• 2015-04-13 18:20:28
  • សេដ្ឋកិច្ច

តម្លៃ​សណ្ឋាគារ​​ ផ្ទះ​សំណាក់ ​នៅ​អង្គរ​សង្ក្រាន្ត​​

  • 2015-04-13 18:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាប់​ចាប់​ពី​សណ្ឋាគារ​លំដាប់​​​ផ្កាយ​ប្រាំ ​ ពិសេស​​ផ្ទះ​សំណាក់​​​​ធុន​ល្មម​​​ៗ​ទូទាំង​ក្រុង​សៀម​រាប​ គឺ​​ពេញ​ស្ទើរ​ តែ​រក​បន្ទប់​សេស​សល់​​ពុំ​មាន​ នៅ​ក្នុង​ឱកាស​ព្រឹត្តិការណ៍​​អង្គរ​សង្ក្រាន្ត​ ​ដែល​​ចាប់​ផ្ដើម​​​ពី​ថ្ងៃ​ស្អែក​​​នេះ​ទៅ​​។

 

អ្នក​​​ផ្ដល់​ព័ត៌មាន​អតិថិជន​សណ្ឋាគារ​សុខា ​ថា​ចំណោម​​​២៧៥​បន្ទប់​​នៃ​សណ្ឋាគារ​នេះ​​ គឺ​សេស​សល់​តិច​ណាស់។ ​​​បន្ទប់​ប្រភេទ​ Deluxe ​​បែរ​ទៅ​រក​ផ្លូវ​​​មាន​តម្លៃ ៨៥​ដុល្លារ​ក្នុង​១​​យប់​ ហើយ​បន្ទប់​​បែរ​​​ទៅ រក​​អាង​ទឹក​វិញ​គឺ​ ៩៥​​ដុល្លារ​​។ ទោះ​ជា​​ឱកាស​អង្គរ​សង្ក្រាន្ត ​ដែល​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​បុក​មក​ពី​គ្រប់​ទិសទី តែ​ស្ត្រី​អ្នក​ផ្ដល់​ព័ត៌មាន​​​ថា​តម្លៃ​នេះ​គឺ​ពុំ​បាន​ឡើង​ខុស​សព្វ​ដង​ទេ។ ផ្ទុយ​ទៅ​វិញ​តម្លៃ​នេះ​ថោក ព្រោះ​ថា​សណ្ឋាគារ​មាន​ ប្រូម៉ូសិន ​ពេញ​១​ខែ​មេសា ហើយ​​ហួស​ខែ​មេសា​តម្លៃ​នឹង​ឡើង​លើស​នេះ​តិច​តួច​។

 

ចុះ​ទៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៤​វិញ Angkor Villa Hotel ​ដែល​មាន​ទី​តាំង​​ធ្វើ​ប្រមាណ​១៥​នាទី​ដើម្បី​ទៅ​ដល់​អង្គរ​​នោះ​ បន្ទប់​​មាន​តម្លៃ​ចាប់​ពី​​៧៩​ដុល្លារ​ ដល់​​ ១៣៥​ដុល្លារ​ក្នុង​មួយ​យប់។

 

ផ្ទះ​សំណាក់​វិញ​ មួយ​​ចំនួន​បាន​បង្កើន​តម្លៃ​​ខ្លាំង ខ្លះ​តិច​តួច ហើយ​​ផ្ទះ​សំណាក់​ខ្លះ​ទៀត​ពុំ​បាន​​ឡើង​ថ្លៃ​ឡើយ។

 

 

ឆពណ្ណ៍ ម្ចាស់​ផ្ទះ​សំណាក់​ Happy ដែល​មាន​៣០​​បន្ទប់​​ ថា​​បន្ទប់​ម៉ាស៊ីន​ត្រជាក់​នៅ​ទី​នេះ​ថ្លៃ ១២​ដុល្លារ​ក្នុង​មួយ​​​យប់ ​តែ​​​​បន្ទប់​កង្ហារ​៩​ដុល្លារ។ ស្ត្រី​រូប​នេះ​ថា​ ៣០​​បន្ទប់​ដែល​មាន គឺ​​ពេញ​គ្មាន​សល់​ ដែល​ភាគ​ច្រើន​ជា​​​​​ក្រុម​ភ្ញៀវ​បរទេស ស្ទើរ​តែ​ទាំង​អស់​​។ ​ឆពណ្ណ៍ ថា​​​នេះ​ជា​​តម្លៃ​ទូទៅ​ គឺ​មិន​បាន​​ឡើង​នោះ​ទេ​ ហើយ​ផ្ទះ​សំណាក់​នេះ​តែង​​រក្សា​រក្សា​តម្លៃ​ធម្មតា​គ្រប់​​​ពេល​ទាំង​អស់​​។ «​​ឱកាស​អីចឹង​ៗ គេ​​មក​​លេង​ម្ដង បើ​យើង​ឡើង​ថ្លៃ​​​វា​លំបាក​ដែរ យើង​​រក​ស៊ី​យក​​ម៉ូយ​»។ ម្ចាស់​ផ្ទះ​សំណាក់​វ័យ​​២៥​ឆ្នាំ​ពន្យល់។

 

រី​​អ្នក​គ្រប់​គ្រង​ផ្ទះ​សំណាក់​​ ព្រហ្មរ័តន៍ ​វិញ​ក៏​បាន​ប្រាប់​ថា​​​បន្ទប់​ផ្ទះ​សំណាក់​​១៩​​បន្ទប់​ ត្រូវ​គេ​កក់​អស់​​​តាំង​ពី​ប្រមាណ​កន្លះ​ខែ​មុន​ចូល​ឆ្នាំ សម្រាប់​ប៉ុន្មាន​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​​វប្បធម៌​និង​កម្សាន្ត​ដ៏​ធំ​​​​នេះ​​។ អតិថិជន​ភាគ​ច្រើន​ជា​ប្រជាជន​ខ្មែរ។ ​បន្ទប់​នីមួយៗ​មាន​តម្លៃ​​ពី ១៧​ទៅ​២៥​ដុល្លារ​ក្នុង​​មួយ​យប់ គឺ​អាស្រ័យ​លើ​ទំហំ​បន្ទប់​តូច​ឬ​ធំ។ លោក មាង អ្នក​គ្រប់គ្រង​ថា​តម្លៃ​​នេះ​គឺ​ថ្លៃ​ជាង​ថ្ងៃ​ធម្មតា​តិច​តួច​​​។

 

 

ប៉ុន្តែ​ប្រជាពលរដ្ឋ​​ខ្លះ​​អះអាង​ថា​​ផ្ទះ​សំណាក់​មួយ​ចំនួន​បាន​​ឆ្លៀត​​ឱកាស​​​​កាប់​​​តម្លៃ​ខ្ពស់​ហួស​ហេតុ​​​ ​ក្នុង​​ឱកាស​ដែល​មនុស្សម្នា​សម្រុក​​ទៅ​លេង​​សៀម​រាប។ ​ផ្ទះ​សំណាក់​ខ្លះ​​ថ្លៃ​រហូត​ដល់​ ៤០​ទៅ​៥០​ដុល្លារ​ក្នុង​មួយ​​យប់​ក៏​មាន​ដែរ ហើយ​ភ្ញៀវ​មួយ​ចំនួនត្រូេះ​តែ​​​បង្ខំ​ចិត្ត​ស្នាក់នៅ ​​ដោយសារ​ពិបាក​រក​​​​​​៕

 

 

 

 

 

 

អត្ថបទ៖ ប៉ែន សុផាន់ណា​

​​

មតិយោបល់