
- 2019-04-12 07:19:49
- ព័ត៌មាន
ក្រុមហ៊ុនឱសថនេះរួមគ្នាជិះកង់ ដើម្បីរួមចំណែកកាត់បន្ថយការបំពុលបរិយាកាស
- 2019-04-12 07:19:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនឱសថនេះរួមគ្នាជិះកង់ ដើម្បីរួមចំណែកកាត់បន្ថយការបំពុលបរិយាកាស
ចន្លោះមិនឃើញ
ទិវាអាល្លែកហ្ស៊ីពិភពលោកឆ្នាំនេះប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៧-១៣ ខែមេសា ២០១៩ ដើម្បីលើកកម្ពស់ការយល់ដឹងទាក់ទងនឹងបញ្ហាអាល្លែកហ្ស៊ីនៅទូទាំងពិភពលោក ដោយប្រធានបទឆ្នាំនេះផ្តោតសំខាន់លើ “បញ្ហាពិភពលោកស្តីពីអាល្លែកហ្ស៊ីចំណីអាហារ”។
ជារៀងរាល់ឆ្នាំ អង្គការអាល្លែកហ្ស៊ីពិភពលោក ហៅកាត់ថា WAO ដោះស្រាយលើប្រធានបទផ្សេងៗគ្នាដែលជាតម្រូវការសម្រាប់លើកកម្ពស់ការយល់ដឹងស្តីពីបញ្ហានេះ។ ដើម្បីសម្រេចបានសមិទ្ធផលទាំងនេះ អង្គការ WAO ផ្តល់ជូនអ្នកជំនាញថែទាំសុខភាព ក៏ដូចជាសាធារណៈជនទូទៅនូវការអប់រំ និងលើកកម្ពស់ការយល់ដឹងជុំវិញប្រធានបទនានាតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានជារូបភាពជាដើម។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុនឱសថសាណូហ្វីកម្ពុជា ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងទិវានេះ ដើម្បីលើកកម្ពស់ការយល់ដឹងពី “ឥទ្ធិពលនៃការបំពុលបរិយាកាសដែលបង្កឲ្យមានបញ្ហាអាល្លែកហ្ស៊ីច្រមុះ” តាមរយៈការចែករំលែកចំណេះដឹងបន្ថែមទៅកាន់អ្នកជំនាញថែទាំសុខភាពនៅទីក្រុងភ្នំពេញកាលពីពេលថ្មីៗកន្លងទៅនេះ ក៏ដូចជានៅតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តបាត់ដំបង សៀមរាប និងកំពង់ចាម។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏បានដឹកនាំបុគ្គលិករបស់ខ្លួនធ្វើយុទ្ធនាការជិះកង់ ដើម្បីរួមចំណែកកាត់បន្ថយការបំណុលបរិយាកាស ដោយភ្ជាប់ជាមួយសារអប់រំស្តីពីរោគអាល្លែកហ្ស៊ី ព្រមទាំងសហការជាមួយអាជ្ញាធរមូលដ្ឋានចូលរួមសកម្មភាពសម្អាតបរិស្ថាននៅនៅតាមមាត់ទន្លេក្នុងសង្កាត់ជ្រោយចង្វារផងដែរនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩នេះ។
អ្នកស្រី Sathirakawinskul Monsinee នាយិកាប្រតិបត្តិប្រចាំក្រុមហ៊ុនសាណូហ្វីកម្ពុជា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនតែងតែផ្តោតការយកចិត្តទុកដាក់លើតតម្រូវការអ្នកជំងឺ ហើយជាពិសេសយើងមានបេសកកម្មធ្វើឲ្យប្រជាជនកម្ពុជាទទួលបានឱសថ និងតំហែទាំសុខភាពកាន់តែល្អប្រសើរឡើង ដើម្បីឲ្យពួកគេអាចរស់នៅក្នុងជីវិតមួយដ៏ពេញលេញ។ អ្នកស្រីក៏បានបន្ថែមផងដែរថា ការផ្តល់ការអប់រំ និងលើកកម្ពស់ការយល់ដឹងពីជំងឺគឺជាដំណើរឆ្ពោះទៅមុខឥតឈប់ឈរសម្រាប់ក្រុមហ៊ុនសាណូហ្វីនៅក្នុងប្រទេសកម្ពុជា។”
