- 2024-10-22 07:18:08
- សេដ្ឋកិច្ច
ឧកញ៉ា ហ៊ួត ជា អះអាងថាអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ ជំពាក់លុយមិនសង ហើយប្តឹងលោកថែមទៀត
- 2024-10-22 07:18:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ា ហ៊ួត ជា អះអាងថាអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ ជំពាក់លុយមិនសង ហើយប្តឹងលោកថែមទៀត
ចន្លោះមិនឃើញ
លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប កាលថ្ងៃទី២១ ខែតុលា បានបង្ហើបថា អ្នកមានកំពូលម្នាក់មានងារជា "អ្នកឧកញ៉ា" ដែលជាម្ចាស់គម្រោងសាងសង់ដ៏ធំមួយនៅរាជធានីភ្នំពេញ បានទិញការ៉ូពីលោកជាច្រើនមិនទាន់សងប្រាក់គ្រប់ចំនួនផង ហើយថែមទាំងប្តឹងលោកទៀត។
តាមរយៈការ Live បកស្រាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន នាព្រលប់ថ្ងៃច័ន្ទ លោកឧកញ៉ា ហ៊ួត ជា អះអាងថាក្នុងបទពិសោធន៍ជាអ្នករកស៊ីជាង ១៤ឆ្នាំមកនេះ និងមានសាខាធំៗជាង ៥០ ទូទាំងប្រទេស លោកតែងតែប្រកាន់គោលការណ៍ស្មោះត្រង់ជានិច្ចជាមួយអតិថិជន។
ទោះយ៉ាងណា រយៈពេល១ឆ្នាំមកនេះ លោកបានជួបរឿងមួយ ដែលមានអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ នៅរាជធានីភ្នំពេញ បានទិញការ៉ូពីក្រុមហ៊ុនលោក ដោយផ្តល់សែកឱ្យ ៣០% ហើយលោកក៏បានតម្កល់សែកឱ្យវិញផងដែរ ព្រមទាំងមានកិច្ចសន្យាច្បាស់លាស់ថែមទៀត។
សម្រាប់ទឹកប្រាក់ ៣០% លោកឧកញ៉ា ហ៊ួត ជា បានយកទៅប្រើប្រាស់សម្រាប់បញ្ជារទិញពីរោងចក្រក្រៅប្រទេស ហើយលោកថែមទាំងចំណាយលុយបន្ថែមទៀត សម្រាប់ថ្លៃដឹកជញ្ជូនតាមកប៉ាល់ និងដឹកជញ្ជូនទៅដាក់តាមទីតាំងការដ្ឋាន។ លោកឧកញ៉ា បន្តថា គិតទៅម្ចាស់គម្រោងនៅជំពាក់ប្រាក់លោកជាង ២ម៉ឺនដុល្លារទៀត ផ្ទុយទៅវិញអ្នកឧកញ៉ារូបនោះ មិនព្រមសងប្រាក់និងបានប្រើពាក្យសម្តីថា ការ៉ូគ្មានគុណភាព និងត្រូវជំពាក់ប្រាក់រូបគេវិញចំនួន ៣ម៉ឺនដុល្លារ រហូតចុងក្រោយដល់ជិត ១០ម៉ឺនដុល្លារ។
លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ លោកឧកញ៉ា ហ៊ួត ជា បានទទួលពាក្យបណ្តឹងមួយពីបទព្រហ្មទណ្ឌថែមទៀត។
ជាមួយនឹង Live នេះ លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិផងដែរថា៖ "អយុត្តិធម៌ម្ល៉េះលោកព្រះ ទិញការ៉ូអត់ទាន់សងលុយផងមកប្ដឹងម្ចាស់ការ៉ូអញ្ចឹង។ ស្គាល់គ្នាដែរនិយាយទៅកុំដល់ថ្នាក់ប្ដឹងផ្ដល់គ្នានោះ។ សព្វថ្ងៃនេះថ្នាក់ដឹកនាំខំកៀរគរអ្នកវិយោគទុនមករកស៊ីក្នុងប្រទេស ចុះបើក្មួយជាអ្នកវិនិយោគក្នុងស្រុក គួរតែថ្នាក់ដឹកនាំជួយដោះស្រាយនិងការពារផ្នែកច្បាប់ឱ្យបានល្អផងទៅ។ ថយមួយជំហានម្នាក់ៗ ដោះស្រាយគ្នាទៅកុំដល់ប្ដឹងផ្ដល់គ្នានោះអី"។
ស្រដៀងគ្នានឹងការលើកឡើងរបស់លោកជំទាវ ហ៊ុន ស៊ីណាត លោកជំទាវឧកញ៉ា នឹម វណ្ណៈ ក៏បានបញ្ចេញមតិផងដែរថា៖ "មានរឿងអីបង? ដោះស្រាយគ្នាសិនទៅបង តែបើគេប្តឹងបងត្រូវដោះស្រាយតាមច្បាប់"។
ទោះជាយ៉ាងណានេះគ្រាន់តែជាការអះអាង និងបកស្រាយពីភាគីម្ខាងប៉ុណ្ណោះ ខណៈដែលអត្ដសញ្ញាណភាគីម្ខាងទៀតមិនទាន់ត្រូវបានបញ្ចេញដោយលោកឧកញ៉ា ហ៊ួត ជា។ គិតត្រឹមរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នេះ Sabay មិនទាន់អាចទាក់ទងលោកឧកញ៉ា ហួត ជា និងភាគីជម្លោះ ដើម្បីសូមការពន្យល់បកស្រាយដោយផ្ទាល់បាននៅឡើយទេ៕