• 2021-10-28 10:51:40
  • ព័ត៌មាន

កម្ពុជារកឃើញវត្តមាន «ខ្យងគោកយក្ស»ឡើងវិញ ក្រោយបាត់ស្លាកស្នាមតាំងពីជាង១០០ឆ្នាំមុន

  • 2021-10-28 10:51:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរកឃើញឡើងវិញនូវខ្យងគោកយក្សកម្ពុជា Cambodian Giant Land Snail (Bertia cambojiensis)ខ្យងគោកយក្សកម្ពុជា (Bertia cambojiensis) គឺជាប្រភេទខ្យងដែលមានសម្បកធំ រស់នៅលើគោកក្នុងព្រៃស្រោង និងត្រូវបានពិពណ៌នាដំបូងដោយអ្នកធម្មជាតិវិទូរបារាំងឈ្មោះ Henri Mouhot នៅឆ្នាំ១៨៦០ ពីកន្លែងមួយឈ្មោះថា Brelum (ជាភាសាបារាំង) នៃប្រទេសកម្ពុជា ប៉ុន្តែដោយសារថា ចំណុចនិយាមការនៃទីតាំងនោះពុំមានការកត់ត្រាច្បាស់លាស់ ទើបអ្នកស្រាវជ្រាវក្រោយៗមកមានការលំបាកក្នុងការកំណត់ទីកន្លែងជាក់លាក់ណាមួយក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

ជាងនេះទៀត ព័ត៌មានអំពីប្រភេទខ្យងគោកយក្សកម្ពុជានេះបានបាត់ស្ងាត់ឈឹងដោយសារកង្វះការស្រាវជ្រាវ និងសង្គ្រាមស៊ីវិលក្នុងប្រទេស ហើយប្រការនេះនាំឱ្យមានអ្នកវិភាគខ្លះនិយាយថា ប្រភេទខ្យងនេះពុំមានវត្តមាននៅកម្ពុជាទៀតឡើយ (Sutcharit et al., 2019)។ នេះបើតាមការផ្សាយរបស់ ក្រសួងបរិស្ថាននៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១នេះ។

មន្រ្តីក្រសួងបរិស្ថានសហការជាមួយអ្នកជំនាញនៃមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រទះឃើញប្រភេទខ្យងនេះក្នុងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរី នាឆ្នាំ២០១៨ ហើយជាលទ្ធផលបានប្រមូលសំណាកមករក្សាទុកនៅសារមន្ទីរសត្តវិទ្យាជីវៈចម្រុះនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ តាមរយៈរបកកំហើញឡើងវិញនេះ ក្រុមស្រាវជ្រាវក៏បានបោះពុម្ភផ្សាយពីប្រភេទខ្យងយក្សនេះក្នុងទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្រ្ត CJNH នៅឆ្នាំ២០១៩។ របកគំហើញនេះគឺជាការបញ្ជាក់ឱ្យកាន់តែច្បាស់ថា ខ្យងគោកយក្សកម្ពុជាពិតជាមានវត្តមាននៅលើទឹកដីនៃប្រទេសកម្ពុជា ហើយក៏ស្របទៅតាមការដាក់ឈ្មោះរបស់អ្នកស្រាវជ្រាវដំបូងថា Bertia cambojiensis ដែលជាការសម្គាល់ទីតាំងភូមិសស្រ្តប្រទេសកម្ពុជា (cambojiensis)។

ទោះបីជាមានការបញ្ជាក់ពីការរកឃើញឡើងវិញនៃប្រភេទខ្យងនេះក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ព័ត៌មានអំពីរបាយនៃប្រភេទ ចំនួនសរុប (ប៉ូពុយឡាស្យុង) និងកត្តាគំរាមកំហែងលើប្រភេទខ្យងនេះនៅមានកម្រិតនៅឡើយ ដែលប្រការទាំងនេះតម្រូវឱ្យមានការសិក្សាស្រាវជ្រាវបន្ថែម និងចាត់វិធានការការពារឱ្យមានប្រសិទ្ធភាព។ សូមបញ្ជាក់ថា ខ្យងគោកយក្សកម្ពុជានាពេលបច្ចុប្បន្នមានចំណាត់ថា្នក់ជាប្រភេទសត្វជិតផុតពូជបំផុតជាសាកលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ពីព្រោះ ខ្យងនេះមានវត្តមានតិចតួចប៉ុណ្ណោះក្នុងប្រទេសវៀតណាម និងពុំមានទិន្នន័យក្នុងប្រទេសកម្ពុជាឡើយ។

ប្រភព៖ ក្រសួងបរិស្ថាន

អត្ថបទដកស្រង់ដោយ៖ ស៊ូ អីន

មតិយោបល់
អត្ថបទថ្មី