• 2023-10-05 10:05:27
  • សេដ្ឋកិច្ច

វាគ្មិនឆ្នើម ៣រូប បង្ហាញវត្ដមាន ក្នុងកម្មវិធី “GIVE A DAY” នៅថ្ងៃនេះ បំផុសគំនិតអាជីវកម្មជោគជ័យល្អៗ

  • 2023-10-05 10:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី “ជួបជុំគ្នា ១ថ្ងៃ” ឬ Give a day របស់សហគ្រិនខ្មែរ ត្រូវបានរៀបចំឡើងដូចការគ្រោងទុក នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នេះ ក្រោមវត្ដមានវាគ្មិនសំខាន់ៗ ៣រូប ពីក្រុមហ៊ុនដែលមានសក្ដានុពលនៅកម្ពុជា គឺក្រុមហ៊ុន Angkor green ក្រុមហ៊ុនផលិតទឹកដោះគោស្រស់ Kirisu និង Brown coffe។

កិច្ចពិភាក្សា និងការបំផុសគំនិតអាជីវកម្មថ្មីៗ បានដំណើរការរយៈពេលជិត ៣ម៉ោង ក្រោមក្រសែភ្នែកសហគ្រិនខ្មែរ និងបរទេសប្រមាណ ១០០នាក់។ មុនឆ្លើយសំណួរខ្លឹមៗចំនួន ១៦សំណួរ ពីអ្នកចូលរួម វាគ្មិនពីក្រុមហ៊ុនAngkor green លោក ចាន់ សុភ័ក្ដ្រ លោក ជី សិលា ពីក្រុមហ៊ុន Kirisu និងលោក ឆាង ប៊ុនលាង បានបង្ហាញបទពិសោធន៍ដំណើរការអាជីវកម្មផ្ទាល់ខ្លួនរហូតបានជោគជ័យ និងមានការគាំទ្រច្រើនពីមហាជន។

លោក ជី សិលា បានក្លាយជាវាគ្មិនត្រូវអ្នកចូលរួម និងពិធីករ-ពិធីការិនី បាញ់ឆ្ពោះសំណួរ ព្រមទាំងជជីកសួរនូវសំណួរដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនក្នុងចំណោមវាគ្មិន ២រូបផ្សេងទៀត។ លោករំលឹកថា មុនចូលខ្លួនវិនិយោគលើការផលិតទឹកដោះគោស្រស់ លោកធ្លាប់ជាកុមារដែលឃ្លានញ៉ាំតែទឹកដោះគោ ហើយប្រាថ្នាចង់ញ៉ាំវារហូត ទើបបច្ចុប្បន្នលោកខ្នះខ្នែងបង្កើតផលិតផលខ្មែរ ហើយមានប្រេនជាខ្មែរ ជាមួយគុណភាពទឹកដោះគោដ៏ល្អ សម្រាប់អតិថិជនគ្រប់រូប ជាពិសេសក្មេងៗដែលជាផ្នែកជួយផ្ដល់ជាអាហារូបត្ថម្ភដល់ពួកគេ។

លោក ជី សិលា បញ្ជាក់ថា ក្រៅតែពីគិតរឿងជោគជ័យ ឬភាពរីកចម្រើនក្នុងអាជីវកម្មនីមួយៗ ម្ចាស់អាជីវកម្មក៏គួរគិតពីសុខដុមរម្យនារបស់ប្រជាជន និងបរិស្ថានទូទៅដែរ។ ដូច្នេះការផ្ដល់សេវាកម្ម និងការផ្គត់ផ្គង់ផលិតផលដែលមានគុណភាព សុវត្ថិភាពយូរអង្វែង គឺជាទំនុកចិត្ដរបស់មហាជន ហើយអាជីវកម្មនឹងកាន់តែរីកចម្រើន។

ដោយគិតគូពីសុខភាព និងភាពរីកចម្រើនក្នុងអាជីវកម្មផង អគ្គនាយកក្រុមហ៊ុន Angkor Green លោក ចាន់ សុភ័ក្ដ្រ ក៏បានលើកឡើងស្រដៀងគ្នានេះដែរ។ លោកថា ក្រុមហ៊ុនលោកបានបង្កើតភាពអស្ចារ្យមួយ ដោយមិនចាញ់ផលិតផលនាំចូលពីប្រទេសជិតខាងឡើយ គឺម៉ាស៊ីនបាញ់ថ្នាំដំណាំដែលចំណាយពេលខ្លី មានប្រសិទ្ធិភាពខ្ពស់ ហើយមិនប៉ះពាល់ដល់សុខភាពកសិករ។ ក្រៅពីផ្ដល់សេវាជាច្រើន និងដោយផ្ទាល់ជាមួយកសិករតាមបណ្ដាខេត្ដ ក្រុមហ៊ុនលោកក៏បានផ្ដល់វគ្គសិក្សា និងបណ្ដុះគំនិតក្នុងការធ្វើអាជីវកម្មដល់ពួកគាត់ឲ្យរីកចម្រើនទៅមុខដូចក្រុមហ៊ុនដែរ។

ចំណែកវាគ្មិនដ៏គួរឲ្យចាប់អារម្មណ៍មួយរូបទៀត គឺសហស្ថាបនិក Brown coffee លោក ឆាង ប៊ុនលាង ថ្លែងថា ចាប់តាំងពីឆ្នាំ២០០៩ ទីផ្សារកាហ្វេមានការប្រកួតប្រជែងគ្នាខ្លាំងណាស់ ជាពិសេសលើរសជាតិកាហ្វេ។ ទន្ទឹមគ្នានោះ ក្រុមហ៊ុនលោកក៏បានអភិវឌ្ឍនូវចំណុចថ្មីៗ ដោយបន្ថែមលើការផ្ដោតខ្លាំងលើរសជាតិ ក៏ក្រុមហ៊ុនក៏គិតគូរឿងបរិស្ថាន និងការតុបតែងហាងផងដែរ។

សូមបញ្ជាក់ថា សហគ្រិនខ្មែរ បានរៀបចំកម្មវិធី “Give a day” នៅការិយាល័យសហគ្រិនខ្មែរ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ កម្មវិធី ក៏មានបំណងសំខាន់ឲ្យសហគ្រិន បានជួបជជែកផ្លាស់ប្ដូរបទពិសោធន៍គ្នា ព្រមទាំងទទួលបានបទពិសោធន៍អនុវត្ដជាក់ស្ដែងលើសង្វាក់ផលិតកម្មដ៏ធំពីក្រុមហ៊ុនដ៏លេចធ្លោរនៅកម្ពុជាទាំងបី។ បន្ថែមលើនេះ ប្រិយមិត្ដ ជាពិសេសសហគ្រិន អាចនឹងទទួលបានផ្ដត់គំនិតចែករំលែកថ្មីៗ ពីវាគ្មិនទាំង ៣រូប ដែលSabay នឹងចេញវីដេអូសង្ខេបខ្លឹមសារទាំងនោះជាបន្ដបន្ទាប់៕

ជិន សុភ័ក្ដ្រ

មតិយោបល់