
- 2025-07-09 07:26:37
- ព័ត៌មាន
ទឹកដល់ច្រមុះ! កសិករ ចិញ្ចឹមជ្រូកនៅថៃ ដេកលែងលក់ បាយលែងឆ្ងាញ់ ខ្លាចសាច់ជ្រូកនាំចូលពីអាមេរិក
- 2025-07-09 07:26:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកដល់ច្រមុះ! កសិករ ចិញ្ចឹមជ្រូកនៅថៃ ដេកលែងលក់ បាយលែងឆ្ងាញ់ ខ្លាចសាច់ជ្រូកនាំចូលពីអាមេរិក
ចន្លោះមិនឃើញ
កសិករចិញ្ចឹមជ្រូក នៅប្រទេសថៃ បានជំរុញឱ្យរដ្ឋាភិបាលប្រុងប្រយ័ត្នចំពោះសំណើនាំចូលសាច់ជ្រូក និងផលិតផលជ្រូកពីសហរដ្ឋអាមេរិក ដោយព្រមានថា វានឹងប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មក្នុងស្រុក និងសន្តិសុខស្បៀងរបស់ប្រទេស។ យោងតាមសមាគមអ្នកចិញ្ចឹមជ្រូក ថៃ (National Swine Raisers Association) ការនាំចូលសាច់ជ្រូកពីសហរដ្ឋអាមេរិកអាចនាំឱ្យកសិករចិញ្ចឹមជ្រូកជាង ១៤៥,០០០ នាក់ ជាពិសេសកសិករខ្នាតតូច បាត់បង់ប្រាក់ចំណូលរបស់ពួកគេ។
លោក Sitthipan Thanakiatphinyo ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកជាតិថៃ បាននិយាយថា ការនាំចូលសាច់ជ្រូកដែលមានតម្លៃថោក ពីសហរដ្ឋអាមេរិក នឹងបំផ្លាញទីផ្សារក្នុងស្រុក ដោយសារតម្លៃផលិតកម្មខ្ពស់ របស់កសិករថៃ បើធៀបនឹងអាមេរិក។ លោក បានសង្កត់ធ្ងន់ថា សាច់ជ្រូកមិនគួរត្រូវបានប្រើជាឧបករណ៍ចរចា ក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មអន្តរជាតិទេ ដោយសារវាមានទំនាក់ច្បាស់ជាមួយសន្តិសុខស្បៀងជាតិ។ “ប្រសិនបើកសិករថៃឈប់ចិញ្ចឹមជ្រូក នោះអ្នកផលិតចំណីសត្វ និងកសិករដាំដំណាំដូចជាពោត និងសណ្តែកសៀងនឹងរងផលប៉ះពាល់ផងដែរ” លោកបានបន្ថែម។
សមាគមនេះបានលើកឡើងពីហានិភ័យនៃជំងឺផ្សេងៗ ជាពិសេសជំងឺផ្តាសាយជ្រូក (swine flu) ដែលមិនធ្លាប់ត្រូវបានរកឃើញនៅក្នុងប្រទេសថៃ។ ការនាំចូលសាច់ជ្រូក អាចបំផ្លាញស្តង់ដារការពារជំងឺសត្វដែលទទួលស្គាល់ជាអន្តរជាតិរបស់ថៃ។ លើសពីនេះ ការប្រើប្រាស់សារធាតុ Beta-agonist ដែលអនុញ្ញាតនៅសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានហាមឃាត់នៅថៃ ក៏ជាបញ្ហាសុខភាពសំខាន់មួយផងដែរ ដោយសារវាអាចបង្កគ្រោះថ្នាក់ដល់អ្នកបរិភោគ។
កសិករបានដាក់ញត្តិទៅកាន់នាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai ដើម្បីស្នើសុំឱ្យរដ្ឋាភិបាល បដិសេធសំណើ នាំចូលសាច់ជ្រូក ពីសហរដ្ឋអាមេរិក ដែលកើតចេញពីសម្ពាធពាណិជ្ជកម្ម ដើម្បីកាត់បន្ថយភាពមិនសមតុល្យនៃពាណិជ្ជកម្ម និងជៀសវាងការដំឡើងពន្ធគយ ៣៧% លើទំនិញថៃ។ ពួកគេបានលើកឧទាហរណ៍ អំពីប្រទេសហ្វីលីពីន ដែលក្រោយពីអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកពីសហរដ្ឋអាមេរិក ឧស្សាហកម្មជ្រូកក្នុងស្រុកបានធ្លាក់ចុះ ហើយតម្លៃសាច់ជ្រូកបានកើនឡើង ១៥-៣០% ដែលបានដាក់បន្ទុកដល់អ្នកបរិភោគ។
ឧស្សាហកម្មជ្រូកថៃ គាំទ្រដល់កសិករជាង ១៤៥,០០០ នាក់ និងផ្តល់ការងារដល់មនុស្សរាប់លាននាក់ទៀត ដែលជួយជំរុញសេដ្ឋកិច្ចជនបទ។ សាច់ជ្រូក គឺជាប្រូតេអ៊ីន ដ៏សំខាន់នៅលើតុអាហាររបស់ប្រជាជនថៃ រាប់លានគ្រួសារ ហើយជាមូលដ្ឋានគ្រឹះនៃសន្តិសុខស្បៀងជាតិ។ ការនាំចូលសាច់ជ្រូក ដែលមានតម្លៃទាបអាចនាំឱ្យមានការរំខាន ដល់ខ្សែសង្វាក់ផលិតកម្មអាហារ ដែលរួមមានកសិករដាំពោត សណ្តែកសៀង អ្នកផលិតចំណីសត្វ និងរោងចក្រកែច្នៃ។
សមាគមអ្នកចិញ្ចឹមជ្រូក បានជំរុញឱ្យរដ្ឋាភិបាលផ្តោត លើការចរចាផលិតផលឧស្សាហកម្មផ្សេងទៀតជំនួសឱ្យការបើកទីផ្សារសាច់ជ្រូក ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចមូលដ្ឋាន និងធានាសុវត្ថិភាពអាហារសម្រាប់ប្រជាជនថៃ។ ពួកគេបានស្នើឱ្យរដ្ឋាភិបាលបន្តការពារ ឧស្សាហកម្មជ្រូកក្នុងស្រុក ដើម្បីជៀសវាងផលប៉ះពាល់យូរអង្វែងដល់សេដ្ឋកិច្ច និងសុខភាពសាធារណៈ៕