• 2021-05-10 08:18:22
  • ព័ត៌មាន

មូលហេតុនៅពីក្រោយភាពជោគជ័យដ៏ត្រចះត្រចង់ របស់ប្រទេសអ៉ីស្រាអ៊ែល លើការគ្រប់គ្រងវីរុសកូវីដ-១៩

  • 2021-05-10 08:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើនិយាយទៅដល់ប្រទេសតូច តែមានសក្តានុពលប្រជាជនខ្លាំង គឺគេតែងនឹកឃើញទៅដល់ ប្រទេសមួយ ស្ថិតនៅប៉ែកខាងលិចតំបន់អាសុី មានព្រំប្រទល់ ខាងជើងជាប់ប្រទេស លីបង់, ឈៀងខាងជើងជាប់ ប្រទេស សុីរី, និងប៉ែកខាងកើតជាប់ ប្រទេសហ្សក់ដានី។ ប្រទេសនោះគឺ អុីស្រាអ៊ែល។

មានទីក្រុង Jerusalem ជារដ្ឋធានី អុីស្រាអ៊ែល មានចំនួនប្រជាជនរស់នៅត្រឹម ៨,៧៦៩,៩៣១ នាក់ប៉ុណ្ណោះ។ ចំណែកជនជាតិដែលរស់នៅច្រើនជាងគេ នៅក្នុងប្រទេសនេះ គឺជាជនជាតិ ជ្វីប មានរហូតដល់ទៅ ៧៤,២%។ បន្ទាប់មកគឺជា ជនជាតិ អារ៉ាប់ មានចំនួន ២០,៩% និង ជនជាតិផ្សេងៗទៀត មាន ៤,៨%។ នេះបើតាមរបាយការណ៍ចេញនៅឆ្នាំ ២០២១។ ចំពោះផ្ទៃដី អុីស្រាលអែល មិនចាត់ចូលជាប្រទេសមានក្រឡាផ្ទៃធំនោះទេ ដោយផ្ទៃក្រឡាសរុបគឺ ២២,០៧២ គីឡូម៉ែត្រការ៉េ។ ពោលគឺធំជាងប្រទេសកម្ពុជាយើង តែបន្តិចប៉ុណ្ណោះ។

រឿងមួយដែលគួរឱ្យគេកោតស្ងប់ស្ងែងទៅលើប្រទេស អុីស្រាអែល នោះគឺ ដែនដីប្រទេសមួយនេះ បានបាត់ចេញពីផែនទីពិភពលោក អស់ជាង២ពាន់ឆ្នាំ។ ប៉ុន្តែដោយសារស្មារតីស្រលាញ់ទឹកដី ដូនតា ប្រជាជនជ្វីបដែលរសាត់ទៅរស់នៅតាមប្រទេសនានានៅលើពិភពលោក បានរូមសាមគ្គី វិញជាធ្លុងមួយ ទើបអាចមានសមត្ថភាពធ្វើសង្រ្គាមដណ្តើមទឹកដីរបស់ដូនតា បានបន្សល់ទុកមកវិញបានដោយជោគជ័យ និង បង្កបង្កើតកសាងជារដ្ឋអធិបតេយ្យមួយឡើង បានដោយជោគជ័យ។

និយាយមកដល់ពេលបច្ចុប្បន្ន អុីស្រាអ៊ែល ជាប្រទេសមួយដែលមានការរីកចម្រើនខ្លាំងទាំងផ្នែក សេដ្ឋកិច្ច បច្ចេកវិទ្យា និង វិស័យយោធាការពារជាតិ។ ប្រទេសមួយនេះជារឿយៗ តែងស្វែងរករបកគំហើញថ្មីៗ ពាក់ព័ន្ធនឹងវិស័យដែលបម្រើដល់ចំណូលជាតិ តួយ៉ាង វិស័យកសិកម្ម ក៏ប្រទេសមួយនេះ ធ្វើឡើងតាមបែបបច្ចេកវិទ្យាទំនើបជំនាន់ថ្មី ផងដែរ។ ថ្វីដ្បិត មានប្រជាជនតិច ត្រឹម ៨លាននាក់ជាង ប៉ុន្តែប្រជាជន អុីស្រាលអែលទាំងអស់ សុទ្ធតែជាធនធានមនុស្សមានសមត្ថភាពអាចធ្វើជាសសរទ្រូងប្រទេសជាតិបាន។

ឆ្នាំ ២០១៩ ជាឆ្នាំដែលពិភពលោកជួបការរាតត្បាតដោយ វីរុសមួយចម្លែកដែលគ្មានថ្នាំសម្រាប់ព្យាបាល ។ វីរុសនេះ ត្រូវបានគេឱ្យឈ្មោះថា Corona ឬ Covid19។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ វីរុសCovid19 បានឆ្លងទៅលើប្រជាជន អុីស្រាលអែល ចំនួន ៨៣៨,៨៩២នាក់ ដោយក្នុងនោះ មានអ្នកស្លាប់បាត់បង់ជីវិត ក្នុងរង្វង់តូលេខ ៦៣៧៧នាក់។ ក្រោយរយៈពេល ២ឆ្នាំនៃការវាយប្រហារដោយវីរុសផ្ទុះឆ្លងចេញពីទីក្រុង វូហាន ប្រទេសចិនមួយនេះ អុីស្រាអ៊ែល អាចធ្វើការសង្គ្រោះអាយុជីវិតប្រជាជនខ្លូនដែលវិជ្ជមាន Covid19 ក្នុងតួលេខមួយមិននឹកស្មាន គឺ ក្នុងចំណោមអ្នកឆ្លងវីរុស Covid-19សរុប ៨៣៣,៨៩២នាក់ មាន ៨៣១,៦២០នាក់ បានជាសះស្បើយ។ នេះជាចំនួនអ្នកជាសះស្បើយ ច្រើនបំផុតមួយ បើប្រៀបធៀបទៅនឹងចំនួនអ្នកឆ្លងសរុបទាំងអស់នៅក្នុងប្រទេស។

