- 2017-08-18 02:52:43
- ជំនឿ
វត្តអារាម ៤កន្លែងនៅកម្ពុជា ល្បីព្រះអង្គពូកែស័ក្ដិសិទ្ធិបំផុត មានវត្ត១ សម្ដេចតាបន់បានសម្រេច
- 2017-08-18 02:52:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វត្តអារាម ៤កន្លែងនៅកម្ពុជា ល្បីព្រះអង្គពូកែស័ក្ដិសិទ្ធិបំផុត មានវត្ត១ សម្ដេចតាបន់បានសម្រេច
ចន្លោះមិនឃើញ
វត្តអារាមគឺជាទីសក្ការបូជាដ៏សំខាន់សម្រាប់ពុទ្ធសាសនិកជនខ្មែរ ដែលតែងគោរពបូជា ទៅតាមលំអាននៃព្រះពុទ្ធសាសនា។ ថ្ងៃនេះ Sabay សូមនាំប្រិយមិត្តទៅស្គាល់វត្តអារាម ៤កន្លែងនៅតាមបណ្ដាខេត្តផ្សេងៗគ្នា ក្នុងប្រទេសកម្ពុជា មានបារមីព្រះអង្គពូកែសក្ដិសិទ្ធិបន់ស្រន់អ្វីក៏បានសម្រេចដូចបំណង។ ក្នុងនោះមានវត្តមួយក្នុងខេត្ត ក្រចេះ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក៏ធ្លាប់យាងទៅបន់ស្រន់ទីនោះ សុំឲ្យកម្ពុជា ទទួលបានឯករាជ្យពីបារាំង បានសម្រេចនៅឆ្នាំ១៩៥៣ទៀតផង។
១. ព្រះអង្គខ្មៅវត្តព្រៃអង្គរ
ព្រះអង្គខ្មៅ ជាព្រះពុទ្ធរូបតែមួយអង្គគត់ ដែលនៅសល់តាំងពីសម័យហ្លួងព្រះស្ដេចកន នៅចន្លោះសតវត្សទី១៥-១៦។ ព្រះអង្គខ្មៅ បច្ចុប្បន្នស្ថិតនៅវត្តព្រៃអង្គរក្នុង ភូមិបន្ទាយព្រៃនគរ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គឺធ្វើឡើងពីមាសខ្មៅ លាយជាមួយសំរឹទ្ធិ និងព្រះនេត្រដាំពេជ្រ ហើយល្បីថាមានបារមីសក្ដិសិទ្ធិណាស់ ខណៈអ្នកធំៗមន្ត្រីរាជការ និងអ្នកនៅក្រៅប្រទេស ក៏តែងទៅបន់ស្រន់បានសម្រេចដូចបំណង។
ព្រះតេជគុណ កុសល មានសង្ឃដីកាថា«សម័យស្ដេចកន ព្រះអង្គខ្មៅមានបារមីឫទ្ធិខ្លាំងក្លាណាស់ នៅពេលដែលមេទ័ពចេញច្បាំងជាមួយសៀមតែងបន់ស្រន់ និងទទួលបានជ័យជម្នះ។ បច្ចុប្បន្នប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំ ខេត្តផ្សេងៗ ឬអ្នកក្រៅប្រទេសក៏តែងមកបន់ស្រន់សុំសេចក្ដីសុខ និងបួងសួងសុំឲ្យក្ដីប្រាថ្នាជាដើម ហើយពេលខ្លះមានអ្នកមកបន់ដល់ម៉ោង១២យប់ក៏មាន ព្រោះតែពួកគេនៅឆ្ងាយ។ ភាគច្រើនពួកគេតែងទទួលបានសម្រេច ហើយក៏មកថ្វាយព្រះពុទ្ធរូបនៅវត្តនេះ»។
២. ចេតិយព្រះនាងក្រពុំឈូកនៅសសរ១០០
ព្រះរាជចេតិយ ព្រះនាងវរភ័ក្ត្រ ឬ ព្រះនាងក្រពុំឈូក ដែលស្ថិតនៅក្នុងវត្តសសរ១០០ នាត្រើយខាងកើតទន្លេមេគង្គ ក្នុងឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ ល្បីល្បាញថា ពូកែស័ក្ដិសិទ្ធិណាស់ សូម្បីអតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ក៏ធ្លាប់យាងទៅបន់ស្រន់ទីនោះ សុំឲ្យកម្ពុជា ទទួលបានឯករាជ្យពីបារាំង បានសម្រេចនៅឆ្នាំ១៩៥៣ផងដែរ។
