• 2020-07-23 08:47:55
  • សេដ្ឋកិច្ច

សេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់ រវាងអេស៊ីលីដា និងគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ត្រូវបាន​ដាក់​ឲ្យដំណើរការហើយ!

  • 2020-07-23 08:47:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" នា​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នេះ បាន​ប្រកាសជាសាធារណៈ ស្តីពីការដាក់ឱ្យដំណើរការសេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់ រវាងធនាគារ អេស៊ីលីដា ភីអិលស៊ី និងគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក ដើម្បីពង្រីកសេវាទាំងនេះ ឱ្យកាន់តែទូលំទូលាយ ក្នុងការបំពេញតម្រូវការ ជូនអតិថិជន និងសាធារណជនគ្រប់មជ្ឍដ្ឋានក្នុងសហគមន៍។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានសេចក្តីសោមនស្សរីករាយ ដែលគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក បានចាប់ដៃគូជាយុទ្ធសាស្រ្ត ដោយសហការជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការបម្រើសេវាផ្ទេរប្រាក់ និងដាក់-ដកប្រាក់របស់ស្ថាប័នទាំងពីរឱ្យកាន់តែទូលំទូលាយថែមទៀត ដោយប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ ទន្ទឹមនឹងនេះ កិច្ចសហការរវាងស្ថាប័នទាំងពីរ គឺក្នុងគោលបំណងដើម្បីបង្កើន ភាពងាយស្រួលជូនដល់អតិថិជន និងសាធារណជនទាំងអស់ ក្នុងការធ្វើប្រតិបត្តិការដូចខាងក្រោម៖

១. ផ្ទេរប្រាក់រវាងគណនី Core Banking របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណនី E-Wallet របស់គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក

២. ផ្ទេរប្រាក់រវាងគណនីអេស៊ីលីដា ទាន់ចិត្ត និងគណនី E-Wallet របស់គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក

៣. អតិថិជនរបស់គ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក អាចដក និងដាក់ប្រាក់ តាមរយៈម៉ាស៊ីន ATM របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយមិនចាំបាច់ប្រើកាត។

កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ឱ្យអតិថិជន និងសាធារណជនទាំងអស់ ចំណេញពេលវេលា កាត់បន្ថយ ចំណាយក្នុងការផ្ទេរប្រាក់ និងដាក់-ដកប្រាក់ ដែលជាចំណែកមួយនៃការពង្រឹង និងពង្រីកសេវាកម្ម ឌីជីថលឱ្យ សម្បូរបែប ដើម្បីសម្រួលដល់ប្រតិបត្តិការសាច់ប្រាក់របស់អតិថិជន និងសាធារណជន ក្នុងការជួយលើកស្ទួយ ជីវភាពឱ្យកាន់តែប្រសើរឡើង។

លោក Pes Kimsrean ប្រធាននាយកប្រតិបត្តិគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក បានមានប្រសាសន៍ថា លោកមានទស្សនៈវិស័យចំពោះ ភាពជឿនលឿននៃប្រព័ន្ធបច្ចេកវិទ្យា តាំងពីជាង ១០ឆ្នាំមុនមកម្ល៉េះ។ នៅពេល ដែលខ្ញុំធ្វើការបញ្ជាទិញទំនិញលើ Platform Alibaba បានធ្វើឲ្យ​ខ្ញុំ មានគំនិតក្នុងការបង្កើត មុខរបរនេះ តាំងពីពេលនោះមក។ លោកបានផ្ដួចផ្ដើមគំនិត និងស្វែងរកមិត្តភក្តិដែលមានជំនាញផ្នែកនេះ តាមដែលអាចធ្វើ ទៅបាន រហូតដល់សុបិនក្លាយជាការពិត។ ពួកយើងបានចាប់ផ្ដើមការងារនេះ អស់រយៈពេលប្រហែលជា បីឆ្នាំ មកហើយ។ វាសមល្មមនឹងដាក់ឱ្យប្រើប្រាស់កម្មវិធីនេះ នៅលើទីផ្សារបាន។ KESS CHAT ផ្សារភ្ជាប់ជាមួយ កសិករ អ្នកប្រើប្រាស់ អ្នកលក់ដូរ ឬ អ្នកផ្គត់ផ្គង់ អាចទទួលបានការទូទាត់តាមរយៈ Wechat / Alipay/Visa Card, Mastercard និងកាត ATM ធនាគារ អេស៊ីលីដា ភីអិលស៊ី។