នៅក្នុងឆ្នាំ២០២១នេះ ប្រទេសជាច្រើននៅលើពិភពលោក កំពុងនៅលើសមរភូមិប្រយុទ្ធជាមួយជំងឺ Covid-19 ដែលឆក់យកជីវិតប្រជាជនជារៀងរាល់ថ្ងៃ ប៉ុន្តែ អុីស្រអ៊ែល បានធូរស្បើយពីជំងឺឆ្លងមួយនេះហើយ។ លើសពីនេះ រដ្ឋាភិបាលបានធ្វើការប្រកាសអនុញ្ញាតឱ្យប្រជាជន អាចធ្វើដំណើរចេញក្រៅផ្ទះបាន ដោយមិនចាំបាច់ពាក់ម៉ាស់ការពារនោះទេ។ នេះមានន័យថា អុីស្រាអ៊ែល អាច គ្រប់គ្រងការឆ្លងរីករាលដាលនៃវីរុស Corona ដ៏កាចសាហាវ។

នៅពីក្រោយភាពជោគជ័យមួយនេះ ត្រូវបានគេជឿជាក់យ៉ាងមុតមាំថា អុីស្រាលអែល ប្រាកដជាមានវិធានការ និង ផែនការច្បាស់លាស់ដើម្បីទប់ស្កាត់ប្រជាជនពីការឆ្លងជំងឺ Covid-19។ ការចាក់វ៉ាក់សាំងការពារទៅដល់ប្រជាជន ជាផែនការយុទ្ធសាស្រ្ត របស់រដ្ឋាភិបាល តួយ៉ាងដូចឃើញជាក់ស្តែងគឺ ប្រជាជនអុីស្រាលអែល ៣៨% បានទទួលការវ៉ាក់សាំងការពារ បើធៀបជាមួយ ប្រទេសអង់គ្លេស ដែលជាប្រទេសផលិតវ៉ាក់សាំងវិញ គឺមានត្រឹមតែ ១៦% ប៉ុណ្ណោះក្នុងចំណោមប្រជាជនសរុបដែលបានទទួលការវ៉ាក់សាំងការពារ។

ក្រៅពីការចាក់វ៉ាក់សាំងដើម្បីការពារ មិនឱ្យវីរុសកូវីដជ្រៀតជ្រែកវាយលុកចូលក្នុងសារពាង្គកាយ គេមើលឃើញថា រដ្ឋាភិបាលអុីស្រាអ៊ែល មានវិធានការទប់ស្កាត់ផ្សេងទៀតដូចជា ការហាមជួបជុំមិនឱ្យប្រមូលផ្តុំ ការរក្សាគម្លាត ការពាក់ម៉ាស់ការពារ បូករួមទាំងប្រជាជនអុីស្រាអ៊ែល មានការយល់ដឹងខ្ពស់ស្រាប់ផងនោះ ធ្វើឱ្យការដាក់ចេញវិធានការសុវត្ថិភាពដែលត្រូវបានដាក់ចេញដោយក្រសួងសុខាភិបាលប្រទេសនេះ មានការចូលរួមអនុវត្តពីប្រជាជនគ្រប់ស្រទាប់វណ្ណៈ យ៉ាងមានប្រសិទ្ធភាព គួរឱ្យកត់សម្គាល់។ គួរឱ្យដឹងថា អុីស្រាអ៊ែល ធ្លាប់បានបិទប្រទេសចំនួន ៣ ដងរួចមកហើយ មុនឈានទៅដល់ការបើកប្រទេសវិញ និង ប្រកាសអំពីភាពជោគជ័យលើការយកឈ្នះលើវីរុស​ Covid19។

អ្វីដែលប្រទេសដទៃទៀតគួររៀនសូត្រតាម អុីស្រាអ៊ែលនោះ គឺ ការដាក់ចេញផែនការច្បាស់លាស់ ការមានវិធានការទប់ស្កាត់ទាន់ពេលវេលា និង ការជំរុញឱ្យប្រជាជនមានការចូលរូមសហការ សុទ្ធសឹងតែជាចំណុចស្នូរសំខាន់ៗដែលប្រទេសទាំងអស់នៅលើពិភពលោក អាចយកជាគំរូបាន ដើម្បីប្រយុទ្ធប្រឆាំងយកឈ្នះលើជំងឺរាតត្បាត Covid19។ បច្ចុប្បន្ន អុីស្រាលអែល បានចេញសេចក្តីសម្រេចឱ្យប្រជាជន អាចដើរហើរ ចេញទៅខាងក្រៅ និង ទីសាធារណៈ ដោយមិនចាំបាច់ធ្វើការពាក់ម៉ាស់ការពារឡើយ។ យ៉ាងណាមិញ រដ្ឋាភិបាលប្រទេសនេះតែងតែក្រើនរំលឹកទៅដល់ប្រជាជនរបស់ខ្លួនជារឿយៗ កុំភ្លេចថែរក្សាអនាម័យឱ្យបានជាប់ជាប្រចាំ៕

ប្រភព៖ Reuters | Wikipedia ប្រែសម្រួល ៖ សង្ហា

មតិយោបល់