- 2015-10-01 21:26:04
- ព័ត៌មាន
វិធីសាស្ត្រងាយៗក្នុងការចម្អិនសម្លការីដ៏ឈ្ងុយឆ្ងាញ់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ
- 2015-10-01 21:26:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្ត្រងាយៗក្នុងការចម្អិនសម្លការីដ៏ឈ្ងុយឆ្ងាញ់សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ
ចន្លោះមិនឃើញ
ភ្ជុំបិណ្ឌជាពិធីបុណ្យដែលត្រូវបានប្រារព្ធក្នុងរដូវវស្សា មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ក្នុងរយៈពេល១៥ថ្ងៃនេះ ប្រជាពលរដ្ឋខ្មែររមែងរៀបចំទេយ្យទាន មានបាយសម្ល បង្អែមចម្អាប ធូប និងទៀនទៅប្រគេនព្រះសង្ឃ។ ជាទូទៅគេសង្កេតឃើញថា មានម្ហូបជាច្រើនមុខដែលប្រជាពលរដ្ឋធ្វើជាចង្ហាន់ប្រគេនដល់ព្រះសង្ឃ។ ម្ហូបដែលប្រជាពលរដ្ឋភាគច្រើននិយមស្លនោះគឺសម្លការី និងឆាមីសួ ហើយអ្វីដែលមិនអាចបំភ្លេចបានផងដែរនោះគឺ នំអន្សម។ សម្លការីគឺជាមុខម្ហូបដែលមានគ្រឿងផ្សំច្រើនដែលប្រជាជនមួយចំនួនគិតថាពិបាកធ្វើ។ ថ្ងៃនេះ Sabay សូមបង្ហាញពីរូបមន្តធ្វើសម្លការីដ៏ពិសេសដែលឈ្ងុយឆ្ងាញ់មានជាតិសម្រាប់គ្រួសារដែលមានគ្នា ៤ទៅ៥នាក់។ ការរៀបចំគ្រឿងផ្សំសម្រាប់ចម្អិនប្រើរយៈពេលប្រហែល ២០នាទី និងប្រហែល ១៥នាទីក្នុងការចម្អិន។
វីដេអូ៖
កុំភ្លេចបញ្ចេញស្នាដៃធ្វើម្ហូបនេះ ញ៉ាំជាមួយក្រុមគ្រួសារណា៎!
នៅសប្តាហ៍ក្រោយ យើងនឹងលើកយករូបមន្តធ្វើម្ហូបពិសេសមួយមុខទៀតនោះ គឺឆាមីសួរពងទាប្រៃ មកបង្ហាញ។ ប្រិយមិត្តកុំភ្លេចរង់ចាំតាមដានទាំងអស់គ្នាដើម្បីទទួលបានចំណេះដឹង និងអាចយកទៅចម្អិនសម្រាប់សមាជិកគ្រួសារ ដើម្បីបង្កើនសុភមង្គលក្នុងក្រុមគ្រួសារ។
ម្ហូបកាន់តែឈ្ងុយឆ្ងាញ់មានជាតិ គ្រួសារកាន់តែមានសុភមង្គល!
អំពីបុណ្យភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបឲ្យតម្លៃ និងគោរពប្រណិប័តន៍មិនដែលខកខានតាំងពីដើមរៀងមក (ពុំដឹងពេលវេលាច្បាស់លាស់)។ ពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ ១៤ថ្ងៃដំបូងនៃពិធីបុណ្យនេះ គឺហៅថាពិធីកាន់បិណ្ឌ រីឯថ្ងៃទី១៥ គឺជាថ្ងៃបិណ្ឌធំ ឬ ភ្ជុំបិណ្ឌ។ ប្រជាពលរដ្ឋខ្មែរភាគច្រើននៅជិត ឬ ឆ្ងាយ រមែងធ្វើដំណើរទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារដើម្បីប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះ។ នៅក្នុងបរិវេណវត្ត មានពុទ្ធបរិស័ទច្រើនកុះករយកចង្ហាន់ទៅប្រគេនព្រះសង្ឃ រាប់បាត និងពូនភ្នំខ្សាច់ដែលប្រជាពលរដ្ឋមានជំនឿថា អាចស្មាលាបាបដែលខ្លួនបានសាងនិងជាការឧទ្ទិសកុសលជូនដល់ឧបការីជនទាំងឡាយដែលបានលាចាកលោកផងដែរ។ កាលពីបុរាណ មានការលេងល្បែងប្រណាំងក្របី សេះ និងល្បែងផ្សេងៗទៀត ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្នទំនៀមទម្លាប់នេះហាក់ដូចជាថមថយបន្តិចម្ដងៗ។
មូលហេតុចំបងក្នុងការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ទី១៖ ប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកដែលបានចែកស្ថានទៅហើយមានបាបនឹងកើតជាប្រេត ហើយអាហាររបស់ពួកគេមានដូចជា សាកសព និងកាកសំណល់អសោចជាដើម។ ម្លោះហើយ ទើបប្រជាពលរដ្ឋធ្វើម្ហូបឧទ្ទិសដល់សាច់ញាតិដែលបានចែកឋាន តាមរយៈការប្រគេនដល់ព្រះសង្ឃ។ តាមជំនឿក្នុងរយៈពេល១៥ថ្ងៃនេះ ប្រជាពលរដ្ឋខ្មែរត្រូវយ៉ាងហោចណាស់ទៅឲ្យបាន៧វត្តដែរ ដើម្បីធ្វើបុណ្យឧទ្ទិសកុសលឲ្យជីជូនជីតាសាច់សារលោហិតដែលបានចែកឋានទៅ។ ប្រសិនបើដើរស្វែងរកញាតិចំនួន៧វត្តនៅតែមិនឃើញនោះ ពពួកប្រេតទាំងអស់នោះនឹងស្រែកឃ្លានក្រហល់ក្រហាយក្នុងចិត្តជេរដាក់បណ្ដាសាដល់សាច់ញាតិកូនចៅជាមិនខាន។ ទី២៖ ក្នុងរដូវវស្សាព្រះសង្ឃមានការលំបាកក្នុងការធ្វើដំណើរបិណ្ឌបាត្រ ទើបការប្រគេនទេយ្យទាននេះ អាចធានាថាព្រះសង្ឃមានចង្ហាន់ក្នុងអំឡុងពេលចូលវស្សាផងដែរ។
ការប្រណិប័តន៍ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
• ជារៀងរាល់ព្រឹកនៅក្នុងវត្តលោកតាអាចារ្យត្រូវរៀបចំពិធីរាប់បាត្រនៅលើឧបដ្ឋានសាលា
• លោកអាចារ្យនាំពុទ្ធបរិស័ទវេរចង្ហាន់ប្រគេនព្រះសង្ឃ វេរបាយបត្តបូរ រួចពូនភ្នំខ្សាច់
• ព្រះសង្ឃធ្វើបត្តានុមោទនគាថាចប់មេវេនក្រុមនីមួយៗត្រូវរៀបចំម្ហូបអាហារចំណីចូលគំនាប់ជូនលោកតាអាចារ្យវត្តព្រមទាំងចាត់ចែងភោជនាហារទទួលភ្ញៀវដែលអញ្ជើញទៅបុណ្យនៅក្នុងថ្ងៃវេនរបស់ខ្លួននោះផងដែរ៕