• 2020-11-12 10:13:11
  • ព័ត៌មាន

ចូលចិត្តមើលតុក្កតាតាំងពីតូច រហូតក្លាយជាអ្នកគូរគំនូរឌីជីថលដ៏ឆ្នើមម្នាក់

  • 2020-11-12 10:13:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គួច ច័ន្ទទិវា ជាអ្នករចនាក្រាហ្វិកវ័យក្មេង ឬគេអាចហៅម្យ៉ាងទៀតថា អ្នកគូរគំនូរបែបឌីជីថលដ៏ប្រសព្វម្នាក់។ ដោយក្ដីស្រឡាញ់ និងការប្ដេជ្ញាខ្ពស់ ទិវា បានប្រឡូកក្នុងវិស័យគំនូរក្រាហ្វិកតាមបែបទំនើបតាំងពីនៅវ័យក្មេង។ តើទិវា ជានរណា ហើយ​មាន​ស្នាដៃអ្វីខ្លះ នៅ​ក្នុង​ការបង្កើតគំនូរបែប​ឌីជីថល? ខាងក្រោម​នេះ គឺជា​ស្នាដៃសំខាន់ៗរបស់ទិវា៖

ជឿថា កុមារភាពរបស់អ្នកអានមួយចំនួនប្រាកដជាឆ្លងកាត់ជីវិតរីករាយជាច្រើនបែប ជាពិសេសនៅពេលវេលាដែលបានមើលវីដេអូតុក្កតាលើកញ្ចក់ទូរទស្សន៍។ មិនខុសគ្នាពីកុមារឯទៀត ទិវាក៏ជាក្មេង ដែលចូលចិត្តមើលតុក្កតាដាច់បាយដាច់ទឹកនោះដែរ ហើយដែលពិសេសនោះ គឺមើលហើយ រៀនគូររូបតុក្កតាតាមទៀត។ ហេតុផលទាំងអស់នេះហើយ ធ្វើឲ្យសិស្សថ្នាក់មត្តេយ្យម្នាក់នេះ អាចបង្កើតទម្លាប់គូររូបលេងជារឿយៗ នៅពេលទំនេរ។

លុះបញ្ចប់ថ្នាក់វិទ្យាល័យ ឆ្លងចូលថ្នាក់ឧត្តមសិក្សាទិវា បែរជាជ្រើសរើសជំនាញសិក្សាបន្តផ្នែកព័ត៌មានវិទ្យា ដែលគេស្គាល់ថា IT ។ ទោះយ៉ាងណាគេមិនបានបោះការទេពកោសល្យទាក់ទងការគូរគំនូរនោះដែរ ព្រោះតែខ្លួនជាមនុស្សចូលចិត្តទុកផ្លូវដើរឲ្យខ្លួនឯងមានជម្រើសច្រើនទៅថ្ងៃមុខ។ ក្រៅពីការរៀនជំនាញព័ត៌មានវិទ្យានៅម៉ោងសម្រាក គឺជាពេលវេលាសម្រាប់ការរៀនគំនូរដោយខ្លួនឯង។

ងាកមកផលវិបាកជុំវិញការចាប់ជំនាញគំនូរក្រាហ្វិកនេះ ទិវារៀបរាប់ថា៖ «ប្រសិនបើយើងចង់ចាប់អាជីបជា Digital Artist/Graphic Designer តែវាមិនអាចជួយរកចំណូលអោយយើងបាន នោះវានឺងក្លាយជាបន្ទុកមួយក្នុងជីវភាពរស់នៅរបស់យើង។ ព្រោះភាពជាក់ស្តែងក្នុងសង្គមគឺទាមទារឲ្យយើងមានប្រាក់ចំណូលដើម្បីផ្គត់ផ្គង់់ជីវិត។»

ត្បិតបែបណា ក៏ទិវាមិនធ្លាប់មានគំនិតថានឹងបោះបង់ការងារដែលខ្លួនស្រឡាញ់ម្ដងណាទេ។ ផ្ទុយទៅវិញ ទិវាបន្តចាប់អាជីពនេះ ពោរពេញដោយឆន្ទៈ រៀនស្វែងយល់ពីតម្រូវការទីផ្សារ និងហ៊ានបង្ហាញស្នាដៃឲ្យសាធារណជនទទួលស្គាល់នោះ ដែលគេជឿថានឹងមានផលល្អរត់មិនឆ្ងាយពីដៃឡើយ ។ ជាលទ្ធផល ទិវារកចំណូលចេញពីការគូរគំនូរលក់នៅឆ្នាំទី១នៃសាកលវិទ្យាល័យ ខណៈ តម្រូវការជំនាញ IT នៅលើទីផ្សារការងារមានភាពចង្អៀត។

