- 2019-06-11 02:25:56
- ព័ត៌មាន
អាម៉េរិកបានផ្ដល់ថវិកាជួសជុល និងអភិរក្សប្រាសាទភ្នំបាខែងជាងបីលានដុល្លារគិតដល់បច្ចុប្បន្ន
- 2019-06-11 02:25:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាម៉េរិកបានផ្ដល់ថវិកាជួសជុល និងអភិរក្សប្រាសាទភ្នំបាខែងជាងបីលានដុល្លារគិតដល់បច្ចុប្បន្ន
ចន្លោះមិនឃើញ
សហរដ្ឋអាម៉េរិកក្នុងរយៈពេល១៥ឆ្នាំនេះបានផ្ដល់ថវិកាជាងបីលានដុល្លារសម្រាប់គម្រោងជួសជុល និងអភិរក្សប្រាសាទភ្នំបាខែង ដោយថានេះជាកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងរដ្ឋាភិបាលអាម៉េរិក និងកម្ពុជាក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌។
ប្រាសាទភ្នំបាខែងបានកងសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ ដោយព្រះបាទយសោវម៌្មទី១ ដើម្បីឧទ្ទិសដល់ព្រាហ្មណ៍សាសនានិកាយព្រះឥសូរ។ ក្រោយពីការបោះបង់ទីក្រុងអង្គរនៅឆ្នាំ១៤៣១ ប្រាសាទភ្នំបាខែងត្រូវហ៊ុំព័ទ្ធដើយព្រៃស្ទើរដើរចូលមិនរួច។
នៅឆ្នាំ១៩២០ សាលាបារាំងចុងបូព៌ា ដឹកនាំដោយលោក H. Marchal បានកាប់ឆ្ការព្រៃ ហើយបង្កើតផ្លូវឡើងពីរខ្សែរហូតដល់សព្វថ្ងៃនេះ។
នៅឆ្នាំ១៩៩៤ ព្រះសង្ឃជនជាតិជប៉ុនបានស្នើសុំធ្វើការងារអភិរក្ស ហើយក្រោយមកទៀតអាជ្ញាធរជាតិអប្សរា និងអង្គការមូលនិធិប្រាសាទពិភពលោក(WMF)ដែលមានវត្តមាននៅកម្ពុជាតាំងពីឆ្នាំ១៩៨៩ទទួលការងារនេះបន្ត។
ក្នុងពិធីអបអរខួប៣០ឆ្នាំ របស់អង្គការមូលនិធិប្រាសាទពិភពលោកកាលពីម្សិលមិញនៅលើភ្នំបាខែង ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា លោក Michael Newbill ថ្លែងថាគម្រោងប្រាសាទភ្នំបាខែងជាគម្រោងគួរឲ្យកត់សម្គាល់ ជាពិសេសបុគ្គលិកកម្ពុជាជាច្រើនបានទទួលការងារ និងការបណ្ដុះបណ្ដាលលើកិច្ចការអភិរក្ស និងជួសជុលប្រាសាទ។
លោកបន្តថាក្នុងរយៈពេល១៥ឆ្នាំ គិតចាប់ពីឆ្នាំ២០០៤ មកសហរដ្ឋអាម៉រិកបានផ្ដល់ថវិកាជាង៣,២លានដុល្លារសម្រាប់គម្រោងនេះតាមរយៈអង្គការមូលនិធិប្រាសាទពិភពលោក។
លោកថ្លែងថា៖ «ខ្ញុំមានមោទកភាពដែលគម្រោងជួសជុលប្រាសាទភ្នំបាខែងគឺជាគម្រោងធំជាងគេក្នុងពិភពលោកដែលជាជំនួយរបស់មូលនិធិឯកអគ្គរដ្ឋទូត...អ្នកអាចមើលឃើញប្រវត្តិកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងរដ្ឋាភិបាលទាំងពីរចំពោះកិច្ចការអភិរក្សបេតិកភណ្ឌវប្បធម៌»។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បានថ្លែងក្នុងពិធីនោះដែរថាចាប់ពីឆ្នាំ១៩៩២មកអង្គការមូលនិធិប្រាសាទពិភពលោកបានធ្វើការអភិរក្ស និងជួសជុលប្រាសាទនៅតំបន់អង្គរជាច្រើនដូចជាប្រាសាទភ្នំបាខែង ប្រាសាទព្រះខ័ន តាសោម និងអង្គវត្តជាដើម។
លោកជំទាវមានប្រសាសន៍បន្តថា៖ «យើងខ្ញុំ និងអាជ្ញាធរជាតិអប្សរាមានសេចក្ដីសោមនស្សរីករាយ នូវលទ្ធផលដ៏ធំធេងនៃការកសាងសម្ថភាពធនធានមនុស្ស ដោយអង្គការមូលនិធិប្រាសាទពិភពលោក ហើយបច្ចុប្បន្នក៏មានមោទកភាពបំផុតដែលពួកគាត់ធ្វើការនៅតំបន់អង្គរ៕