- 2022-07-28 07:41:20
- ព័ត៌មាន
យុវជនមកពី១៣ប្រទេស! ជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីសង្គ្រោះសត្វខ្លាធំ
- 2022-07-28 07:41:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនមកពី១៣ប្រទេស! ជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងបន្ថែម ដើម្បីសង្គ្រោះសត្វខ្លាធំ
ចន្លោះមិនឃើញ
អង្គការ WWF ឥណ្ឌា និង កម្មវិធីអភិរក្សសត្វខ្លាធំនៃអង្គការWWFថ្នាក់តំបន់ មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលយុវជនខ្លាធំអន្តរជាតិឆ្នាំ២០២២។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងរៀងរាល់១២ឆ្នាំម្តង ត្រូវនឹងឆ្នាំសត្វខ្លាតាមប្រតិទិនចន្ទគតិ ដោយបានប្រមូលផ្តុំយុវជនមកពីប្រទេសចំនួន១៣ប្រទេសដែលជាទីជម្រកសត្វខ្លាធំ ដើម្បីអំពាវនាវឲ្យមានកិច្ចខិតខំកាន់តែខ្លាំងថែមទៀតក្នុងការការពារសត្វខ្លាធំ។
ព្រះមហាក្សត្រិយានី Jetsun Pema Wangchuck នៃប្រទេសប៊ូតាន នឹងថ្លែងព្រះរាជសារទៅកាន់យុវជនសុច្ឆនៈ ដោយព្រះអង្គលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលយុវជនសត្វខ្លាអន្តរជាតិថា៖ «ដូចដែលយើងដឹងស្រាប់ហើយ ប្រទេសដែលជាជម្រកសត្វខ្លាធំទាំង១៣ នៅតែជាទីជម្រកធម្មជាតិសំខាន់ចុងក្រោយនៃសត្វដ៏សំខាន់នេះ ហើយអ្នកទាំងអស់គ្នាក្នុងនាមជាអ្នកតំណាងវ័យក្មេងនៃប្រជាជាតិទាំងនេះ ក៏ដូចជាតំណាងយុវជននៅទូទាំងពិភពលោក គឺជាអ្នកថែរក្សាសត្វខ្លាដែលនៅសេសសល់ចុងក្រោយបង្អស់ក្នុងពិភពលោកនេះ។»
បន្ទាប់ពីទទួលរាជសាររបស់ព្រះមហាក្សត្រិយានីរួចហើយ យុវជនសុច្ឆនៈដែលចូលរួមក្នុងព្រឹត្តិការណ៍នេះនឹងមានឱកាសពិភាក្សាអំពីបញ្ហាប្រឈមនៃការអភិរក្សសំខាន់ៗជាមួយនឹងក្រុមអ្នកជំនាញសត្វខ្លាធំផងដែរ។
កិច្ចប្រជុំកំពូលនេះនឹងបញ្ចប់ជាមួយនឹង "សេចក្តីប្រកាសរបស់យុវជនឆ្នាំ២០២២ សម្រាប់ការអភិរក្សខ្លាធំ" ដែលជាសារសំខាន់របស់យុវជនផ្ញើទៅ “វេទិកាសត្វខ្លាធំសាកល” ដែលជាស្ថាប័នអន្តររដ្ឋាភិបាលសម្រាប់ការអភិរក្សសត្វខ្លាធំដែលសម្របសម្រួលកម្មវិធី ស្តារសត្វខ្លាធំសាកល សម្រាប់ឆ្នាំ ២០២៣-២០៣៤។សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលយុវជននៅឆ្នាំនេះ ជាសញ្ញាណបង្ហាញថាអ្នកដឹកនាំវ័យក្មេងរួមគ្នាអំពាវនាវទៅដល់រដ្ឋាភិបាល រួមនឹងអ្នកធុរកិច្ចនៅក្នុងប្រទេសដែលជាទីជម្រកសត្វខ្លាធំ ដើម្បីធ្វើសកម្មភាពបន្ទាន់រួមគ្នាក្នុងគោលបំណងធានាអនាគតសម្រាប់សត្វខ្លាធំ។ សេចក្តីប្រកាសនេះកើតឡើងមុនពេលការចរចារជាអន្តរជាតិដ៏សំខាន់មួយ ដែលធ្វើឡើងនៅឆ្នាំនេះដើម្បីកំណត់កម្មវិធីស្តារសត្វខ្លាធំសាកល សម្រាប់១២ឆ្នាំបន្ទាប់ទៀត ពោលគឺឆ្នាំ ២០២២- ២០៣៤។
