
- 2017-10-18 23:10:00
- សេដ្ឋកិច្ច
ពីកូនស្រីអ្នកនេសាទ មកជាស្រីឆ្នើមក្នុងភាពជាអ្នកដឹកនាំអាជីវកម្ម
- 2017-10-18 23:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីកូនស្រីអ្នកនេសាទ មកជាស្រីឆ្នើមក្នុងភាពជាអ្នកដឹកនាំអាជីវកម្ម
ចន្លោះមិនឃើញ
ជាកូនស្រីច្បងក្នុងក្រុមគ្រួសារអ្នកនេសាទនៅក្នុងខេត្តព្រះសីហនុ អ្នកស្រី ចេន សុភាព បានអភិវឌ្ឍខ្លួនទៅជាស្រ្តីជាអ្នកដឹកឆ្នើមមួយរូបរហូតទទួលបានពានរង្វាន់«ការបង្កើតបរិយាកាស ដើម្បីឱ្យមនុស្សម្នាក់ៗអាចក្លាយជាអ្នកដឹកនាំ» កាលពីសប្តាហ៍មុន។
អ្នកស្រី ចេន សុភាព កើតក្នុងឆ្នាំ១៩៨០ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក្នុងគ្រួសារមួយមានសមាជិកចំនួនប្រាំមួយនាក់ ហើយអ្នកស្រីជាកូនច្បងគេ។ ដោយមានឪពុកម្តាយជាអ្នកនេសាទ ជីវភាពគ្រួសារអ្នកស្រីមិនសូវធូរធារអ្វីប៉ុន្មានទេ ដោយអ្នកស្រីត្រូវដើរទៅរៀនរាល់ថ្ងៃ។ ថ្វីត្បិតតែគ្រួសារមិនសូវធូរធារ ក៏ម្តាយអ្នកស្រី បានលើកទឹកចិត្តឲ្យអ្នកស្រីខិតខំរៀនសូត្រ ដោយថាដើម្បិីមានអនាគតភ្លឺស្វាង។
ក្រោយបញ្ចប់ថ្នាក់ទី១២ នៅឆ្នាំ១៩៩៧ អ្នកស្រីបានប្រឡងជាប់នៅសាកលវិទ្យាល័យសុខាភិបាល និងវិទ្យាស្ថានភាសាបរទេស តែជាអកុសលពេលនោះមានការផ្ទុះអាវុធនៅក្រុងភ្នំពេញនាខែកក្កដា ឆ្នាំ១៩៩៧ ជាហេតុធ្វើឲ្យម្តាយអ្នកស្រីហៅអ្នកស្រីឲ្យត្រឡប់ទៅផ្ទះវិញ។ ក្រោយសភាពការវិលមករកភាពធម្មតាវិញ អ្នកស្រី មិនបានមកភ្នំពេញវិញទេ ដោយថាស្ថានភាពគ្រួសារធ្លាក់ចុះដុនដាប ដោយម្តាយចាញ់បោកគេរឿងលុយតុងទីន និងមានកូនបំណុលមួយចំនួនក៏មិនព្រមសងបំណុលគ្រួសារអ្នកស្រីទៀតផង។
អ្នកស្រីបន្ថែមថាៈ « គ្រួសារខ្ញុំជួបបញ្ហាខ្លាំង ដោយសារគេបោកលុយតុងទីនម្តាយខ្ញុំទៅបាត់ ត្រូវសងលុយធនាគារជារៀងរាល់ខែ កម្មករទូកនេសាទខ្ចីលុយក៏មិនសង ត្រូវចំណាយលើកូនរៀនផង ហើយប៉ាខ្ញុំក៏ឈឺទៀត ដូច្នេះទីបំផុតក្លាយជាកូនបំណុលគេ ខ្ញុំអត់បានឡើងមកភ្នំពេញទេ គឺត្រូវជួយរកស៊ីម្តាយខ្ញុំមួយឆ្នាំ នៅឆ្នាំ១៩៩៨ ម្តាយខ្ញុំបានទៅទិញពាក្យឱ្យខ្ញុំប្រលងរៀនពេទ្យ»។
