្ដានុពល និងឱកាសវិនិយោគដែរ ប៉ុន្ដែបណ្ដាក្រុមហ៊ុនទាំងនោះនៅមើលឃើញឱកាសតិចតួចនៅឡើយក្នុងការបណ្ដាក់ទុននៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់ សភាពាណិជ្ជកម្មអ៊ឺរ៉ុបនៅកម្ពុជា។

អនុប្រធានក្រុមប្រឹក្សាធុរកិច្ច សហភាពអ៊ឺរ៉ុប-អាស៊ាន លោក តាស៊ីឡូ ប៊្រីនហ្ស័រ(Tassilo Brinzer) មានប្រសាសន៍ថា ក្រុមហ៊ុនល្បីៗរបស់អ៊ឺរ៉ុបចំនួន ២៥០ ក្រុមហ៊ុន កំពុងប្រតិបត្ដិការវិនិយោគលើវិស័យធនាគារ សណ្ឋាគារ ភោជនីយដ្ឋាន និងព្រលានយន្ដហោះ ដោយតំបន់វិនិយោគច្រើននៅរាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។

ទោះជាយ៉ាងណា លោក តាស៊ីឡូ ថាកម្ពុជាចង់ឃើញការកើនឡើង នៃក្រុមហ៊ុន ឬអ្នកវិនិយោគធំៗច្រើនជាងនេះទៀត ដោយលោកបញ្ជាក់ថា ការបាត់GSP និងEBA ២០% មិនមែនជាបញ្ហាចោទធ្វើឲ្យវិស័យធុរកិច្ចនៅកម្ពុជារាំងស្ទះនោះទេ។ ទន្ទឹមគ្នានេះ កម្ពុជាក៏អាចស្នើសុំ GSP+ ដែលជាច្រកនាំចេញដោយពុំមានរបាំងពន្ធថ្មីមួយទៀត ដើម្បីបង្ករភាពងាយស្រួលដល់អ្នកនិនិយោគ ហើយកន្លងទៅបើទោះបីជាបាត់ EBA ក៏ចំនួនផលិតផលវាយនភណ្ឌនាំចេញមានការកើនឡើង ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមិនស្ថិតនៅទ្រឹងទេ។

ក្រៅពីអនុប្រធានក្រុមប្រឹក្សាធុរកិច្ច សហភាពអ៊ឺរ៉ុប-អាស៊ាន រូបនេះ នៅក្នុងសន្និសីទសារព័ត៌មាននាភោជនីយដ្ឋាន TOPAZ រាជធានីភ្នំពេញ ក៏មានតំណាងអនុព័ន្ធ និងក្រុមហ៊ុនអ៊ឺរ៉ុបមួយចំនួនទៀតដែរ បានចូលរួមពន្យល់ និងបង្ហាញពីសេចក្ដីព្រាងលើកិច្ចប្រជុំកំពូលធុរកិច្ច កម្ពុជា-អាស៊ាន នៅថ្ងៃទី២៨ និង២៩ ខែកញ្ញា ឆ្នាំ២០២៣។

កិច្ចប្រជុំកំពូលធុរកិច្ច កម្ពុជា-អាស៊ាន នឹងធ្វើឡើងរយៈពេល ២ថ្ងៃ នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី និងសណ្ឋាគារកោះពេជ្រ ក្រោមវត្ដមានរបស់រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុន្នីរ័ត្ន និងរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម ចម និមល។ នៅចុងក្រោយ នៃកិច្ចប្រជុំនោះ គណៈប្រតិភូជាតិ និងអន្ដជាតិ ក៏នឹងពេលធ្វើទស្សនកិច្ចនៅជុំវិញរាជធានីភ្នំពេញ ដែលជាបេះដូងសរដ្ឋកិច្ចមួយរបស់កម្ពុជា៕

ជិន សុភ័ក្ដ្រ

មតិយោបល់