• 2020-12-30 00:49:52
  • ព័ត៌មាន

អាជ្ញាធរអប្សរា និយាយអ្វីខ្លះ​ ជុំវិញការចាប់សត្វស្វា​ចេញពីបរិវេណ​ប្រាសាទបាយ័ន?

  • 2020-12-30 00:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បាន​ឲ្យដឹងថា ក្រុមអ្នកដែលតវ៉ា ពាក់ព័ន្ធការចាប់សត្វស្វាចេញពីបរិវេណប្រាសាទបាយ័ន គឺជាអ្នកកេងចំណេញរូបភាពសត្វស្វាតាមរយៈ ​Youtube។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានបញ្ជាក់ថា ការចាប់ស្វាកាចៗមួយចំនួននៅបរិវេណប្រសាទបាយ័ន គឺដើម្បីយកទៅព្រលែងនៅក្នុងព្រៃក្រៅឧទ្យានអង្គរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ភ្ញៀវទេសចរ ព្រោះថាស្វាទាំងនោះ ធ្លាប់បានបង្ករបួសស្នាមដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់។

លោក ឡុង កុសល បានបន្ថែមថា ៖ “នៅថ្ងៃនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុវត្តដំណើរការចាប់ស្វាកាចៗទាំងនោះជាធម្មតា ប៉ុន្តែមានក្រុមមនុស្សមួយចំនួនតូច បានមកតវ៉ាហើយក្រុមនេះបានធ្វើការផ្សព្វផ្សាយបំផ្លើសថា​ស្វាទាំងនោះបានស្លាប់ជាដើម ដែលតាមការពិតគ្រាន់តែត្រូវថ្នាំសន្លប់ដើម្បីងាយស្រួលក្នុងការចាប់នោះទេ។ ដោយឡែកមនុស្សមួយក្រុមតូចនេះ ត្រូវបានដឹងថាជាក្រុមដែលរកលុយតាម​​ Youtube ដែលកេងប្រវ័ញ្ចរូបភាពនៃសត្វស្វា តាមរយៈការឱ្យចំណី ហើយថតជាវីដេអូបង្ហោះក្នុងបណ្តាញ Youtube ដែលការធ្វើបែបនេះ បណ្តាលឱ្យសត្វស្វាទាំងនោះស៊ាំទៅនឹងមនុស្ស ហើយប្រែក្លាយពីសត្វព្រៃមកជាសត្វចិញ្ចឹម”។

ម្យ៉ាងទៀត ស្វាទាំងនោះបានចាប់ផ្តើមស្វែងរកចំណីនៅក្នុងតំបន់ប្រាសាទ ហើយពេលខ្លះ មានសត្វស្វាបានដណ្តើមចំណីពីមនុស្ស បង្កការរំខាន និងពេលខ្លះប៉ះពាល់និងបង្កររបួសដល់ភ្ញៀវទេសចរដោយផ្ទាល់តែម្តង។ លើសពីនេះ សត្វស្វាក៏បានបង្កហានិភ័យដល់ប្រាង្គប្រាសាទដូចជា រុញឲ្យជ្រុះនូវថ្មប្រាសាទ និងធ្វើឲ្យខូចខាតនូវផ្ទាំងបដាព័ត៌មានផ្សេងៗទៀតផង។

ដើម្បីថែរក្សាសណ្តាប់ធ្នាប់ ក៏ដូចជាអភិរក្សប្រាសាទ និងការពារសុវត្ថិភាពអ្នកទេសចរ ទើបអាជ្ញាធរជាតិអប្សរា សម្រេចត្រូវតែចាប់យកចេញដើម្បីបញ្ជៀសបញ្ហាផ្សេងៗនាពេលអនាគត។

ដោយឡែក លោក ជូរ៉ា ឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា ប្រាប់ឱ្យដឹងថា លោកមិនទាន់ដឹងពីចំនួនពិតប្រាកដនៃចំនួនសត្វស្វាដែលត្រូវចាប់ចេញនៅឡើយទេ។ លោកបន្ថែមថា ការងារនេះមានកិច្ចសហការជាមួយរដ្ឋបាលព្រៃឈើ ដែលមានមន្រ្តីជំនាញក្នុងការធានាថា ការចាប់សត្វស្វាចេញពីតំបន់អង្គរមានសុវត្ថិភាពខ្ពស់ ដោយក្នុងនោះស្វាទាំងនេះនឹងត្រូវធ្វើចត្តាឡីស័កផងដែរ មុនពេលព្រលែងទៅរស់នៅក្នុងព្រៃធម្មជាតិក្រៅបរវេណរមណីយដ្ឋានអង្គរ៕

ប្រភព៖ AKP អត្ថ្ថបទ៖ ផែន រតនៈ

មតិយោបល់