• 2020-09-21 06:09:50
  • ព័ត៌មាន

ហេមស្រិង្គ ឬ ហេមគិរី ប្រាង្គប្រាសាទដែលគ្មានក្បាច់ចម្លាក់ និងកសាងឆ្លងរាជ្យតែមិនហើយ

  • 2020-09-21 06:09:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាង្គប្រាសាទនេះ មានទីតាំងស្ថិតនៅក្នុងវង់តូច ចេញពីច្រកទ្វារជ័យកាត់ស្ទឹងសៀមរាប តាមស្ពានមួយដែលអ្នកស្រុកហៅថា «ស្ពានតាកែវ» ហួសទៅមុខបន្តិច យើងនឹងឃើញប្រាសាទធ្វើពីថ្មភក់ធំៗដ៏ស្កឹមស្កៃ គ្មានចម្លាក់លម្អអ្វីនោះឡើយ បង្ហាញខ្លួននៅឆ្វេងដៃ។ ថ្មភក់នៅប្រាសាទនេះ គឺមានពណ៌សចម្លែកពីថ្មនៅបណ្តាប្រាសាទដទៃ។

ប្រាសាទនេះបានកសាងឡើងនៅរវាងឆ្នាំ១០០០ នាស.វ.ទី១០ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៥និងព្រះបាទសូរ្យវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយព្រះឥសូរ ហើយមានឈ្មោះជាច្រើនតាមការហៅរបស់អ្នកស្រុកនិងអ្នកស្រាវជ្រាវ ដោយខ្លះហៅថា ព្រះកែវ ប្រាសាទកែវ ប្រាសាទព្រះកែវ តាកែវ និងបន្ទាយកែវ។ អ្នកខ្លះថា ជាតំណាងនៃភ្នំព្រះសុមេរុ មានឈ្មោះ «ហេមគិរី» មានន័យថា «ភ្នំមាស»។

យោងតាមអ្នកស្រាវជ្រាវបារាំងក្នុងស.វ.ទី១៩ រហូតដល់បច្ចុប្បន្ន ការហៅឈ្មោះប្រាសាទនេះគឺនៅរក្សាដដែល។ អ្នកស្រុកខ្លះហៅថា ប្រាសាទថ្មកែវ ព្រោះយល់ថា ប្រាសាទនេះធ្វើពីថ្មកែវមានលក្ខណៈខុសពីប្រាសាទដទៃ។ ខ្លះហៅថា ប្រាសាទព្រះកែវ ព្រោះថាប្រាសាទនេះជាកន្លែងដាក់ព្រះកែវ យោងលើចម្លាក់គោមួយនិងបាតជើងមនុស្សមួយផងនៅផ្លូវចូលប្រាសាទទិសខាងកើត។ ឯខ្លះទៀត ហៅថា ប្រាសាទតាកែវ ព្រោះគេយល់ថាម្ចាស់ដែលកសាងប្រាសាទនេះឈ្មោះកែវ។

បើតាមសិលាចារឹកវិញ ប្រាសាទនេះមានឈ្មោះដើមថា ហេមស្រិង្គ ឬ ហេមគិរី។ ក្នុងសិលាចារឹកក៏បានចារដែរថា មន្ត្រីឈ្មោះ យោគីស្វរបណ្ឌិត បានទទួលព្រះរាជបញ្ជាក្នុងការសាងសង់ហេមស្រឹង្គគិរី (ប្រាសាទតាកែវ) តែមានរន្ទះបាញ់ ដែលចាត់ថាជាប្រផ្នូលអាក្រក់មិនអាចបញ្ចប់ការសាងសង់បានឡើយ ទោះបីជាឆ្លងរជ្ជកាលស្តេចក្នុងការសាងសង់ ក៏ប្រាសាទនេះនៅតែធ្វើមិនហើយដដែល។ ថ្វីត្បិតតែប្រាសាទតាកែវគ្មានក្បូរក្បាច់រចនាដូចប្រាសាទនានានៅតំបន់អង្គរ ប៉ុន្តែ ប្រាសាទនេះ ដូនតាខ្មែរបានទាក់ទាញទេសចរខ្លាំងណាស់ ពិសេសគឺអាចមើលឃើញព្រះអាទិត្យលិចចាំងពន្លឺមាសមកលើតួប្រាសាទទៀតផង។

ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យបេតិកភណ្ឌ

មតិយោបល់