• 2021-02-08 15:21:40
  • ព័ត៌មាន

អ្នក​កាន់​កាំភ្លើង​ខ្លី ក្នុង​រូបថត​ដ៏​ល្បី​សម័យ​ខ្មៅ​ងងឹត​ជា​នរណា?

  • 2021-02-08 15:21:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ភាគច្រើន​ប្រាកដ​ជា​ធ្លាប់​ឃើញ​ហើយ នូវ​រូបថត​បុរស​ម្នាក់​បង្ហាញ​សកម្មភាព​ស្រែក​យ៉ាង​ខ្លាំង កំឡុង​ស្ថានភាព​ច្របូកច្របល់​នៃ​ថ្ងៃ​ ១៧ មេសា ឆ្នាំ១៩៧៥ ដែល​ជា​ពេល​ពួក​ខ្មែរ​ក្រហម​ចូល​កាន់កាប់​រដ្ឋធានី​ភ្នំពេញ​ ហើយ​ចាប់​ផ្ដើម​ជម្លៀស​ប្រជាជន​ខ្មែរ​ចេញ​ពី​ក្រុង​។

រូបថត​នេះ​ត្រូវ​បាន​ថត​ដោយ​អ្នក​កាសែត​ជនជាតិ​អាល្លឺម៉ង់ Christoph Froehder ហើយ​ចុះ​ផ្សាយ​នៅ​សារព័ត៌មាន AP។

តាម​ពិត​បុរស​នោះ​មិន​មែន​ជា​ទាហាន​ខ្មែរ​ក្រហម​ ដូច​អ្វី​ដែល​បណ្ដាញ​អ៊ីនធឺណែត​បាន​បង្ហាញ​នោះ​ទេ នេះ​បើ​តាម​អ្នក​កាសែត​អាមេរិក​យក​ព័ត៌មាន​ពី​សង្គ្រាម​នៅ​ស្រុក​ខ្មែរ​សម័យ​ទសវត្ស ១៩៧០ លោក​ Jim Laurie បាន​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក ដោយ​លោក​បាន​ដកស្រង់​សម្ដី​មិត្ត​រួម​ការងារ​របស់​លោក​ឈ្មោះ​ថា Jon Swain ដែល​ជា​អ្នក​រាយការណ៍​បញ្ហា​សង្គ្រាម​ជាតិ​អង់គ្លេស​។

លោក​បាន​សរសេរ​ថា បុរស​ម្នាក់​នោះ​ឈ្មោះ ហែម គៀត​ដារា ដែល​ជា​កូនប្រុស​របស់​ឧត្ដមសេនីយ៍​ក្នុង​សម័យ​លន់ នល់ នេះ​បើ​តាម​លោក Laurie។ លោក​បាន​សរសេរ​ថា បុរស​រូប​នេះ​មាន​អាយុ ២៩ឆ្នាំ​នៅ​សម័យ​នោះ បាន​ទៅ​រៀន​ស្រុក​បារាំង ចេះ​និយាយ​បារាំង​ស្ទាត់ ហើយ​មាន​ប្រពន្ធ​បារាំង​ទៀត​ផង។ លោក ដារា មក​ភ្នំពេញ​វិញ​នៅ​ឆ្នាំ១៩៧១។

អ្នក​កាសែត​អាមេរិក​នោះ​បាន​សរសេរ​ថា លោក​ដារា​បាន​បង្ហាញ​ឫក​ក្រអឺតក្រទម ហើយ​អួត​គេ​ឯង​ថា លោក​វាយ​ដាច់​ភ្នំពេញ​ តែ​គ្នា ៣០០នាក់​ ហើយ​គ្មាន​អ្នក​ស្លាប់​នោះ​ទេ។ យ៉ាងណាក៏ដោយ ក្រោយ​មក ពួក​ខ្មែរ​ក្រហម​បាន​ចាប់​លោក ដារា ហើយ​ប្រហារ​ជីវិត​នៅ​ក្រៅ​ក្រសួង​ព័ត៌មាន ជាមួយ​នឹង​ប្អូន​ប្រុស​លន់ នល់ លោក​លន់ ណុន នាយករដ្ឋមន្ត្រី​សាធារណរដ្ឋ​ខ្មែរ​ចុង​ក្រោយ​បង្អស់​លោក ឡុង បូរេត ព្រម​ទាំង​ឈ្លើយ​សឹក​សង្គ្រាម​ជាង ៥០នាក់​ទៀត៕

បកប្រែ​ និង​កែសម្រួល​ពី​ការ​បង្ហោះ​របស់​លោក​ Jim Laurie អ្នក​កាសែត​អាមេរិក​យក​ព័ត៌មាន​ពី​សង្គ្រាម​នៅ​កម្ពុជា និង​អ្នក​និពន្ធ​សៀវភៅ ឧទ្ធម្ភាគចក្រ​ចុង​ក្រោយ៖ ២ ជីវិត​នៅ​តំបន់​ឥណ្ឌូចិន

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់