• 2021-12-03 03:23:09
  • ព័ត៌មាន

ទៀត​ហើយ ខេត្តព្រះសីហនុ​ កសាង​បាន​ទីលាន​សំរាម​កម្រិត​ស្តង់​ដា​ទី១ របស់​កម្ពុជា

  • 2021-12-03 03:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​ព្រះសីហនុដែល​លេច​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ល្អ​ជា​ច្រើន​នោះ នៅ​ពេល​នេះ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ សម្រេច​បាន​ការ​កសាង​ទីលាន​ចាក់​សម្រាម​ទី​១​របស់​កម្ពុជា ដែល​ការ​សាង​សង់ គឺ​ស្រប​តាម​បទដ្ឋានបច្ចេកទេស​ត្រឹមត្រូវ។ នេះបើ​តាម​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានថ្លែង​កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ មក​អ្នកសារព័ត៌មានធ្វើ។

នេះ​ជា​ដំណើរទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រងសំណល់រឹងសំរាមនទីលានចាក់សំរាមរបស់ខេត្តព្រះសីហនុ​ដែល​រៀប​ចំ​ដោយ​ក្រសួង​បរិស្ថាន។ ទីលានចាក់សំរាមនៅខេត្តព្រះសីហនុ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងបានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រងនិងប្រតិបត្តិការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា តាមបទដ្ឋានបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានសាងសង់ទីលាននេះ គម្រោងសម្រាប់ចាក់សំរាមរយៈពេល ៥ឆ្នាំ ដោយកាយមាន ៤ រណ្តៅទំហំជាង ៥ ហិកតា ដែលអាចកាយកប់សំរាម ៧ ស្រទាប់ និងមានកម្ពស់ ២១ ម៉ែត្រ ដែលតាមការគណនាអាចផ្ទុកសំរាម ជិត ១លានតោន។

ឯកឧត្តម​ឲ្យដឹង​បន្ត​ថា នៅក្នុងឆ្នាំ ២០២២ ខាងមុខ ទីលានចាក់សំរាមដែល មានលក្ខណៈស្តង់ដារបច្ចេកទេស​ដូច​គ្នានេះ យ៉ាងតិច ៦ ទៀត នឹងត្រូវ​ដាក់ឱ្យដំណើរការដែលជាកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកជាដើម។

បើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន ចំពោះគម្រោងដែលរាជរដ្ឋាភិបាលសហការជាមួយដៃគូអភិវឌ្ឍន៍បង្កើតទីលានចាក់សំរាម បែបស្តង់ដាបច្ចេកទេសនេះ ដែល​គ្រោងដាក់ដំណើរការនៅអំឡុងឆ្នាំ ២០២២ មានដូចជាទីលានចាក់សំរាមនៅខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ បាត់ដំបង ខេត្តកំពតជាដើម។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងបរិស្ថាន នឹងធ្វើ​ការជាមួយដៃគូបន្ថែមទៀតដើម្បីសាងសង់ទីលានចាក់សំរាមស្របតាមបច្ចេកទេសដូចជា សៀមរាប ខេត្តបន្ទាយមានជ័យជាដើម ដែលជាគោលដៅរបស់រាជរដ្ឋាភិបាលនឹងគ្រប់គ្រងសំណល់​រឹងសំរាមឱ្យបានល្អដែលជាគោលបំណងនៃគោលនយោបាយជាតិគ្រប់គ្រង សំណល់រឹង សំរាមដែលរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត។

តាម​ឯកឧត្តមរដ្ឋលេខាធិការ ក្នុងមួយថ្ងៃ សំណល់សំរាមតែងបង្កើតឡើងមានប្រមាណជាង ១ម៉ឺន តោន ហើយក្នុងមួយឆ្នាំ សំណល់សំរាម មានប្រមាណ ៤ លានតោន។ ដោយឡែកនៅក្នុងខេត្តព្រះសីហនុមានសំរាមចន្លោះពី ៣៥០ – ៤០០ តោន ត្រូវបានបង្កើតឡើង ក្នុងមួយថ្ងៃ។ តាមការសិក្សា ក្នុងចំណោមសំរាមទាំងនេះគឺមាន ៦៥ ភាគរយ គឺជាសំរាមសំណល់ សរីរាង្គ , ២០ ភាគរយជាសំណល់ ប្លាស្ទិ ក ហើយនៅសល់ប៉ុន្មាន គឺជាសំណល់រឹង។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថាក្រសួងបរិស្ថានបានជំរុញឱ្យមានការញែកសំរាមតាមបច្ចេក ទេស និងធ្វើការកែច្នៃទៅតាមប្រភេទរបស់​វា ដើម្បីកាត់បន្ថយការយកសំណល់សំរាមមកទាំងអស់មកចាក់នៅលើទីលាន ព្រោះ​សំណល់​សំរាម​មានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងញែកតាមប្រភេទ និងយកទៅកែច្នៃ។

ចំពោះ​ខេត្ត​ព្រះសីហនុ ឯកឧត្តម បាន​បញ្ជាក់​ថាៈ រាជរដ្ឋាភិបាលយកចិត្តជា​ពិសេស លើ​ការទុកដាក់ និង​គ្រប់គ្រងសំណល់ សំរាម​នេះ ដោយសារខេត្ត នេះជាខេត្តគោលដៅប្រែក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

រូបភាព៖ក្រសួងបរិស្ថាន

ជុំវិញ​បញ្ហា​នេះ​ដែរ លោក ហុក សុផាន់ណារ៉ូ នាយក​គ្រប់គ្រងទីលានសំរាមទីប្រជុំជន នៅខេត្តព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ទីលានចាក់សំរាមអូរតាសេក​របស់​ខេត្ត ក្នុង​១ថ្ងៃ មាន​សំរាម​ប្រមាណ ៤០០តោន ប្រមាណ១០ ៥៧៤ តោន​ គិត​ក្នុងរយៈពេល ២៥ ថ្ងៃ (ចាប់ពីថ្ងៃទី០៥-៣០ ខែវិច្ឆិកា)។ ប៉ុន្តែ​សំរាម​ទាំង​អស់ មិនមែនមកតែពីក្រុងព្រះសីហនុនោះទេ វាក៏មកពីស្រុក​ព្រៃនប់ ដែល​អនុវត្តប្រតិបត្តិករ ចំនួនពីរក្រុមហ៊ុន​ដែរ៕

អត្ថបទ៖ ទារិកា

មតិយោបល់