- 2017-09-21 08:30:00
- ព័ត៌មាន
អ្នកធ្វើការលើវិស័យអប់រំថាអ្នកធ្លាក់បាក់ឌុបគួររៀនជំនាញ ឬបរិញ្ញាបត្ររងជាជាងរៀនថ្នាក់ទី១២ឡើងវិញ
- 2017-09-21 08:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកធ្វើការលើវិស័យអប់រំថាអ្នកធ្លាក់បាក់ឌុបគួររៀនជំនាញ ឬបរិញ្ញាបត្ររងជាជាងរៀនថ្នាក់ទី១២ឡើងវិញ
ចន្លោះមិនឃើញ
អ្នកធ្វើការលើវិស័យអប់រំលើកទឹកចិត្តដល់សិស្សដែលប្រឡងបាក់ឌុបធ្លាក់ថាកុំអស់សង្ឃឹមក្នុងជីវិត និងថាពុំគួរវិលទៅរៀនថ្នាក់ទី១២វិញនោះទេ ដោយថានាំខាតពេលវេលា តែលោកថាគួរបន្តរៀនថ្នាក់បរិញ្ញាបត្ររង ឬជំនាញវិជ្ជាជីវៈវិញប្រសើរជាង។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជាអ្នកឯកទេសខាងអប់រំ និងជាសហគ្រិនមួយរូបបានថ្លែងក្នុងសិក្ខាសាលាប្រចាំឆ្នាំស្តីពី «យុទ្ធសាស្រ្តជ្រើសរើសមុខជំនាញ និងឱកាសបានអាហារូបករណ៍ទៅសិក្សានៅបរទេស» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) កាលពីចុងសប្តាហ៍មុនថាអ្នកប្រលងបាក់ឌុបធ្លាក់គួររៀនបរិញ្ញាបត្ររង ឬចាប់យកជំនាញវិជ្ជាជីវៈណាមួយដើម្បីសិក្សាកុំឲ្យខាតឆ្នាំ។
លោកថ្លែងបន្តថានៅបណ្តាប្រទេសមួយចំនួនលើសកលលោកអ្នកប្រឡងធ្លាក់ថ្នាក់ទី១២គឺមិនត្រឡប់ទៅរៀនឡើងវិញទេ ពោលគឺអ្នកទាំងនោះបន្តរៀនយកជំនាញវិជ្ជាជីវៈតែម្តង។ លោកថាជំនាញវិជ្ជាជីវៈក៏អាចដឹកនាំមនុស្សទៅរកភាពជោកជ័យក្នុងការងារដូចគ្នា។ លោកបន្ថែមថាៈ « នៅស្រុកគេ គេអត់ដែលរៀនឡើងវិញទេ ត្រូវចាំឱ្យច្បាស់ គិតពីឥឡូវរហូតដល់២ ឆ្នាំ ឬ៣ឆ្នាំទៀត គ្មានអ្នកណាចាប់អារម្មណ៍ថា យើងជាប់ ឬធ្លាក់ទេ (បាក់ឌុប) គេអត់ខ្វល់ទេ...ដូច្នេះកុំឲ្យត្រលប់ទៅវិញខ្មាស់គេទី១ កុំឱ្យរៀនឡើងវិញខាតពេលទី២ គឺចូលរៀនមហាវិទ្យាល័យតែម្តង...យើងអត់ខ្មាស់គេ ...យើងបានស៊ាំនឹងមហាវិទ្យាល័យគឺបានសញ្ញាបត្រដូចគ្នា…ចេះដូចគ្នា...គេអត់ដែលខ្វល់អ្នកឯងជាប់ ឬធ្លាក់ទេ សំខាន់គឺយើងបន្តទៅទៀត»។
លោកបញ្ជាក់ថាអ្នកដែលធ្លា់ើបាក់ឌុបនៅឆ្នាំបន្ទាប់បានដោយដាក់ពាក្យប្រឡងបំពេញវិជ្ជា ខណៈដែលខ្លួនកំពុងរៀនជំនាញវិជ្ជាជីវៈ ឬ រៀនបរិញ្ញាបត្ររង។ លោក គួច ម៉េងលី មិនលើកទឹកចិត្តឲ្យយុវជនរៀនពីរបីមហាវិទ្យាល័យក្នុងពេលតែមួយនោះទេ តែ លោកថាយុវជនគួររៀនមុខវិជ្ជាតែមួយបានហើយ និងខំសម្រួចមុខវិជ្ជានោះឲ្យបានច្បាស់លាស់។ ជាមួយគ្នានេះលោកថាបើសល់ពេកយុវជនត្រូវឆ្លៀតរកក្រុមហ៊ុន ឬស្ថាប័ននានាដើម្បីហាត់ការងារដោយថាក្រោយរៀនចប់នឹងមានទាំងចំណេះ និងបទពិសោធន៍ព្រមគ្នាតែម្តង។
លោកបញ្ជាក់យ៉ាងនេះថាៈ «អ្នកខ្លះអត់ដឹង(បែរជា) មានមោទនភាពនឹងការចាប់យកជំនាញច្រើននៅមហាវិទ្យាល័យ...(យើង)ត្រូវរៀនលើមុខវិជ្ជាណាដែលខ្លួនពេញចិត្ត រៀនតែមួយមុខ សំលៀងឲ្យមុត ចាក់ឲ្យធ្លាយ វាយឲ្យបែក ឲ្យច្បាស់លាស់»។
ក្រៅពីនេះលោកណែនាំថាយុវជនដែលកំពុងនឹងត្រៀមមករៀននៅមហាវិទ្យាល័យត្រូវចេះបង្កើតទំនាក់ទំនងល្អជាមួយអ្នកនៅជំវិញខ្លួន និងអានសៀវភៅឲ្យបានច្រើនឲ្យចំណេះដឹងទូលំទូលាយ៕