• 2025-04-07 06:14:12
  • ព័ត៌មាន

ទីក្រុងភ្នំពេញ នឹងមានសួនសាធារណៈ សាងសង់លើផ្ទៃដី ៧០​ហិកតា សម្រាប់ពលរដ្ឋ សម្រាកលំហែ

  • 2025-04-07 06:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានីភ្នំពេញនឹងត្រៀមដីប្រមាណ ៧០ហិកតានៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិ៍សែនជ័យ សម្រាប់ការអភិវឌ្ឍសួនសាធារណៈមួយ នេះបើតាមការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥នេះ។

ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពិធីសម្ពោធជាផ្លូវការនៃស្ពានអាកាសមរតកតេជោកម្ពស់ពីរជាន់ នៅតំបន់ក្បាលថ្នល់ ក្នុងរាជធានីភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សួនសាធារណៈដែលគ្រោងនឹងសាងសង់នេះនឹងបម្រើជាកន្លែងសម្រាប់ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញដើម្បីសម្រាកលំហែ ហាត់ប្រាណ និងចំណាយពេលវេលាដ៏មានអត្ថន័យជាមួយក្រុមគ្រួសារ។

សម្តេចបានបន្ថែមថា ក្រៅពីសម្រាប់ការកម្សាន្ត សួននេះត្រូវបានរំពឹងថានឹងក្លាយជាកន្លែងទាក់ទាញថ្មីមួយសម្រាប់ទេសចរក្នុងស្រុក និងអន្តរជាតិផងដែរ។ សម្តេចធិបតីបានបង្ហើបថា លោកធ្លាប់ទទួលបានការផ្តល់យោបល់ឱ្យបែងចែកដីនេះសម្រាប់ការអភិវឌ្ឍពាណិជ្ជកម្ម ដោយសារតម្លៃខ្ពស់របស់វា។ ទោះជាយ៉ាងណា លោកបានបដិសេធយោបល់នេះ ដោយសង្កត់ធ្ងន់លើចេតនារបស់លោកក្នុងការរក្សាទុកតំបន់នេះសម្រាប់ការប្រើប្រាស់សាធារណៈ និងផលប្រយោជន៍រយៈពេលវែងសម្រាប់សហគមន៍។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់រដ្ឋបាលខេត្តដទៃទៀតឱ្យយកគម្រូតាមខេត្តព្រះសីហនុ ដោយអភិវឌ្ឍសួនសាធារណៈសម្រាប់ផលប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន៕

អត្ថបទ ៖ គីម ណារ៉ាក់

មតិយោបល់
អត្ថបទថ្មី