• 2016-06-27 20:48:01
  • ព័ត៌មាន

ទិញ​សៀវភៅនេះ ១ ក្បាល ជួយ​អាហារ​ក្មេង​ម្នាក់​បាន ៣២ ពេល

  • 2016-06-27 20:48:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៀវភៅ​អាហារនៅ​កម្ពុជា ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Culinary Traditions of Cambodia មាន​លក់​​​​នៅ​តាម​បណ្ណាគារ និង​សណ្ឋាគារហើយ ខណៈ​ប្រាក់​បាន​ពី​ការ​លក់ នឹង​ចូល​ក្នុង​​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE ) ទាំងអស់។

 

លោក អ៊ុក សុវណ្ណ ប្រធាន​គម្រោង​ផលិត​សៀវភៅ នៃ​អង្គការ PSE បាន​ថ្លែង​ថា៖ "ទិញ​សៀវភៅ​នេះ​មួយ​ក្បាល ​ជួយ​អាហារ​ក្មេង​ម្នាក់​បាន ៣២ ពេល"។

 

 

ប្រធាន​គម្រោង​ផលិត​សៀវភៅ​ដដែល បាន​ឱ្យ​​ដឹង​ទៀតថា សៀវភៅ​នេះ​​មាន​មុខ​ម្ហូប​អាហារ​ខ្មែរ​ឆ្ងាញ់ៗ ៧០ មុខ ដែល​ពលរដ្ឋ​និយម​ទទួលទាន​ច្រើន ​នៅ​​​ក្នុង​ខេត្ត​ចំនួន ២២ ​របស់​កម្ពុជា តួយ៉ាង សម្លកកូរ ពង​ទា​កូន កង្កែប​បោក នំបញ្ចុក​ទឹកត្រី​ជូរអែម និងសម្ល​ការី​ត្នោត អាហារ​​ពេញ​និយម​នៅ​​ខេត្ត​កំពត​ជាដើម។ ​

លោក​បន្ត​ថា អ្នក​ដែល​ចង់​ទទួល​អាហារ នៅ​ស្រុក​កំណើត​​របស់​ខ្លួន អាច​ទិញ​សៀវភៅ​នេះ​ទៅ​មើល​បាន ព្រោះ​ជា​ប្រភេទ​អាហារ មិន​ពិបាក​​រក​គ្រឿងផ្សំ​ឡើយ ហើយ​សៀវភៅ​នេះ មិន​ត្រឹម​តែ​បង្ហាញ​​ខ្មែរ និង​បរទេស​ពី​មុខ​ម្ហូប​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្ហាញ​ពី​វប្បធម៌​ខ្មែរ នៃ​បណ្ដា​ខេត្ត​នីមួយៗ​ផង​ដែរ។

 

លោក​​ថ្លែង​ថា៖ "វា​មាន​លក្ខណៈ​ពិសេស​បី។ ទី១ យើង​បង្ហាញ​ឈ្មោះ​ម្ហូប​នីមួយៗ ទី២ យើង​ចង់​ក្រង​រូបមន្ត​សៀវភៅ ទី​៣ យើង​ភ្ជាប់​តំបន់​ធម្មជាតិ តំបន់​ទេសភាព នៅ​ខេត្ត​នីមួយៗ។ អ្នក (បរទេស)​ ដែល​ទិញ​សៀវភៅ​នេះ ដូច​បាន​មក​លេង​ប្រទេស​យើង​​អីចឹង តែ​មិន​មែន​អាហារ​ទាំង​ហ្នឹង ជា​អាហារ​អត្តសញ្ញាណ​របស់​ខេត្ត​​នីមួយៗ​ទេ គ្រាន់​តែ​ជា​​អាហារ​ដែល​គេ​ពេញ​និយមប៉ុណ្ណោះ"។

 

 

បើ​តាម​ការ​ឱ្យ​ដឹង​របស់ អ៊ុក សុវណ្ណ សៀវភៅ​នេះ​មាន​​លក់​នៅ​តាម​បណ្ណាគារ តាំង​​ពី​ខែឧសភា​ ឆ្នាំ​​ ២០១៦ មក​ម្ល៉េះ ដោយ​ក្នុង​មួយ​ក្បាល មាន​តម្លៃ ៤០ ដុល្លារអាមេរិក។ បច្ចុប្បន្ន​សៀវភៅ​បី​ភាសា ខ្មែរ អង់គ្លេស និង​បារាំង Culinary Traditions of Cambodia លក់​បាន​ជាង ២០០ ក្បាល​ហើយ។ នេះ​ជា​សៀវភៅ​ទី​២ របស់ PSE បន្ទាប់​ពី​សៀវភៅ "បង្អែម​នៅ​កម្ពុជា (Sweetest Cambodia)”៕

 
 
 

ចុចអាន៖ អ៊ុក វណ្ណដេ៖ “ខ្ញុំ​បង្រៀនអត់​យក​លុយ​ទេ ខ្ញុំ​យក​តែ​សំរាម​ប៉ុណ្ណោះ”

ចុចអាន៖ ត្រឹមម្នាក់​១០០រៀល សិស្ស​ក្រីក្រច្រើននាក់​​​​នឹង​​ទទួល​បាន​ការ​អប់រំ​ល្អ

 

អត្ថបទ៖ អ៊ុំ សុភក្តិ 

មតិយោបល់