• 2021-07-19 04:22:17
  • ព័ត៌មាន

មកដឹងពីអត្ថន័យ នៃនិមិត្ដសញ្ញារបស់ខេត្ដស្វាយរៀង ដែលជ្រើសយករូបសំណាកសត្វគោមួយជាសម្គាល់

  • 2021-07-19 04:22:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលដើមឡើយ មុន និងក្រោយរៀបចំខេត្តស្វាយរៀង ពុំដែលមានឯកសារណាមួយ ឬទឡ្ហីករណ៍ណាមួយដែលបានបញ្ជាក់ច្បាស់លាស់អំពីសាវតារ ឬនិមិត្តសញ្ញាសម្គាល់ខេត្តស្វាយរៀងឡើយ ។ បើតាមឯកសារមួយចំនួន ដែលសរសេរក្នុងចន្លោះឆ្នាំ ១៨៨៩-១៩០៤ ក៏ពុំឃើញមានសញ្ញាសម្គាល់អ្វីច្បាស់លាស់ដែរ ។

យោងតាមឯកសារចងក្រងក្នុងទំព័រផ្លូវការរបស់រដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថា អំឡុងឆ្នាំ១៩៤៧ ថ្នាក់ដឹកនាំខេត្តស្វាយរៀង បានរៀបចំរូបព្រះគោនន្ទី ដាក់តាំងនៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់រង្វង់មូលរូបគោបច្ចុប្បន្ន ។ ដោយការដាក់រូបគោជាតំណាងគឺដើម្បីជាការរំលឹកពីគុណរបស់ព្រះគោ ក្នុងរឿង «ព្រះគោព្រះកែវ» ផង និងបង្ហាញពីគុណសម្បត្តិរបស់តួអង្គ សត្វគោ ដែលជួយបម្រើដល់វិស័យកសិកម្មក្នុងការអូសទាញ ភ្ជូររាស់ជាកម្លាំងស្នូល ដែលប្រជាជនខេត្តស្វាយរៀងភាគច្រើនលើសលប់រស់ដោយពឹងផ្អែកលើវិស័យកសិកម្ម ។

រហូតមកដល់ឆ្នាំ១៩៥៧ រូបគោត្រូវបានរចនាលម្អបន្ថែម ដោយសារអ្នកស្រុកមួយចំនួនមានជំនឿថា ជារូបព្រះគោក្នុងរឿងព្រេង «ព្រះគោព្រះកែវ» មកចាប់បដិសន្ធិក្នុងទឹកដីខេត្តស្វាយរៀងនេះ និងតែងតែផ្ដល់សេចក្ដីសុខសប្បាយ ដល់អ្នកស្រុករស់នៅទីនោះ។

អំពីរូបព្រះគោនន្ទីជារូបតំណាងខេត្ត ៖ រូបព្រះគោនន្ទីនេះមិនទាក់ទងជាមួយនឹងរឿងព្រេង «ព្រះគោព្រះកែវ» នោះទេ ។ ប្រវតិ្តរបស់គោនន្ទីនេះ ក្នុងគម្ពីព្រហ្មញ្ញសាសនា ថាជា ជំនិះរបស់ព្រះឥសូរ ឬជាសេនាសេវិក របស់ព្រះឥសូរ ។ ក្នុងប្រាសាទព្រហ្មញ្ញសាសនាដែលមានតាំងរូបព្រះឥសូរ ច្រកចេញចូលនៃគុហារ ឬ ប្រាសាទថ្ម គេតែងតែសាងរូបព្រះគោនន្ទីសម្រាប់ជាជំនិះដ៏វិសេសរបស់ព្រះឥសូរ ។

ដោយឡែក រូបសំណាកព្រះគោនន្ទីដែលកសាងនាសតវត្សរ៍ទី៧ ធ្វើអំពីថ្មភក់ មានកម្ពស់ ០,៣៣ ម៉ែត្រ និងតួខ្លួនមានប្រវែង ០,៥៥ ម៉ែត្រ ត្រូវបានគេរកឃើញចន្លោះឆ្នាំ១៩៣០-១៩៣៦ ក្នុង ប្រាសាទព្រៃបាសាក់ ស្ថិតនៅឃុំបាសាក់ ស្រុករំដួល (បច្ចុប្បន្នស្រុកស្វាយជ្រំ) ដែលត្រូវបានចាត់ទុកថាជាសម្បត្តិបេតិកភ័ណ្ឌវប្បធម៌របស់ជាតិ និងត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ យកទៅតាំងនៅសារមន្ទីរជាតិ ។

សរុបសេចក្ដីមក រូបគោ និងរូបព្រះគោនន្ទី មានអត្ថន័យផ្សេងៗគ្នាទៅតាមលទ្ធិសាសនានីមួយៗ គឺព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ។ បច្ចុប្បន្នប្រជាជនខ្មែរលើសលប់គោរពព្រះពុទ្ធសាសនា ។ ជាពិសេស ថ្នាក់ដឹកនាំខេត្តស្វាយរៀង មានជំនឿថាព្រះគោនន្ទី តំណាងឱ្យភាពសម្បូរសប្បាយ សេចក្ដីសុខ នៃប្រជារាស្រ្តនិករ ក្នុងតំបន់វាលរាប ខេត្តស្វាយរៀង ដែលប្រកបរបរកសិកម្ម ហើយដោយបុណ្យបារមី នៃព្រះគោនេះ បាននាំឱ្យប្រជាពលរដ្ឋខេត្តស្វាយរៀងជៀសផុតពីគ្រោះថ្នាក់ មហន្តរាយធំៗនានា ក្នុងនោះកសិផលរបស់ប្រជាពលរដ្ឋតែងបានទទួលផលតាមបំណងប្រាថ្នា ។

ម្យ៉ាងដោយរូបព្រះគោនន្ទីនេះ ជាវត្ថុបុរាណដែលមានអាយុកាលចាស់ ជាងគេក្នុងចំណោមរូបបដិមានានា នៅទឹកដីខេត្តស្វាយរៀងនេះ ទើបថ្នាក់ដឹកនាំខេត្តស្វាយរៀងក្នុង ទស្សវត្សឆ្នាំ៤០ និងទស្សវត្សឆ្នាំ៥០ បានយករូបព្រះគោនន្ទី ជានិមិត្តរូប ឬនិមិត្តសញ្ញារបស់ខេត្តស្វាយរៀង រហូតមកដល់សព្វថ្ងៃ ៕

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់