• 2019-12-27 02:42:24
  • ព័ត៌មាន

ស៊ីម៉ាក់ ដាក់ផែនការ៥ចំណុច ក្នុង​នោះសន្យាកំទេចគ្រាប់មីនឲ្យបាន៤ម៉ឺនគ្រាប់ នៅឆ្នាំ២០២០

  • 2019-12-27 02:42:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ចេញ​នូវ​ផែនការ​​៥ចំណុច សម្រាប់​ឆ្នាំ២០២០ ដើម្បី​រំដោះផ្ទៃដី​ចំការមីន​ឲ្យ​បាន​ចំនួន​ ១១៦គីឡូម៉ែត្រក្រឡា និង​កំទេចគ្រាប់មីន​ឲ្យ​បាន​ចំនួន ៤ម៉ឺនគ្រាប់។ ផែនការ​ទាំង​​៥ចំណុច​នេះ ត្រូវ​បាន​លោក ហេង រតនា បង្ហោះនៅលើផេក​របស់ខ្លួន កាល​ពីថ្ងៃទី ២៦ ខែធ្នូ ម្សិលមិញ​នេះ។

ខាងក្រោម​នេះ គឺជា​សារទាំងស្រុង​របស់​លោក ហេង រតនា ដែល​បង្ហាញពី​ ផែនការសមាហរណកម្មបោសសម្អាតមីន​២០២០​ របស់អង្គភាពសុីម៉ាក់​ ដោយ​មានគោលដៅសំខាន់ៗចំនួន​៥ចំណុច៖​

១- កិច្ចប្រតិបតិ្តការរំដោះផ្ទៃដីចំការមីន/ចំការគ្រាប់​ ចំនួន ១១៦គីឡូម៉ែត្រក្រឡា​ ក្នុងនោះមានចំការមីនចំនួនប្រមាណ​៧៩​គីឡូ​ម៉ែត្រក្រឡា​ និងចំការគ្រាប់ចំនួន៣៨គីឡូម៉ែត្រក្រឡា។ នៅចំពោះមុខនេះមានការបញ្ជាក់គំរោងចាប់ផ្តេីមអនុវត្តបានមានចំនួនជាង៨០គីឡូម៉ែត្រក្រឡា​ ហេីយនៅសល់៣៦គីឡូម៉ែត្រក្រឡា​ កំពុងរង់ចាំនិងស្វែងរកដៃគូជំនួយដេីម្បីគាំទ្រផែនការនេះ​ ដេីម្បីសំរេចបានគោលដៅរំដោះដី ១១៦គីឡូម៉ែត្រក្រឡានេះ​ ត្រូវការកំលាំងជំនាញសរុបជាង ១ ៦០០នាក់។ កំលាំងអន្តរាគមន៍កម្ទេចចោលគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមអាចកំទេចគ្រាប់ចំនួនប្រមាណ ៤ម៉ឺនគ្រាប់ និងត្រូវឆ្លើយតបតាមសំណើសុំអន្ដរាគមន៍បន្ទាន់ៗ​ចំនួន ៥ ០០០ករណី។

២- ការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន៖ អង្គភាពស៊ីម៉ាក់នឹងបន្ដពង្រឹងកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនិងអាជ្ញាធរមូលដ្ឋាន​ ដើម្បីហ្វឹកហ្វឺនពង្រីកបណ្ដាញស្ម័គ្រចិត្តតាមមូលដ្ឋាននៅទូទាំងប្រទេស ដែលត្រូវប្រព្រឹតិ្តទៅ ១២ ០០០លេីក​ មានចំនួន​ ១សែន​ខ្នងផ្ទះ​ មានមនុស្សរាយចំនួ​ន៧០មុឺននាក់។

៣- ការងារស្រាវជ្រាវព័ត៌មានចម្ការមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៖ បន្ដខិតខំកៀរគរជំនួយដើម្បីបញ្ចប់ការងារស្រាវជ្រាវព័ត៌មានកម្រិតមូលដ្ឋានឲ្យបានចប់ក្នុងក្របខ័ណ្ឌទូទាំងប្រទេសស្របតាមផែនការយុទ្ធសាស្រ្ដរបស់អាជ្ញាធរមីន។ សូមបញ្ជាក់ថា តំបន់ដែលមិនទាន់បានចុះស្រាវជ្រាវព័ត៌មានភាគច្រើនជាតំបន់គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបច្ចុប្បន្ននេះកម្លាំងស្រាវជ្រាវអង្គភាពស៊ីម៉ាក់មានចំនួន១២ក្រុម អាចបន្ដបំពេញភារកិច្ចនេះតាមសំណូមពរបាន។ ក្នុងឆ្នាំ២០២០កំលាំងអាចស្រាវជ្រាវលេីចំនួន៨០០ភូមិ។

៤- ការងារហ្វឹកហ្វឺន៖ នឹងសហការផ្ដល់ការហ្វឹកហ្វឺនដល់កងទ័ពជើងគោក ដើម្បីរួមចំណែកក្នុងភារកិច្ចបោសសម្អាតមីនមានចំនួនប្រមាណ៥០០នាក់ទាំងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន និងនៅមូលដ្ឋានកងទ័ព​និងហ្វឹកហ្វឺនអន្តរជាតិដូចជាមកពីប្រទេសអុីរ៉ាក់​ កូឡុំប៊ី​ ឡាវ​ជាដេីមចំនួន៥វគ្គមានសិក្ខាកាមអន្តរជាតិជាង១០០នាក់។

៥- ការងារពង្រឹងសមត្ថភាពមន្ត្រី​ ការអភិវឌ្ឍ​នីតិវិធីស្តង់ដាប្រតិបត្តិការ​ និងការងារសហការកិច្ចការសន្តិសុខនានាជាដេីម។ ល។

រូបភាព និងខ្លឹមសារ យកពីផេក HENG Ratana

អត្ថបទ៖ វិបុត្រ

មតិយោបល់