យុវជនសុច្ឆនៈតំណាងប្រទេសកម្ពុជា លោក ម៉ាន ហ្វាយ៉ានីន បានរៀបរាប់ថា៖ «ថ្វីបើសត្វខ្លាធំបានផុតពូជពីព្រៃធម្មជាតិនៃប្រទេសកម្ពុជាមែន ប៉ុន្តែសត្វនេះនៅតែមានសារៈសំខាន់សម្រាប់ខ្ញុំ និងប្រព័ន្ធអេកូឡូស៊ី។ ខ្ញុំបានឮតាមចាស់ៗជំនាន់មុនថាកាលពីដើមឡើយមានសត្វខ្លាធំនៅព្រៃធម្មជាតិយើង ហើយបើទោះបីជាខ្ញុំមិនបានឃើញផ្ទាល់ភ្នែកក៏ដោយ ខ្ញុំនៅតែមានការជឿជាក់ថានៅពេលដែលយើងធ្វើការរួមគ្នាកាន់តែខ្លាំងក្លាក្នុងការស្តារនិងការពារធម្មជាតិ សត្វខ្លាធំនឹងមានវត្តមានឡើងវិញនៅក្នុងព្រៃរបស់កម្ពុជានាពេលអនាគត។ យុវជននៅជំនាន់ខ្ញុំនេះ សង្ឃឹមនិងប្តេជ្ញាយ៉ាងមុតមាំថានឹងជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងនេះអោយទទួលបានជោគជ័យ។»
ព្រះមហាក្សត្រិយានី Jetsun Pema Wangchuck នៃប្រទេសប៊ូតង់ មានព្រះរាជបន្ទូលបន្ថែមថា៖ «ទីដែលបាត់បង់សត្វខ្លាធំ ជាទីដែលបាត់បង់លំនឹង និងទម្រង់នៃប្រព័ន្ធជីវិត។ សត្វខ្លាគឺជារង្វាស់នៃសុខុមាលភាពធម្មជាតិនិងព្រៃរបស់យើង វត្តមានរបស់ប្រភេទសត្វដ៏សំខាន់នេះបន្ថែមនូវគុណភាពដល់សុខភាពនៃការរស់នៅរបស់ភពផែនដីយើង។»
សូមជម្រាបថា សត្វខ្លាធំ ជាប្រភេទមំសាសី អម្បូរខ្លា ដែលជិតផុតពូជបំផុតក្នុងពិភពលោក។ ទីជម្រកធម្មជាតិរបស់សត្វខ្លាធំត្រូវបានធ្លាក់ចុះមកត្រឹម ៥ ភាគរយនៃទីជម្រកដើម ហើយបច្ចុប្បន្នក៏កាន់តែរួមតូចទៅៗ។ ការធានាទីជម្រករបស់សត្វខ្លាធំមានអត្ថប្រយោជន៍ជាសាកល ក្នុងនោះរួមបញ្ចូលទាំងការការពារព្រៃឈើ ដែលជួយការពារគ្រោះរាំងស្ងួត កាត់បន្ថយទឹកជំនន់ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
លោក Stuart Chapman ប្រធានកម្មវិធីអភិរក្សសត្វខ្លាធំនៃអង្គការWWFថ្នាក់តំបន់ បានមានប្រសាសន៍ថា៖ «ការកើនឡើងវិញនៃចំនួនសត្វខ្លាធំក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះគឺជាសញ្ញានៃក្តីសង្ឃឹម បន្ទាប់ពីនិន្នាការធ្លាក់ចុះជាច្រើនសតវត្សចុងក្រោយត្រូវបានផ្លាស់ប្តូរមកវិញ ដែលជាជំហានជោគជ័យមួយសម្រាប់ការអភិរក្សសត្វប្រភេទនេះ។ សំឡេងរបស់យុវជនចាំបាច់ត្រូវបានលឺដោយអ្នកធ្វើសេចក្តីសម្រេចចិត្តនៅក្នុងប្រទេសដែលជាទីជម្រកសត្វខ្លាធំ ដើម្បីធានាថាយើងអាចបង្កើតអនាគតមួយ ដែលសត្វខ្លាធំ ក្លាយជាកេរដំណែលអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ។»