• 2024-09-13 12:44:07
  • ព័ត៌មាន

ស្រីលង្កា​ផាក​បុរស​អ៊ីតាលី​២នាក់​ចំនួន ២០ម៉ឺន​ដុល្លារ​ពី​បទ​លួច​មេអំបៅ

  • 2024-09-13 12:44:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ស្រីលង្កា​​ផាក​ពិន័យ​បុរស​ជនជាតិ​អ៊ីតាលី​២នាក់ ដែល​ជា​ឪពុក និង​កូន​ចំនួន ២០ម៉ឺន​ដុល្លារ​អាមេរិក ដោយ​បុរស​ទាំង​២រូប​នេះ​ប៉ុនប៉ង​លួច​យក​ពូជ​សត្វ​ល្អិតកម្រ​រាប់​រយ​ក្បាល ដោយ​រួមមាន​ទាំង​មេអំបៅ​ចំនួន ៩២ប្រភេទ ចេញ​ពី​ឧទ្យាន​ជីវៈចម្រុះ​របស់​ប្រទេស​នេះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC។

លោក Luigi Ferrari និងកូនប្រុស​

បុរស​ជនជាតិ​អ៊ីតាលី​ទាំង​២រូប​នោះ​មាន​ឈ្មោះ Luigi Ferrari អាយុ ៦៨ឆ្នាំ និង​កូន​ប្រុស​របស់​លោក Mattia​ Ferrari អាយុ ២៨ឆ្នាំ។ តាម​ពិត​ទៅ​បុរស​ទាំង​ពីរ​រូប​នេះ​បាន​មក​វិស្សមកាល​នៅ​ស្រីលង្កា​ តែ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ ដោយ​ឆ្មាំ​ឧទ្យានជាតិ Yala ដែល​ជា​សួនសត្វ​ដ៏​ល្បី​មួយ​របស់​ប្រទេស​ស្រីលង្កា។

នៅ​ថ្ងៃ​កើត​ហេតុ​នោះ ឆ្មាំ​នៃ​ឧទ្យាន​ជាតិ​ខាង​លើ​បាន​ឃើញ​បុរស​ទាំង​២នេះ​ចត​ឡាន​ចោល​នៅ​ក្នុង​ឧទ្យាន​ជាតិ ហើយ​ដើរ​ចាប់​សត្វ​ល្អិត។​ នៅ​ក្នុង​ឡាន​នោះ​ សមត្ថកិច្ច​បាន​រក​ឃើញ​ថា បុរស​អ៊ីតាលី​ទាំង២នេះ​មាន​ក្រឡ​សត្វ​ល្អិត​ចំនួន​រាប់រយ​ឯណោះ។

លោក Luigi Ferrari

បើ​តាម​ការ​ស៊ើបអង្កេត​បាន​ឱ្យ​ដឹង​ថា បុរស​ទាំង​ពីរ​នេះ​បាន​ព្យាយាម​ចាប់​សត្វ​ល្អិត​ទាំង​អស់​នោះ ហើយ​គ្រោង​នឹង​ប្រើប្រាស់​ក្រមួន ដើម្បី​រក្សា​ទុក​សាកសព​សត្វ​ទាំង​នោះ។

នៅ​ក្នុង​ខែ​កញ្ញា​នេះ តុលាការ​ស្រីលង្កា​បាន​កាត់​ទោស​អ្នក​ទាំង​ពីរ​ ដោយផាក​ពិន័យ ២០ម៉ឺន​ដុល្លារ ហើយ​ប្រសិន​បើ​មិន​បង់​ថ្លៃ​ពិន័យ​រហូត​ដល់​ថ្ងៃទី២៤ ខែកញ្ញា​នោះ​ទេ អ្នកទាំង​ពីរ​នឹង​ជាប់​ពន្ធនាគារ​រយៈពេល២ឆ្នាំ៕

ប្រភព៖ BBC អត្ថបទ៖ សេរី មង្គល

មតិយោបល់