• 2018-06-13 07:11:53
  • ព័ត៌មាន

បុរសវៀតណាម ទើបបញ្ចប់ថ្នាក់អនុបណ្ឌិតនៅវ័យ៨៥ឆ្នាំ ក្រោយឆ្លងកាត់រឿងរ៉ាវរំជួលចិត្ត

  • 2018-06-13 07:11:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសជនជាតិវៀតណាម វ័យ៨៥ឆ្នាំម្នាក់ បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម បន្ទាប់ពីឆ្លងកាត់ឧបសគ្គជាច្រើន ដូចជា អាយុ , ជំងឺ និង បញ្ហាគ្រួសារ ជាដើម។

លោក Le Phuoc Thiet

បុរសចំណាស់ខាងលើមានឈ្មោះថា Le Phuoc Thiet បានទទួលសញ្ញាបត្រថ្នាក់អនុបណ្ឌិត កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ជាមួយនឹងសិស្សជាង ៥០០នាក់ផ្សេងទៀត ខណៈពួកគេទាំងនោះសុទ្ធមានអាយុចំណាស់ចៅរបស់លោក។

បន្ទាប់ពីចាកចេញពីប្រទេសវៀតណាម ទៅកាន់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ១៩៧៥ លោក Thiet មិនអាចបន្តការសិក្សាបានឡើយ ដោយសារតែត្រូវរកប្រាក់ចំណូលដើម្បីចិញ្ចឹមប្រពន្ធ និងកូនៗទាំង៧នាក់។

រហូតដល់ឆ្នាំ១៩៩៥ នៅពេលដែលកូនៗបានរៀបការអស់ លោក Thiet ក៏បានចូលរៀននៅសាកលវិទ្យាល័យ California State University នៅអាយុ៦២ឆ្នាំ និងទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច រយៈពេល៧ឆ្នាំក្រោយ។

នៅក្នុងឆ្នាំ២០១៣ បុរសវៀតណាមខាងលើ និងប្រពន្ធបានត្រលប់ទៅរស់នៅស្រុកកំណើត ក្នុងខេត្ត Quang Nam វិញ ដើម្បីសម្រួលដល់ការព្យាបាលជំងឺវង្វេងវង្វាន់ ខណៈកូនៗសម្រេចចិត្តរស់នៅបន្តក្នុងសហរដ្ឋអាមេរិក។

រយៈពេល២ឆ្នាំក្រោយមក ពោលគឺនៅអាយុ៨២ឆ្នាំ លោកបានចុះឈ្មោះចូលរៀនថ្នាក់អនុបណ្ឌិត នៅឯសាកលវិទ្យាល័យ Duy Tan University ក្នុងគោលបំណងទប់ស្កាត់ការថយចុះនៃការចងចាំ។ ជាអកុសល ប្រពន្ធរបស់លោកក៏បានស្លាប់ ក្រោយពេលលោកចូលរៀនមិនបានប៉ុន្មានផង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Thiet បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មនេះ ជាមួយនឹងលទ្ធផលយ៉ាងល្អប្រសើរ ក្រោយយកឈ្នះលើការឈឺចាប់ ដោយសារការស្លាប់របស់ប្រពន្ធ និងជំងឺ។ បុរសរូបនេះបានអានសៀវភៅ និងហាត់ប្រាណដើម្បីលើកកម្ពស់ការចងចាំ។

លោក Vo Thanh Hai អនុប្រធានសាកលវិទ្យាល័យខាងលើ បាននិយាយថា «លោកគឺជាសិស្សដែលមកដល់ថ្នាក់រៀនមុនគេ ទោះបីជាមេឃក្តៅ ឬ ភ្លៀង។ លោកថែមទាំងហ៊ានប្រថុយនឹងអាកាសធាតុអាក្រក់ លាយលំនឹងខ្យល់ព្យុះ ធ្វើដំណើរជាង៣០គីឡូម៉ែត្រ តាមឡានក្រុងដើម្បីមករៀនទៀតផង»៕

ចុច​អាន៖

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់