• 2022-10-06 05:04:42
  • ព័ត៌មាន

គន្លឹះ ៦យ៉ាង ដែលជួយឲ្យយើងទន្ទេញមេរៀនឆាប់ចាំ ហើយចាំបានយូរទៀត

  • 2022-10-06 05:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយនឹងការឈានចូលមកដល់នៃការប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០២២-២០២៣ដែលនឹងខិតជិតមកដល់នាពេលខាងមុខ សិស្សភាគច្រើនបាននឹងកំពុងមមាញឹកក្នុងការធ្វើលំហាត់ក៏ដូចជាការទន្ទេញមេរៀនយ៉ាងខ្ជាប់ខ្ជួនផងដែរ។

រឿងការងារខ្លះ អាចត្រូវប្រើកម្លាំង តែការសិក្សា ក៏មិនត្រូវភ្លេចរិះរកវិធីដើម្បីរៀនឆាប់បានផល ដូចជាទន្ទេញមេរៀនឆាប់ចាំ ហើយចាំបានយូរជាដើម។ ដើម្បីជាជំនួយក្នុងការជួយដល់ដំណើរការនៃការទន្ទេញនេះ វិធីសាស្ត្រ ៦យ៉ាង ប្រិយមិត្តជាពិសេសសម្រាប់អ្នកត្រៀមប្រឡងថ្នាក់ទី ១២ គួរពិចារណាអនុវត្តដើម្បីសម្រេចបញ្ចប់គោលដៅសិក្សាដ៏សំខាន់មួយនេះ។

១. រៀបកាលវិភាគឲ្យបានច្បាស់លាស់៖ អ្នកត្រូវរៀបផែនការថា ម៉ោងណាអ្នកត្រូវទន្ទេញចំណុចអី ម៉ោងណាអ្នកត្រូវមើលមេរៀនអី ម៉ោងណាអ្នកត្រូវមើលមុខវិជ្ជាអី ព្រមទាំងម៉ោងណាអ្នកត្រូវសម្រាក ហើយត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួនអ្វីដែលខ្លួនបានកំណត់។ ធ្វើបែបនេះ អាចធ្វើឲ្យការផ្ដោតអារម្មណ៍របស់អ្នកមានខ្ពស់ជាងមុន និងបង្ការភាពតាងតឹងផ្នែកផ្លូវអារម្មណ៍ផងដែរ ព្រោះអ្នកដឹងថាច្បាស់ថាពេលណាសម្រាក ពេលណាទន្ទេញមេរៀន។

២. កត់ត្រាចំណុចសំខាន់ៗ៖ នៅអំឡុងពេលដែលអ្នកធ្វើការទន្ទេញ អ្នកត្រូវតែចេះធ្វើការកត់ត្រាចំណុចសំខាន់នៃខ្លឹមសារ មេរៀននោះទុកនៅក្នុងសៀវភៅកក់ត្រារបស់អ្នក។ការធ្វើបែបនេះអាចជួយឲ្យអ្នកយល់ពីអំពី ចំណុចសំខាន់គោលៗនៃមេរៀននោះ ដើម្បីងាយស្រួលធ្វើការរំឮកនៅពេលក្រោយ និងកាន់តែ ធ្វើឲ្យអ្នកច្បាស់លាស់ជាមួយមេរៀននោះមួយកម្រិតទៀត។

៣. រៀនជាក្រុម ៖ នៅពេលយើងរៀនតែម្នាក់ឯង យើងមិនដឹងទៅសួរអ្នកណាទេនៅពេលយើងមានចម្ងល់ ដោះស្រាយមិនចេញ តែបើយើងរៀនជាក្រុម គ្នាច្រើន មានគំនិតច្រើន អាចដោះស្រាយលំហាត់ ឬចម្ងល់ណាបានឆាប់រហ័ស។ ម្យ៉ាងវិញទៀតប្រសិនបើយើងចែកគ្នាធ្វើលំហាត់ ហើយមកពន្យល់គ្នា វាចំណេញពេលបានច្រើនណាស់ យើងមិនចាំបាច់ចំណាយពេល និងកម្លាំងច្រើននោះទេដើម្បីចេះអ្វីមួយ។