លោកតាអាចារ្យ អ៊ុយ គីមហូន នៅវត្តសសរ១០០ បានប្រាប់ក្រុមការងារ «ផ្លូវទៅស្រុក» ថា ក្នុងសម័យកាលអាណាព្យាបាលបារាំង ចន្លោះឆ្នាំ១៨៦៣ ដល់ឆ្នាំ១៩៥៣ សម្ដេចព្រះ នរោត្តម សីហនុ ធ្លាប់យាងទៅបន់ស្រន់នៅព្រះរាជចេតិយនេះ ដើម្បីសុំឲ្យប្រទេសកម្ពុជា រួចផុតពីអាណានិគមបារាំង ហើយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យរបស់ព្រះអង្គ ពិតជាទទួលបានជោគជ័យដ៏ធំធេង ជាប្រវត្តិសាស្ត្រមែន។ ក្រោយទទួលបានឯករាជ្យពីបារាំងហើយ សម្ដេចសីហនុ ក៏មិនភ្លេចមកលាបំណន់ចេតិយនេះដែរ។ ព្រះអង្គបានមកជួយស្ថាបនាចេតិយនេះជាថ្មី និងសម្ពោធនៅឆ្នាំ១៩៥៦។
ចេតិយព្រះនាងក្រពុំឈូក ត្រូវបានព្រះបាទអង្គចន្ទរាជា (បិតារបស់ព្រះនាង) កសាងឡើងនៅឆ្នាំ១៥២៩ ហើយព្រះរាជចេតិយនេះក្រោយមក ក៏មានបញ្ចុះព្រះរាជអដ្ឋិធាតុព្រះសត្ថាទី១ ព្រះជ័យជេដ្ឋាទី១ ព្រះរាជសំភារចៅពញាតូ ព្រះនាងព្រះម៉ែយួបុប្ភាវតី និងព្រះធាតុ ព្រះរាជវង្សានុវង្សជាច្រើនអង្គទៀត។
៣. ព្រះអង្គធំនៅវត្តប្រាសាទ
ស្ទើររៀងរាល់ថ្ងៃសីល និងថ្ងៃបុណ្យទានធំៗ គឺពុទ្ធបរិស័ទជាច្រើនបានទៅបន់ស្រន់ និងធ្វើពិធីស្រោចទឹក ចារយ័ន្តលើលុយ និងបន់ស្រន់ព្រះអង្គធំដើម្បីសុំសេចក្ដីសុខ រកស៊ីមានបាន ហើយខ្លះបន់សុំកូន ក៏សម្រេចបានដូចបំណងជាច្រើន ម៉្លោះហើយទើបមានអ្នកមកលាបំណន់ ដោយជាវរូបសំណាកពុទ្ធបដិមាជាហូរហែមកតម្កល់ទុកនៅវត្តប្រាសាទ។
វត្តប្រាសាទស្ថិតនៅក្នុងសង្កាត់ពញាពន់ គឺជាឃុំមួយក្នុងចំណោមឃុំដែលទើបកាត់ចេញពីស្រុកពញាឮ ក្នុងខណ្ឌសែនសុខ កាលពីពេលថ្មីៗនេះ។
៤. វត្តភ្នំក្លែង
វត្តភ្នំខ្លែងជាវត្តបុរាណតាំងពីសតវត្សទី១៨ ដែលសង់នៅទីកំពូលភ្នំដែលពលរដ្ឋជាច្រើនជំនាន់ល្បីមានបារមីពូកែស័ក្ដិសិទ្ធិ។
បារមីជាច្រើននៅគ្រងរក្សាទីសក្ការដ៏ចំណាស់នេះដូចជាបារមីព្រះអង្គបញ្ចគីចំនួន ២១ អង្គ សម្រាប់អ្នកដែលចង់បន់ស្រន់មុខរបររកស៊ីចម្រុងចម្រើន បារមីយាយរំដួលសម្រាប់អ្នកផ្សងរកគូស្នេហ៍ បារមីលោកតាដំបងដែក បារមីព្រះគោព្រះកែវ បារមីអណ្ដូងទឹកដែលមានកុមារពេជ្រ កុមារទេពថែរក្សា សម្រាប់អ្នកបន់ស្រន់សុំបុត្រ ប្រុស-ស្រី សមតាមបំណងប្រាថ្នា។
វត្តភ្នំខ្លែង មានទីតាំងស្ថិតនៅក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ មានចម្ងាយ ១០០ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ និងមានចម្ងាយជាង ១៥ គីឡូម៉ែត្រពីក្រុងដូនកែវខេត្តតាកែវ៕
ចុចអាន៖