- 2017-12-28 04:36:03
- ចរាចរណ៍
រថយន្តដាក់វាំងននបាំង ឬបំពាក់ អំពូលឡាស៊ែរ និង LED សុទ្ធតែខុសច្បាប់?
- 2017-12-28 04:36:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តដាក់វាំងននបាំង ឬបំពាក់ អំពូលឡាស៊ែរ និង LED សុទ្ធតែខុសច្បាប់?
ចន្លោះមិនឃើញ
ដំណើរការផាកពិន័យតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី បានប្រព្រឹត្តទៅដូចភ្លៀងរលឹម ខណៈប្រជាពលរដ្ឋមួយចំនួន បានតវ៉ាលើករណីខ្លះ ដែលមិនទាន់ដឹងច្បាស់ថាខ្លួនខុស ឬយ៉ាងណា។ ចំពោះការដាក់វាំងននបាំងកម្ដៅថ្ងៃ និងបំពាក់ អំពូលឡាស៊ែរ ឬ LED ជាករណីប្រទាំងប្រទើសមួយ ដែលតែងកើតឡើងជាប្រចាំនៅពេលផាកពិន័យ។ ដូចនេះ មកស្ដាប់អ្នកអនុវត្តច្បាប់ និងស្រាវជ្រាវច្បាប់ បញ្ជាក់ជុំវិញករណីរថយន្តដាក់វាំងននបាំង ឬបំពាក់ អំពូលឡាស៊ែរ និង LED។
ករណីដាក់វាំងនន ឬបិទកញ្ចក់ខ្មៅ៖
លោក វរសេនីយ៍ទោ ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ Sabay ថា ការដាក់វាំងនន ស្មើនឹងការបិទកញ្ចក់ខ្មៅ ព្រោះមិនអាចមើលពីក្រៅឃើញ។ លោកថា បទបញ្ញត្តិនេះ មានចែងនៅក្នុងអនុក្រឹត្យលេខ៨០.អនក្រ បក ដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន តាំងពីថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១០។
ត្រង់មាត្រា៧ នៃអនុក្រឹត្យ បានបញ្ជាក់ថា ជនណាប្រើប្រាស់រថយន្តកញ្ចក់ពណ៌ ឬដាក់របាំង វាំងននបាំងកញ្ចក់ដែលមើលពីក្រៅទៅក្នុងមិនឃើញ ធ្វើចរាចរណ៍លើផ្លូវសាធារណៈ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០.០០០រៀល (ប្រាំម៉ឺន) រៀល ហើយត្រូវធ្វើការកែតម្រូវស្របតាមបទបញ្ញត្តិនៃអនុក្រឹត្យនេះ។
ក្នុងករណីមិនបង់ប្រាក់ពិន័យភ្លាម ត្រូវពិន័យបន្ថែមចំនួន ១០.០០០(ម៉ឺន) រៀលក្នុងមួយថ្ងៃលើទឹកប្រាក់ពិន័យមូលដ្ឋាន។ ក្នុងករណីមិនបង់ប្រាក់ពិន័យលើស ៣០(សាបសិប) ថ្ងៃ ត្រូវបញ្ជូនសំណុំរឿងទៅតុលាការ។
យ៉ាងណាក្ដី ត្រង់មាត្រា៦ បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ របាំង វាំងនន សម្រាប់បាំងការពារកម្ដៅថ្ងៃចាំងចូលរថយន្ត ប៉ុន្តែត្រូវបក ឬបើកចេញវិញនៅពេលដែលគ្មានកម្ដៅថ្ងៃចាំងចូល។ ក្នុងពេលតែមួយ មិនអនុញ្ញាតឲ្យដាក់របាំង វាំងនន បាំងកញ្ចក់ទាំងសងខាង នៃរថយន្តឡើយ។ ប្រសិនបើដាក់វាំងទាំងសងខាង គឺស្មើនឹងល្មើសច្បាប់ ដែលតម្រូវឲ្យធ្វើការផាកពិន័យ។
ករណីបំពាក់អំពូលឡាស៊ែរ និង LED៖
លោក ផាន់ មករា អនុប្រធានការិយាល័យស្រាវជ្រាវនីតិសាធារណៈ នៃអគ្គនាយកដ្ឋានស្រាវជ្រាវច្បាប់ ព្រឹទ្ធសភា បានលើកឡើងថា យានយន្តស៊េរីទំនើបមួយចំនួន បានបំពាក់អំពូលឡាស៊ែរ និង LED ដើម្បីបំភ្លឺផ្លូវបានច្បាស់ និងជាផ្នែកមួយនៃការលម្អ ប៉ុន្តែអំពូលខ្លះបានប៉ះពាល់ដល់អ្នកបើកបរបញ្ច្រាសទិសគ្នា រហូតមើលផ្លូវមិនឃើញក៏មាន។ ដូចនេះហើយ ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅកម្ពុជាបានតម្រូវឲ្យផាកពិន័យ ចំពោះការកែច្នៃខុសបច្ចេកទេសនេះ។
លោក ផាន់ មករា បានបញ្ជាក់ថា តាមមាត្រា៣០ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកកម្ពុជា បានចែងថា ការបំពាក់សួរសព្ទ ភ្លើងបំភ្លឺ ឬភ្លើងលំអផ្សេងៗទៀត ក្រៅពីការកំណត់លក្ខណៈបច្ចេកទេសរបស់យានជំនិះ ត្រូវហាមឃាត់។ ប៉ុន្តែប្រសិនបើអំពូល Laser ឬ LED ទាំងនោះ ត្រូវបំពាក់ចេញពីរោងចក្រផ្ទាល់ នឹងមិនមានការផាកពិន័យឡើយ។
ម្យ៉ាងវិញទៀត ការបំពាក់ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ក៏មិនមានការផាកពិន័យដែរ ហើយនៅតាមកន្លែងបំពាក់ស្របច្បាប់ សុទ្ធតែមានឧបករណ៍វាស់កម្រិតភ្លើង ដែលមិនប៉ះពាល់ដល់អ្នកដំណើរផ្ទុយគ្នា។
ចំណែកមាត្រា៨ នៃអនុក្រឹត្យលេខ៨៥ អនក្រ.បក ចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានចែងថា ត្រូវពិន័យអន្តរការណ៍ចំពោះអ្នកបើកបរទោចចក្រយានយន្ត ឬទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក ឬត្រីចក្រយានយន្តចំនួនទឹកប្រាក់ ២៥០០០(ពីរម៉ឺនប្រាំពាន់) រៀល អ្នកបើកបរយានយន្តធុនស្រាលចំនួនទឹកប្រាក់ ៥០០០០(ប្រាំម៉ឺន) រៀល និងអ្នកបើកបរយានយន្តធុនធ្ងន់ចំនួនទឹកប្រាក់ ១០០ ០០០រៀល(មួយសែន) ចំពោះ អ្នកបើកបរយានយន្តល្មើសនឹងការប្រើប្រាស់ភ្លើងបំភ្លឺ ឬកែច្នៃភ្លើងបំភ្លឺ ឬភ្លើងសញ្ញានៃយានមិនត្រឹមត្រូវ៕
ចុចអានអត្ថបទ៖