៤.អានឮៗ៖ បន្ទាប់ពីសរសេរសង្ខេបពីចំណុចដែលអ្នកយល់ពីមេរៀនហើយ អ្នកគួររកកន្លែងណាមួយដែលស្ងប់ស្ងាត់ ដើម្បីធ្វើការទន្ទេញឮៗ ព្រោះធ្វើបែបនេះ អ្នកប្រើពេលខ្លី ហើយចាំបានយូរទៀតផង ដោយសារក្នុងអំឡុងពេលអានឮៗ អារម្មណ៍របស់អ្នកផ្ដោតទៅលើមេរៀនច្រើនជាងពេលអ្នកអានក្នុងចិត្ត។

៥. ថតសម្លេងដែលអ្នកបានអាន៖ ការថតសម្លេងដែលអ្នកបានអានទុក ក៏ជាវិធីសាស្រ្តមួយដែលអាចជួយឲ្យអ្នកចងចាំមេរៀន បានប្រសើរផងដែរ។អ្នកអាចយកសម្លេងនោះមកស្ដាប់ឡើងវិញ ហើយទន្ទេញតាមសម្លេងនោះ ម្ដងទៀត ព្រោះពេលនោះខួរក្បាលរបស់អ្នកបានកំពុងតែបំពេញតួនាទីពីរក្នុងពេលតែមួយ គឺស្ដាប់ផង និងអានផង ដូច្នេះហើយធ្វើឲ្យប្រព័ន្ធចងចាំរបស់អ្នកនឹងកាន់តែទទួលព័ត៌មានច្បាស់ ជាងមុនមិនខាន។

៦. រៀបចំកន្លែងរៀនឲ្យមានសណ្ដាប់ធ្នាប់៖ ចំនុចនេះក៏សំខាន់ណាស់ដែរ ក៏ជាផ្នែកមួយជួយជំរុញ ឱ្យអ្នកឆាប់ចាប់មេរៀនបាន ដោយមុននឹងឈានដល់ការទន្ទេញមេរៀន ច្បាស់ណាស់អ្នកត្រូវតែរៀបចំកន្លែងសិក្សារបស់អ្នកឲ្យមានរបៀបរៀបរយ ព្រោះថា យើងនៅទីកន្លែងមួយដែលមិនមានសណ្ដាប់ធ្នាប់ល្អ អារម្មណ៍របស់យើងក៏បែបនោះដែរ។

មួយវិញទៀត វាក៏ឲ្យយើងមានភាពងាយស្រួលក្នុងការទាញយកសៀវភៅ ឬឯកសារមកមើល ក៏ដូចជាបង្កបរិយាកាសឲ្យអ្នកមានទឹកចិត្តចង់មើលមេរៀនផងដែរ ព្រោះតុសិក្សាមិនរញ៉េរញ៉ៃ។

បើមិនរៀបចំឲ្យត្រឹមត្រូវទេ វាអាចបង្អាក់ដល់ដំណើរការទន្ទេញមេរៀនរបស់អ្នក ដែលធ្វើឲ្យអ្នកពិបាកក្នុងការចាំមេរៀន។ បន្ថែមពីលើនេះ យើងគួរតែឆ្លៀតប្រើពេលខ្លះ ក្នុងការផឹកទឹក ក៏ដូចជាហាត់ប្រាណ ព្រមទាំងគេងឲ្យបានគ្រប់គ្រាន់ ព្រោះធ្វើបែបនេះធ្វើឲ្យខួរក្បាលរបស់យើងដំណើរការស្រួល ដែលធ្វើឲ្យចាំមេរៀនដែលអ្នកខំទន្ទេញបានយូរ៕

អត្ថបទ៖ ពុំសែន

មតិយោបល់