លក្ខណៈពិសេសរបស់កម្មវិធីនេះ អាជីវករម្នាក់ៗ អាចគ្រប់គ្រងបានច្រើនហាង ឬច្រើនសាខា ហើយក៏មាន ភាពងាយស្រួលក្នុងការគ្រប់គ្រងស្តុកទំនិញ ឬសេវាកម្មចែកចាយផ្សេងៗ ឬការទូទាត់វិក្កយប័ត្រទឹក/វិក្កយប័ត្រអគ្គិសនី និងការជជែកលេងជាមួយមិត្តភ័ក្ត ឬជាមួយអ្នកលក់បានផងដែរ។

អំពីគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ម.ក

ឃេស អ៊ិននើវេសិន ម.ក ត្រូវបានបង្កើតឡើងដោយក្រុមសហគ្រិន និង ជាក្រុមហ៊ុនដែលគ្រប់គ្រងអាជីវករ ក្នុងស្រុក ១០០% ក្នុងគោលបំណងជួយឱ្យអាជីវកម្មក្នុងស្រុកមានភាពរីកចម្រើន ដូចនេះសហស្ថាបនិកបានបង្កើត គម្រោងកម្មវិធីថ្មីមួយ ដែលមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការ ដែលកំពុងវិវត្តន៍យ៉ាងឆាប់រហ័ស នៃអាជីវកម្ម ជាសកល ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។

កម្មវិធីរបស់ក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក បានអនុញ្ញាតឱ្យក្រុមហ៊ុន និងពាណិជ្ជករអាចផ្ទេរ ឬ ទូទាត់ វិក័យប័ត្រតាមប្រព័ន្ធតែមួយ។ ឃេស អ៊ិននើវេសិន ម.ក បានទទួលអាជា្ញប័ណ្ណជាសេវាទូទាត់ប្រាក់ពីធនាគារជាតិ នៃ កម្ពុជា (NBC) និងជាសមាជិកនៃប្រព័ន្ធទូទាត់បាគងផងដែរ។ ឃេស អ៊ិននើវេសិន ម.ក ទទួលបាននូវ កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Alipay (ក្រុម Alibaba) Wechat (Tencent) នៅក្នុងការផ្ដល់សេវា ONLINE និង OFFLINE ក្នុងប្រទេស​កម្ពុជា។ ឃេស អ៊ិននើវេសិន ម.ក បានចុះហត្ថលេខាលើអនុស្សរណៈ យោគយល់ (MOU) ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី (ជាធនាគារដែលធំជាងគេនៅកម្ពុជា) ក្នុងគោលបំណង ពង្រើកប្រព័ន្ធទូទាត់ដ៏ធំមួយ ដើម្បីឆ្លើយតប និងសេចក្ដីត្រូវការឥតឈប់ឈររបស់ប្រជាពលរដ្ឋយើង។

ផលិតផលរបស់ក្រុមហ៊ុន ឃេស អ៊ិននើវេសិន ម.ក មានដូចជា៖

១. ដំណោះស្រាយក្នុងការទូទាត់សាជីវកម្មតាមរយៈ ការតភ្ជាប់បណ្ដាញ Payment gateway

២. ការទូទាត់វិក្កយប័ត្រតាមទូរស័ព្ទចល័ត

៣. ការផ្ទេប្រាក់ពីមួយទៅមួយ

៤. សេវាកម្មលក់ទំនិញ Online (B2B & B2C)

អំពីធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ០៤ (បួន) គឺអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និងព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២៥,០១ ទ្រីលានរៀល (ឬ ៦,១៥ ប៊ីលានដុល្លារអាមេរិក) សមតុល្យឥណទានសរុបចំនួន ១៦,២២ ទ្រីលានរៀល (ឬ ៣,៩៩ ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសន្សំសរុបចំនួន ១៧,៦៩ ទ្រីលានរៀល (ឬ ៤,៣៥ ប៊ីលានដុល្លារអាមេរិក) និងចំនួនអ្នកចុះឈ្មោះប្រើប្រាស់សេវាធនាគារ ឌីជីថល អេស៊ីលីដា ទាន់ចិត្ត ច្រើនជា ១,៥ លាននាក់ គិតត្រឹម ខែកក្កដា ឆ្នាំ២០២០។ សម្រាប់ព័ត៌មានបន្ថែមសូមទស្សនាវេបសាយ: www.acledabank.com.kh

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង

ធនាគារ អេស៊ីលីដា ភីអិលស៊ី

លោក ផល សុខចំរើន

នាយកប្រតិបត្តរងទីផ្សារ

ទូរស័ព្ទ៖ ០១៥ ៨០០ ៩០៣

អ៊ីម៉ែល : phal.sokchamreoun@acledabank.com.kh

មតិយោបល់