• 2021-03-17 01:00:00
  • ព័ត៌មាន

គ្រួសារអ្នកជំនួញមួយនៅកម្ពុជាមានសមាជិក ៣នាក់ទទួលបានងារជា «អ្នកឧកញ៉ា» ក្នុងថ្ងៃតែមួយ

  • 2021-03-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាចនិយាយបានថានេះកំណត់ត្រាប្លែកមួយសម្រាប់វិស័យជំនួួញនៅកម្ពុជាដែលសមាជិកម្ចាស់ជំនួញនៃក្រុមហ៊ុនយក្សមួយចំនួន ៣នាក់ទទួលបានគោរងារជា «អ្នកឧកញ៉ា» ក្នុងថ្ងៃតែមួយ។

អ្នកឧកញ៉ា លាង ម៉េង(ឆ្វេង) អ្នកឧកញ៉ា ភាព ហៀក(កណ្តាល) អ្នកឧកញ៉ា លាង ឃុន (ស្តាំ) រូបថត៖ព្រីនស្គ្រីនវីដេអូ​ពីគេហទំព័រ ជីប ម៉ុងគ្រុប

ឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាល, ឧកញ៉ា លាង ឃុន ប្រធានអគ្គនាយកក្រុមហ៊ុន និងឧកញ៉ា លាង ម៉េង អគ្គនាយក ដែលជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារជា «អ្នកឧកញ៉ា» ក្នុងថ្ងៃតែមួយ គឺនៅថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០កន្លងទៅ។

បើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលចេញថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧​ ស្តីពីការកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ បានបញ្ជាក់ថា៖ មាត្រា១ «ចំណុចទី១ មាត្រា២ នៃនៃអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ត្រូវបានធ្វើការកែសម្រួលដូចតទៅ៖ ១ ថ្មី សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី១០០០០០(ដប់ម៉ឺន) ដុល្លារអាមេរិក ឡើងទៅ ត្រូវបានជូនមេដាយ ស្ថាបនាជាតិថ្នាក់ទី១។ សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកា ឬសម្ភារៈ ដែលមានតម្លៃលើសពី​ ៥០០០០០ (ហាសិបម៉ឺន) ដុល្លារឡើងទៅ ត្រូវបានរាជរដ្ឋាភិបាល ស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់ នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរមងារ ជា “ឧកញ៉ា”»

ដូច្នេះមានន័យថា ចាប់ពីខែមេសា​ ឆ្នាំ២០១៧ មក ដើម្បីទទួលបានគោរមងារជា «ឧកញ៉ា» គឺទាល់តែបុគ្គលរូបនោះធ្វើអំណោយជូនរដ្ឋ មានតម្លៃលើសពី ៥០ម៉ឺនដុល្លារឡើងទៅ។ សម្រាប់គោរមងារ«អ្នកឧកញ៉ា» វិញហាក់មិនមែនលិខិត ឬឯកសារផ្លូវការណាមួយបញ្ជាក់ពីការធ្វើអំណោយដល់រាជរដ្ឋាភិបាលចំនួនប៉ុន្មាននោះទេទើបទទួលបានងារជា អ្នកឧកញ៉ា នោះ។

សារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា អ្នកឧកញ៉ាជីបម៉ុងគ្រុបទាំង ៣ រូបនេះ បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម សកម្មភាពសប្បុរសធម៌, ឧបត្ថម្ភកាកបាទក្រហម, មូលនិធិគន្ធបុប្ផា, សាងសង់មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ទីលានកីឡាតាមសាលា, ផ្តល់អាហាររូបករណ៍ និងការឧបត្ថម្ភយុទ្ធនាការណ៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ ។​ ការចូលរួមទាំងនេះជាហេតុផលឲ្យដែលនាំទទួលបានគោរមងារជា «អ្នកឧកញ៉ា» ។

អ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលជាស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុងគ្រុបមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធរបស់ខ្លួនប៉ុន្មាន? បើយោងតាមគេហទំព័ររបស់ក្រុមហ៊ុន ជីប ម៉ុង​គ្រុបបានបញ្ជាក់ថា ក្រុមហ៊ុន ជីប ម៉ុង គឺជាក្រុមហ៊ុននាំមុខក្នុងវិស័យដូចជា ការអភិវឌ្ឍលំនៅឋាន, បេតុងលាយស្រេច, ការចែកចាយ និងផលិតស៊ីម៉ងត៍, ការ ចែកចាយផលិតផលបរិភោគ, ការផលិតស្រាបៀរ និងភេសជ្ជៈធំមួយនៅកម្ពុជា។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ឬសសរស្តម្ភ រួមមាន៖

  • ជីប ម៉ុងត្រេឌីងបង្កើតនៅឆ្នាំ១៩៨២ ៖គ្រឿងសំណង់ គ្រឿងឧបភោកបរិភោគ

  • ជីប ម៉ុង អ៊ិនដាស្ទ្រីស៍បង្កើតនៅឆ្នាំ២០០៧៖ បេតុងលាយស្រេច បរិក្ខាសម្ភារ:លំនៅដ្ឋាន

  • ជីប ម៉ុងលែន បង្កើតនៅឆ្នាំ២០០៨៖ អចលនទ្រព្យ លែនម៉ាក, ផាកលែន, លែនរីច

  • ខ្មែរ ប៊ែវីរើជីស បង្កើតនៅឆ្នាំ២០០៩៖ ស្រាបៀរកម្ពុជា និងភេសជ្ជ:

  • ក្រោន ខ្មែរ ប៊ែវើរីជីស បង្កើតនៅឆ្នាំ២០១៤៖ ផលិតផល កំប៉ុង

  • ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បង្កើតនៅឆ្នាំ២០១៤៖ ផលិតស៊ីម៉ងត៍

  • សណ្ឋាគារផ្កាយ៥ ហាយ៉ាត់ រីជិនស៊ីភ្នំពេញ បង្តើតនៅឆ្នាំ២០១៦

  • ជីប ម៉ុងរីថែល បង្កើតនៅឆ្នាំ ២០១៧៖ មណ្ឌលផ្សារទំនើប, ផ្សារទំនើបជីប ម៉ុង, ជីប​ ម៉ុង Express

  • សណ្ឋាគារផ្កាយ៣ ហ្វែរហ្វៀល បាយម៉ារៀតភ្នំពេញ

  • ធនាគារ ជីប ម៉ុង បង្កើតនៅឆ្នាំ២០១៨

  • ក្លឹបវាយកូនហ្គោល ហ្គ្រេនរ៉ូយ៉ាល់ ហ្គោល អែន រីសត

  • ទីក្រុងរណបហ្គ្រេនភ្នំពេញ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់