ស្របពេលនៃការអភិវឌ្ឍន៍នៅកម្ពុជាកំពុងលូតលាស់យ៉ាងឆាប់រហ័ស ប្រជាជនចាប់ផ្តើមរស់នៅកាន់តែមានភាពស៊ីវិល័យ ដោយភាគច្រើនពួកគេត្រូវប្រឈមជាមួយការបំពុលបរិយាកាស និងធូលីដី ដែលទទួលបានពីបរិយាកាសរស់នៅ និងកន្លែងការងារ ដូចជាភាគល្អិតចេញពីម៉ាស៊ីនត្រជាក់ ផ្សែងចេញពីយានជំនះ រោមសត្វចិញ្ចឹមហើរតាមខ្យល់ ដែលជាកត្តាបង្កឲ្យមានរោគសញ្ញាអាល្លែកហ្ស៊ីដូចជាកណ្តាស់ តឹងច្រមុះ ហៀរសំបោរ រមាស់ច្រមុះ ភ្នែកឡើងក្រហមជាដើម។ កត្តាទាំងនេះពិតជាបង្កផលរំខានយ៉ាងខ្លាំង ហើយពិតជាប៉ះពាល់ដល់គុណភាពជីវិត ទំនាក់ទំនងសង្គម ព្រមទាំងលទ្ធផលការងារប្រចាំថ្ងៃផងដែរ។ នេះបើតាមប្រសាសន៍អ្នកស្រីនាយិកាប្រតិបត្តិ។
លោកវេជ្ជបណ្ឌិត អ៊ុង នរិន្ទ ឯកទេសផ្នែក ត្រចៀក ច្រមុះ បំពង់ក បានពន្យល់ថា រោគអាល្លែកហ្ស៊ីច្រមុះ គឺជាការរលាកភ្នាសក្នុងច្រមុះ ដោយសារសារធាតុផ្សេងៗដែលចូលតាមខ្យល់ហើយវាប្រតិកម្មជាមួយប្រព័ន្ធការពារសរីរៈរបស់យើង (អាល្លែកហ្សែន)។ ជាទូទៅរោគសញ្ញាអាល្លែកហ្ស៊ីច្រមុះមានដូចជាកណ្តាស់ តឹងច្រមុះ ហៀរសំបោរ រមាស់ច្រមុះ ដែលជាទូទៅបង្កឡើងដោយ លំអងផ្កា រោមសត្វចិញ្ចឹមហើរតាមខ្យល់ ធូលីដី ផ្សិត លាមកសត្វល្អិតតូចៗដូចជាសត្វក្រឡាត និងសារធាតុផ្សេងៗដែលមានក្នុងបរិយាកាស ។ល។
លោកវេជ្ជបណ្ឌិតក៏បានណែនាំផងដែរពីរបៀបការពាររោគអាល្លែកហ្ស៊ីច្រមុះ ដោយជៀសវាងការប៉ះពាល់សារធាតុដែលធ្វើឲ្យអាល្លែកហ្ស៊ី តាមរយៈការសំអាតបន្ទប់គេង លាងម៉ាស៊ីនត្រជាក់ឲ្យបានញឹកញាប់ ការពារផ្សែងបារី ការប៉ះពាល់រោមសត្វចិញ្ចឹម ឧស្សាហ៍សំអាតកំរាលពូកឲ្យបានញឹកញាប់ លំអងផ្កា ពាក់ម៉ាស់ការពារធូលីដី ។ល។ និងព្យាបាលដោយពពួកឱសថ អង់ទីហិសស្តាម៊ីន និង គ័រទីគូអីតបាញ់តាមច្រមុះជាដើម។
អ្នកស្រី Monsinee បានលើកទឹកចិត្តថា សម្រាប់អ្នកទទួលរងផលប៉ះពាល់ដោយសារបញ្ហាអាល្លែកហ្ស៊ីច្រមុះ គួរតែធ្វើការពិចារណាប្រើប្រាស់ឱសថប្រឆាំងបញ្ហាអាល្លែកហ្ស៊ីច្រមុះ ដែលមិនធ្វើឲ្យងងុយគេង មានប្រសិទ្ធិភាពព្យាបាលលឿនពីក្រុមហ៊ុនឱសថដែលមានគុណភាព និងទំនុកចិត្ត។
គួររម្លឹកផងដែរថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនផលិតឱសថ សាណូហ្វីកម្ពុជា តែងតែយកចិត្តទុកដាក់ និងចូលរួមចំណែកយ៉ាងសកម្ម ដើម្បីលើកកម្ពស់ការយល់ដឹង ចែករំលែកចំណេះដឹងវិទ្យាសាស្ត្រថ្មីៗជូនដល់អ្នកជំនាញថែទាំសុខភាព និងចូលរួមក្នុងសកម្មភាពសង្គមជាច្រើនទៀតផង៕