• 2022-05-23 03:38:33
  • ព័ត៌មាន

ប្រុងប្រយ័ត្នបងប្អូន! ក្រសួងចេញសេចក្តីព្រមានពីជំងឺអុតស្វាហើយ កុំប្រហែសឲ្យសោះនេះជាជំងឺឆ្លង

  • 2022-05-23 03:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីណែនាំនិងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តប្រុងប្រយ័ត្នការពារខ្លួននិងរក្សាអនាម័យ ព្រមទាំងជៀសវាប៉ះពាល់ផ្ទាល់ជាមួយអ្នកដែលឈឺជំងឺអុតស្វា ដោយបច្ចុប្បន្ននេះជំងឺស្វា(Monkeypox) បានបន្តឆ្លងរីករាដាលទៅលើប្រទេសចំនួន១២ហើយនៅទូទាំងសាកលលោក បើទោះបីជាជំងឺអុតនេះមិនទាន់កើតមាននៅកម្ពុជានៅឡើយក៏ដោយ ក៏វានឹងអាចមានហានិភ័យណាមួយកើតឡើងជាយថាហេតុ។

១.រោគសញ្ញានៃជំងឺអុតស្វា (Monkeypox) ៖ មានដូចជា

• ក្តៅខ្លួន ឈឺក្បាលខ្លាំង ហើមកូនកណ្តុរ ឈឺសាច់ដុំ និងចេញកន្ទួលដែលមានពងបែក។

• កន្ទួលមានទំនោរប្រមូលផ្ដុំនៅលើមុខ បាតដៃ និងបាតជើង។

• មាត់ ប្រដាប់ភេទ និងភ្នែក ក៏អាចរងផលប៉ះពាល់ផងដែរ។

• រោគសញ្ញា និងកន្ទួលលើស្បែក ជាទូទៅមានរយៈពេលជាច្រើនសប្តាហ៍។

២.ការព្យាបាលជំងឺអុតស្វ (Monkeypox)៖

• ករណីភាគច្រើន រោគសញ្ញានៃជំងឺអុតស្វានេះ នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពី ២ ទៅ ៣ សប្តាហ៍ ប៉ុន្តែក្នុងករណីខ្លះ ជំងឺនេះ អាចនាំឱ្យមានភាពស្មុគស្មាញក្នុងការព្យាបាល និងអាចបណ្តាលឱ្យស្លាប់ដែរ។

• ការព្យាបាលត្រូវធ្វើការថែទាំតាមបែបគ្លីនិក (Clinical care) ដើម្បីបង្កើនប្រសិទ្ធភាពពេញលេញ និងកាត់ បន្ថយរោគសញ្ញា ព្រមទាំងធ្វើការគ្រប់គ្រងផលវិបាកលើសរីរាង្គបន្ថែមបណ្តាលមកពីជំងឺឆ្លងនេះ និងការ ការពារផលវិបាក ឬស្រឡាក រយៈពេលវែង ដែលត្រូវអនុវត្តឱ្យបានដិតដល់។

• ត្រូវបានផ្តល់ជាតិទឹក និងអាហារឱ្យបានគ្រប់គ្រាប់ដល់អ្នកជំងឺ ដើម្បីរក្សាស្ថានភាពអាហារូបត្ថម្ភបានល្អ។ • ការឆ្លងមេរោគ ឬបាក់តេរីបន្ទាប់បន្សំ គួរតែត្រូវបានព្យាបាលតាមសភាពជាក់ស្ដែងៗ

៣.ការព្យាបាលជំងឺអុតស្វា

• ការលើកកម្ពស់ការយល់ដឹង និងការអប់រំនៅក្នុងសហគមន៍ និងដល់បុគ្គលិកសុខាភិបាល ត្រូវធ្វើជាចាំបាច់ដើម្បីទប់ស្កាត់ និងបញ្ឈប់ការចម្លងបានទាន់ពេលវេលា។

• លើកកម្ពស់ការអនុវត្តកិច្ចការការពាររួមទាំងអនាម័យខ្លួនប្រាណ និងជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយ អ្នកដែលមានជំងឺនេះ ដូចជាការប៉ះពាល់ផ្ទាល់ជាមួយអ្នកឈឺ អនុវត្តការរួមភេទប្រកបដោយសុវត្ថិភាពដោយ ប្រើស្រោមអនាម័យ ធ្វើអនាម័យដៃស្អាតដោយសម្អាតជាមួយសាប៊ូ ឬដែលអាល់កុល និងអនុវត្តការការពារការ ចម្លងតាមផ្លូវដង្ហើម។

• បរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឱ្យបានល្អ។ • ចៀសវាងការប៉ះពាល់ជាមួយសត្វ រស់ ឬស្លាប់ និងរក្សាអនាម័យដៃជានិច្ច។

សូមជម្រាបថា រហូតមកដល់ពេលនេះ មិនទាន់មានករណ៏សង្ស័យ ឬ ករណីវិជ្ជមានជំងឺនេះ នៅកម្ពុជានៅឡើយទេទោះជាយ៉ាងណា ប្រជាជនដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជា និច្ច ដោយ បុគ្គល គ្រួសារ និងសហគមន៍ ត្រូវបន្តអនុវត្តវិធានការបង្ការជំងឺផ្ទាល់ខ្លួន ដែលក្រសួងសុខាភិ បាលតែងតែបានណែនាំ និងដូចដែលបានបង្ហាញនៅខាងក្រោមជាបន្តបន្ទាប់ទៀត។

គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវតាមដាន និងរាយការណ៍ករណីសង្ស័យណាមួយដែល កើតមានឡើងដើម្បីបន្តការស៊ើបអង្កេត។ ពង្រឹងប្រព័ន្ធតាមដានជំងឺនៅតាមមន្ទីរពេទ្យនានា ពិតជាមានសារៈសំខាន់ណាស់។ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ដែលមានកន្ទួលរមាស់នៅលើខ្លួន អមដោយមានគ្រុនក្តៅ និងមានប្រវត្តិធ្វើដំណើរមកពីបណ្តាប្រទេសប៉ែកខាងអាហ្វ្រិក (ប្រមាណជា ១០ប្រទេស ដែលមានការកើតឡើងនូវជំងឺអុតស្វា(Monkeypox) បែបជា អង់ដេមី ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥។

អត្ថបទដោយ៖ សាន​ សុធារដ្ឋ

មតិយោបល់