
- 2016-09-22 18:23:04
- ជំនឿ
អាថ៌កំបាំងរូងភ្នំជីសូរ្យ ធ្លាយដល់ភ្នំស្រង់
- 2016-09-22 18:23:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងរូងភ្នំជីសូរ្យ ធ្លាយដល់ភ្នំស្រង់
ចន្លោះមិនឃើញ
រមណីយដ្ឋានភ្នំជីសូរ្យ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ពេញនិយមមួយប្រចាំខេត្តតាកែវ ស្ថិតនៅក្នុង ភូមិស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ មានចម្ងាយប្រហែល ៦២គីទ្បូមែត្រពីទីក្រុងភ្នំពេញ និង ២គីឡូម៉ែត្រ ហួសប្រាសាទនាងខ្មៅ ហើយបត់ឆ្វេង។
វាជាកន្លែងដែល ផ្ដល់នូវបរិយាកាសដ៏ល្អ ត្បិតអីនៅទីនេះមានសំណង់ចាស់ៗ ដែលមានតាំងពីដើមសតវត្សទី១១។ នៅលើភ្នំមួយមានប្រាសាទបូរាណមួយ រចនាបថធ្វើពីថ្មបាយក្រៀម និងថ្មភក់គួរឲ្យស្ញប់ស្ញែង។ ប្រាសាទនៅលើកំពូលភ្នំនេះមានឈ្មោះថា " ប្រាសាទភ្នំជីសូរ្យ" ត្រូវបានសាងសង់ឡើង ដោយព្រះបាទសូរ្យវរ្ម័នទី១។
ផ្លូវឡើងទៅលើភ្នំមានជណ្ដើរចំនួន៣ ចេញពីទិសផ្សេងៗគ្នា ដែលមានប្រវែងស្មើៗគ្នា ប៉ុន្តែកាំជណ្ដើរមានចំនួនខុសគ្នា។ ជណ្ដើរ បុរាណ នៅប៉ែកខាងកើត មាន៦១០កាំ ជណ្ដើរនៅប៉ែកខាងត្បូងមាន ៤១២កាំ និង ជណ្ដើរនៅប៉ែកខាងលិច ២៣៣កាំ។ នៅក្បែរប្រាសាទមានវត្តមួយមានឈ្មោះថា "វត្តភ្នំគិរីសោភណ្ឌភ្នំជីសូរ្យ"។
ក្រៅពី ទស្សនាប្រសាទបូរាណ ដែលបង្កប់ដោយប្រវត្តិសាស្ត្រ រមណីយដ្ឋានភ្នំជីសូរ្យ មានរូងភ្នំមួយឈ្មោះថា "រូងនាងវិមានចន្ទន៍" ដែលមានចំងាយពីវត្តភ្នំគិរីសោភណ្ឌភ្នំជីសូរ្យ ១៥០ ម៉ែត្រ។
រូងភ្នំមួយនេះ មានប្រវត្តិតាមរយៈរឿងព្រេង និង ប្រវត្តិតាមការនិយាយតៗគ្នា។
តាមការឲ្យដឹងពីលោកតា ខាត់ សុខ សមាជិកឆ្នាំប្រាសាទ ស្រុក សំរោង "រូងនាងវិមានចន្ទន៍" មានប្រវែង ធ្លាយរហូតដល់ ភ្នំស្រង់ឯណោះ ព្រោះមានអ្នកស្រុកបាននិយាយតតៗគ្នាថា មានព្រះសង្ឃមួយអង្គបានចូលទៅធ្វើធុតង្គនៅក្នុងរូងភ្នំ បាត់ដំណឹងជាច្រើនខែ ហើយក្រោយមកស្រាប់តែទៅឃើញនៅភ្នំស្រង់ ដែលស្ថិតក្នុងខេត្ត កំពង់ស្ដី ទៅវិញ។
លោកតា ខាត់ សុខ បានបន្តឲ្យដឹងថា កាលមុនសម័យសង្គមរាស្ត្រនិយម រូងភ្នំខាងលើ អ្នកស្រុកអាចចូលបានជាង៥០ ម៉ែត្រ ប៉ុន្តែក្រោយមានការទម្លាក់គ្រាប់ពីទាហានអាម៉េរិកាំងក្នុងសម័យលន់ណុល រូងភ្នំមួយនេះត្រូវបានបាក់ស្រុត បិតជិត ហើយបច្ចុប្បន្នអាចចូលបានត្រឹម ២ ទៅ ៣ ម៉ែត្រប៉ុណ្ណោះ។
លោកតា ខាត់ សុខ សមាជិកឆ្នាំប្រាសាទ
សូមស្ដាប់លោកតា ខាត់ សុខ ការរៀបរាប់ពីរឿងរ៉ាវទាំងនេះ៖
អត្ថបទ៖ ខុត សីហា