នៅឆ្នាំ១៩៩៨ អ្នកស្រីបានតស៊ូរៀនពេទ្យជំនាញផ្នែកគិលានុបដ្ឋយិកានៅខេត្តកំពត និងរៀនភាសាអង់គ្លេសរហូតក្លាយជានិស្សិតឆ្នើមប្រចាំថ្នាក់ ព្រមទាំងអាចបង្រៀនភាសាអង់គ្លេសក្រៅម៉ោងបានប្រាក់ខ្លះៗផ្គត់ផ្គង់ការសិក្សាទៀតផង។
បញ្ចប់ការសិក្សានៅឆ្នាំ២០០២ អ្នកស្រីបានធ្វើការនៅអង្គការសុខភាពមួយប្រចាំនៅខេត្តកោះកុង និងបានផ្លាស់ប្តូរការងារជាបន្តបន្ទាប់ និងបានបទពិសោធន៍ទាក់ទងនឹងការងារសហគមន៍។ អ្នកស្រីរៀបរាប់ទៀតថាៈ «ធម្មតាយើងនៅក្មេង មានសន្ទុះចិត្តចង់ធ្វើអ្វីដែលខ្ពស់ហើយលឿន ខ្ញុំមានមហិច្ឆតា ខ្ញុំអត់ចង់ធ្វើអីដដែលៗទេ ទើបធ្វើការផ្លាប់ប្តូរដើម្បីទទួលបានអ្វីដែលថ្មី»។
រហូតដល់ឆ្នាំ២០១៥ ក្នុងគោលបំណងជួយសង្គម និងខ្លួនឯងផង អ្នកស្រីក៏បានចងក្រងក្រុមអ្នកតម្បាញមួយក្រុមមានឈ្មោះថា «កីតម្បាញខ្មែរ» នៅកោះដាច់ និងកោះឧកញ៉ាតី ។ មុននឹងបង្កើតសិប្បកម្មកីតម្បាញខ្មែរ អ្នកស្រីក៏បានស្រាវជ្រាវទីផ្សារ ស្វែងយល់នូវអ្វីដែលគេមាន និងមិនទាន់មានផងដែរ។ មុខជំនួញថ្មីនេះហាក់ខុសគ្នាបន្តិចពីជំនាញ និងការងារដែលអ្នកស្រីធ្វើនាពេលកន្លងមក ប៉ុន្តែអ្នកស្រីថាវាបានផ្សារភ្ជាប់ទៅចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដែលនិយមស្លៀកសំលៀកបំពាក់បែបខ្មែរ និងការងារនៅតាមសហគមន៍។
អ្នកស្រីបន្តថាៈ «ខ្ញុំគិតថាយើងអាចផលិតអ្វីថ្មីថែមទៀត ដែលមើលទៅស្អាតដូចហូលផាមួងយើងដែរ តែជារបស់ខ្មែរ និងធ្វើឱ្យខ្មែរមានជីវភាពល្មម…ខ្មែរយើងមិនចង់ចាយថវិកាច្រើនអាចប្រើបាន អញ្ចឹងខ្ញុំគិតថាធ្វើម៉េចឱ្យខ្មែរយើងមានរបស់ប្រើខ្លួនឯងទាំងស្អាត និងមានគុណភាព ខ្ញុំសម្រេចធ្វើទីផ្សារ សួរនិស្សិត ឬសិស្សអីទៅក៏បង្កើតកីតម្បាញនេះឡើង»។ តម្បាញរបស់ អ្នកស្រីបានទទួលស្គាល់ច្រើនពីអ្នកប្រើប្រាស់ក្នុងស្រុក និងក្រៅស្រុក ហើយអ្នកស្រីថាក៏មានដែរក្រុមហ៊ុនអាកាសចរចំនួនពីរក៏បានទទួលទិញផលិតផលតម្បាញរបស់ក្រុមអ្នកស្រីយកទៅកាត់ជាសម្លៀកបំពាក់សម្រាប់បុគ្គលិកអាកាសចរផងដែរ។
អ្នកស្រីបញ្ជាក់ថាៈ «មនុស្សម្នាក់ៗត្រូវតែមានមហិច្ឆតា គោលដៅ និងការតស៊ូដើរសំដៅទៅ គោលដៅនោះ ការចុះចាញ់នឹងការលំបាក នឹងនាំមកនូវ ការបរាជ័យ ព្រោះគ្មានភាពជោគជ័យណា ដែលអាចកើតឡើង ដោយឯកឯងឬគ្មានការ តស៊ូនោះទេ»៕
ចុចអាន៖