និយាយពីអារម្មណ៍ពេល ដែលរកលុយបានចេញពីការងារដែលខ្លួនស្រឡាញ់ គឺពិតជាពិបាករកអ្វីមកបរិយាយណាស់ រហូតធ្វើឲ្យយុវជនពោរពេញឆន្ទៈរូបនេះ មានមហិច្ឆតាធំ គឺផលិតគំនូរ ឌី ជី ថល បែបវិទ្យាសាស្ត្រ ប្រតិដ្ឋ ឬហៅថាភាពយន្តបែបវិទ្យាសាស្ត្រ សម្រាប់សិល្បៈគំនូរ ឌី ជី ថល ដ៏ថ្មីសន្លាងមួយនៅកម្ពុជា។ បើតាមការបញ្ចាក់ពីទិវា ខ្លួននឹងអាចសម្រេចគោលដៅពាក់កណ្ដាលនៃគម្រោងនេះនា៣ឆ្នាំបន្ទាប់។ ដោយហេតុថាគម្រោងភាពយន្តបែបគំនូរនេះ គួរជាទីចាប់អារម្មណ៍ Sabay សូមធ្វើការរៀបរាប់លម្អិតសាច់រឿងមួយផ្នែកនៅភាគក្រោយ។

ដោយឡែកគ្នាវិញ មានធាតុផ្សំជាច្រើនដើម្បីអភិវឌ្ឍខ្លួនឲ្យពូកែលើជំនាញគូរគំនូរបែបឌីជីថល ឬជាជំនាញក្រាហ្វិកឌីហ្សាញ ទិវាមានដំបូន្មានខ្លីខ្លឹមចែករំលែកដល់យុវជនជំនាន់ក្រោយដែលមានបំណងចាប់ជំនាញគូរគំនូរ ឬជំនាញក្រាហ្វិកឌីហ្សាញដូចគ្នា គឺដំបូងគួរកើតចេញពីអារម្មណ៍ មនោសញ្ចេតនា ការស្រឡាញ់ជក់ចិត្តនឹងការគូររូបដោយដៃ តាមរយៈការមើលវីដេអូគំនូរជីវចលតាមប្រព័ន្ធអ៊ីនធើណេតជាដើម។

បន្ទាប់មក រៀនគូរតាមអ្នកជំនាញ តែយើងត្រូវជ្រើសរើសអ្នកជំនាញណាម្នាក់ ដែលមានស្នាដៃស៊ីនឹងចំណូលចិត្តផ្ទាល់ខ្លួន ដើម្បីយើងអាចយកជាគំនូរ និងបណ្ដុះចំណង់ចំណូលចិត្តលើអាជីពនេះ បានយូរអង្វែង។ បន្ថែមពីលើចំណុចនេះ ទិវាណែនាំឲ្យរកស្វែរកក្រុម ឬបណ្ដាញអ្នកគូរគំនូរក្នុងវិស័យតែមួយ ដើម្បីចែករំលែកបទពិសោធទៅវិញទៅមក។

ចំណុចសំខាន់ចុងក្រោយ គឺការហ៊ានបង្ហាញស្នាដៃរបស់ខ្លួនឯងទៅសាធារណជន។ តាមពិតការបង្ហាញ ឬបង្ហោះស្នាដៃរបស់ខ្លួននៅលើបណ្ដាញសង្គមអ៊ីនធើណេត អាចនឹងមានមតិវិជ្ជមាន និងអវិជ្ជមាន ប៉ុន្តែមតិទាំងពីរយើងគួររក្សាទុក និងកែលម្អបន្ថែម។ តួយ៉ាងករណីមានមតិសរសើរ គួរទុកមួយឡែក ជាថ្នាំរំសាយទុក្ខពេលអស់សង្ឃឹម ឬពេលអារម្មណ៍ធ្វើកិច្ចកាមិនបានល្អ។ ហេតុនេះ យើងគួររក្សាគំនិតវិជ្ជមានឲ្យបានច្រើន។ យ៉ាងណាមតិអវិជ្ជមានក៏មិនគួររំលង ព្រោះបើគេរិះគន់ទៅផ្លូវមួយចង់ឲ្យយើងកែលម្អកាន់ប្រសើរ ហេតុអ្វីមិនទទួល។ កាន់តែសំខាន់បំផុតនោះ គឺកុំប្រៀបធៀបស្នាដៃខ្លួនឯង ជាមួយអ្នកដទៃ តែគួរប្រៀបធៀបខ្លួន ឯងនិងខ្លួនឯងវិវត្តពីមួយថ្ងៃទៅមួយថ្ងៃ ទើបធ្វើឲ្យស្នាដៃកាន់តែរីកចម្រើន៕

អត្ថបទ ៖​ wait

មតិយោបល់