• 2024-02-06 06:20:01
  • ព័ត៌មាន

ក្រសួងសង្គមកិច្ច លើកបញ្ហាប្រឈម ៤ ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងដោះស្រាយ

  • 2024-02-06 06:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ ដែលធ្វើឡើងនៅថ្ងៃទី៥ និងទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ថាក្រសួងបានសម្រេចនូវការងារចម្បងៗជាច្រើន ជាពិសេសលើការងារគាំពារសង្គម។ ទន្ទឹមគ្នានេះ ក្រសួងក៏ជួបនូវបញ្ហាប្រឈមមួយចំនួនដែលត្រូវស្នើសុំគោលនយោបាយអនុវត្ដបន្ថែមពីប្រមុខរាជរដ្ឋាភិបាលអាណត្ដិទី៧។

រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានស្នើសុំដោះស្រាយ និងកែសម្រួលបញ្ហាប្រឈមមួយចំនួន តាមរយៈសេចក្ដីរាយកាណ៍របស់ខ្លួនទៅកាន់ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃបិទបញ្ចប់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ កាលពីព្រឹកមិញនេះចំនួន ៤ចំណុចធំៗ។

ទី១ ស្នើសុំរាជរដ្ឋាភិបាល បង្កើនរបបហូបចុកសម្រាប់ជនរងគ្រោះស្នាក់នៅមណ្ឌលរដ្ឋពី៥០០០រៀល ទៅ១២,០០០រៀល សម្រាប់ជនរងគ្រោះម្នាក់ ក្នុង១ថ្ងៃ ដើម្បីឆ្លើយតបទៅនឹងតម្លៃទំនិញលើទីផ្សារ និងកញ្ចប់ថវិកាសម្រាប់គាំទ្រដំណើរការគ្រប់គ្រងករណីជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជនអនាថា កុមាររងគ្រោះ និងកុមារដែលត្រូវចាត់ទុកក្នុងទម្រង់ថែទាំដោយសាច់ញាតិ និងគ្រួសារក្នុងសហគមន៍។

ទី២ ស្នើសុំបង្កើនរបបគោលនយោបាយចំពោះជនមានពិការភាពក្រីក្រនៅតាមសហគមន៍ សម្រាប់អាហារក្នុងអំឡុងពេលមកទទួលសេវាក្នុង១ថ្ងៃ ពីអត្រា៣០០០រៀល ទៅ១០០០០រៀល និងប្រាក់សោហុយធ្វើដំណើរមកទទួលសេវាស្ដារលទ្ធភាពពលកម្មពីអាត្រា១០០០០រៀល ទៅ២០០០០រៀល ឲ្យបានសមស្របទៅតាមស្ថានភាពសង្គម សេដ្ឋកិច្ច។

ទី៣ ស្នើសុំកែសម្រួល និងបង្កើតមណ្ឌលសំចតសង្គមកិច្ចនៅថ្នាក់តំបន់ ដើម្បីគ្រប់គ្រង និងដោះស្រាយបញ្ហាជនអណាថា និងជនរងគ្រោះនានា។ ទី៤ ស្នើសុំបង្កើនចំនួនកម្លាំងសេវាសង្គមនៅរដ្ឋបាលឃុំ/សង្កាត់ ដើម្បីផ្ដល់សេវាសង្គមកិច្ច និងជំនួយសង្គមប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសឲ្យសមាមាត្រនឹងចំនួនប្រជាជន និងស្របតាមស្ដង់ដារវិជ្ជាជីវៈសង្គមកិច្ច។

តាមការសិក្សាថ្មីមួយដែលបានលើកឡើងដោយរដ្ឋមន្ដ្រី ជា សុមេធី បច្ចុប្បន្ននៅកម្ពុជាមានកម្លាំងសេវាសង្គមកិច្ច ១នាក់ ត្រូវផ្ដល់សេវាជូនប្រជាជនប្រមាណ ១២,៥០០នាក់ ខណៈដែលប្រទេសក្នុងសមាគមអាស៊ាន និងប្រទេសមួយចំនួនក្នុងពិភពលោក មានកម្លាំងផ្ដល់សេវាសង្គម ១នាក់ ត្រូវផ្ដល់សេវាជូនប្រជាជនប្រមាណ ៣,៥០០នាក់៕

ជិន សុភ័ក្ដ្រ

មតិយោបល់