• 2017-10-16 02:53:32
  • សេដ្ឋកិច្ច

កសិដ្ឋាន​បន្លែ​ធម្មជាតិ​មួយ​ជ្រើសដាំ​ប្រ​ភេទ​ដំណាំ «ដាំស្រួល​ដកស្រួល»

  • 2017-10-16 02:53:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កសិដ្ឋានបន្លែធម្មជាតិមួយនៅខេត្តាតាកែវបានដាំប្រភេទដំណាំមួយប្រភេទដែលកសិដ្ឋាននេះហៅថាជា​​ប្រភេទដំណាំ «ដាំស្រួល ដកស្រួល»​និង​ថា​កសិដ្ឋាន​មានផែនការ​ពង្រីក​ប្រភេទ​ដំណាំ​នេះ​ឲ្យ​បានច្រើនហិកតាបន្ថែមទៀតក្នុងគោលបំណងបង្កើនឲ្យបានទិន្នផលមួយតោនក្នុងមួយថ្ងៃ។

អ្នកគ្រប់គ្រងកសិដ្ឋានបន្លែធម្មជាតិត្រពាំងក្រញ៉ូង ក្នុងឃុំត្រពាំងក្រញ៉ូង ស្រុកត្រាំកក់ ខេត្តតាកែវ លោក ពៅ សុភា ថ្លែងប្រាប់ Sabay ថា​កសិដ្ឋាន​របស់លោកបានឲ្យ​ឈ្មោះដំណាំមួយចំនួន​ថាជា​ប្រភេទ «ដាំស្រួល ដកស្រួល» ដែលលោកថាសំដៅលើដំណាំស្លឹកគ្រៃ រមៀត និងរំដេងជាដើម។

(កសិករ​ក្នុង​កសិដ្ឋាន​កំពុង​ប្រមូល​ផល​ស្លឹកគ្រៃ​ទុក​លក់​លើទីផ្សារ)

លោក ពៅ សុភា ពន្យល់ថាៈ «កសិដ្ឋានយើងប្រើពាក្យ​ដំណាំ​ដាំ​ស្រួល​ដកស្រួលនេះ​សំដៅលើ​បន្លែ​ស្លឹក​មានស្លឹកគ្រៃ និងបន្លែមើមដូចជារមៀត រំដេង​ជាដើម​ព្រោះ​បន្លែ​ប្រភេទ​នេះកសិករ​ដាំទៅ​ងាយ​ស្រួល​មិនជួបហានីភ័យពីជំងឺផ្សេងៗ»។

ម្យ៉ាងវិញទៀតលោកថា ការប្រើពាក្យនេះគឺក្នុងន័យលើកទឹកចិត្តដល់កសិករឲ្យខិតខំដាំដុះ ដោយ​ថាដំណាំ​ប្រភេទនេះងាយស្រួលដាំ និងមានទីផ្សារទៀតផង។ លោកបន្តថាៈ «ដាំស្រួលដក​ស្រួល​ក៏ចង់​សំដៅ​លើក​ទឹក​ចិត្តឲ្យ​កសិករ ​ខិតខំដាំ​ដំណាំងាយៗ​ដោយមិន​ចាំបាច់ចេះ​បច្ចេកទេស​អ្វីធំដុំក៏​អាចធ្វើបានដែរដោយគ្រាន់តែថែទាំនិងគ្រប់គ្រងស្មៅទៅបានហើយ»។

ចំណែកលោក ពិន កុសល ប្រធានផ្នែកដាំស្លឹកគ្រៃ ឲ្យដឹង​ដែរថាសព្វថ្ងៃ​កសិដ្ឋាននេះ​ដាំស្លឹក​គ្រៃលើ​ផ្ទៃដីប្រាំហិកតា និងមានស្លឹកគ្រៃបួនម៉ឺនគុម្ព ដែលលោក​ថាចំនួននេះ​អាចប្រមូល​ផលបាន​ជាចន្លោះ​ពី៥០ទៅ១០០គីឡូក្រាម​ក្នុងមួយថ្ងៃ។

លោកថាស្លឹកគ្រៃនេះលក់តែក្នុងផ្សារជិតៗកសិដ្ឋានរបស់លោកតែប៉ុណ្ណោះ និងថាមិនទាន់​អាចបំ​ពេញតម្រូវការទីផ្សារបាននៅឡើយ។ លោកអះអាងថាទៅថ្ងៃខាងមុខកសិដ្ឋានគ្រោងពង្រីការដាំដុះ និង​ចងក្រងជាមួយកសិករផ្សេងទៀតដើម្បីផលិតឲ្យបានមួយតោនក្នុងមួយថ្ងៃ ឬក៏​អាចឈាន​ដល់១០ម៉ឺនគុម្ព​លើ​ផ្ទែ​ដី​ប្រាំពីរ​ហិកតា​។ លោកឲ្យដឹថាស្លឹកគ្រៃមួយគីឡូក្រាមអាចលក់បាន ចន្លោះ​ពី៨០០រៀល ទៅ១០០០រៀល។

(លោក ពិន កុសល ប្រធានផ្នែកដាំស្លឹកគ្រៃ)

សម្រាប់ការដាំដុះវិញលោកថាមិនពិបាកអ្វីនោះដែរ ដោយថាគ្រាន់តែភ្ជួរដីឲ្យហ្មត់ និងលើក​ជារង​រួចដាំ​ជាការស្រេច និងត្រូវចំណាយ​ពេលថែទាំរយៈពេលប្រាំមួយខែទើប​អាចប្រមូលផលបាន។ ក្រោយប្រាំមួយខែ លោកថាស្លឹកគ្រៃអាចផ្តល់ផលជាបន្តបន្ទាប់អាចរហូតដល់ពីរឆ្នាំ។

លោក ពិន កុសល លើកទឹកចិត្តឲ្យកសិករងាកមកដាំបន្លែ និងដំណាំតាមបែបធ្មជាតិ ដោយ​ថាដើម្បី​ធានាសុខភាពអ្នកទទួលទាន។ ជាមួយគ្នានេះលោករំពឹងថា​ប្រជាពលរដ្ឋអ្នក​ប្រើប្រាស់​នឹងងាកមកគាំទ្របន្លែនេះកាន់តែច្រើននៅពេលខាងមុខ។

បើតាមអង្គការ USAID បន្លែដែល​ប្រើប្រាស់​ក្នុងស្រុករាល់​ថ្ងៃមាន​តែមួយ​ភាគបី​ប៉ុណ្ណោះ​ដែលជា​ផលិតផល​ក្នុងស្រុក​៕​

អត្ថបទដោយ៖ ជិន វេន

មតិយោបល់