• 2018-06-26 02:22:08
  • ជំនឿ

ជំនឿបុរាណមែន តែ៥ចំណុចនេះ ជនជាតិដើមភាគតិច នៅមិនឆ្ងាយពីវិទ្យាសាស្រ្តពិត

  • 2018-06-26 02:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វី​បើ​មាន​ជំនឿ​បុរាណ​ខ្លាំង​ក៏​ពិត​មែន តែ​ជនជាតិ​ដើម​ភាគ​តិច​ បាន​ភ្ជាប់​ជំនឿ​របស់​ខ្លួន​ទៅ​នឹង​វិទ្យាសាស្ត្រ​ពិត ឬ​អាច​និយាយ​បាន​ថា ស្រដៀង​ជនជាតិ​ខ្មែរ​យើង។

កាល​ពី​អត្ថបទ​មុន ក្រុមការងារ Sabay បាន​ជម្រាប​ជូន​ពី​ជំនឿ​សំខាន់ ៤​ចំណុច​ ដែល​ជា​ចំណេះដឹង​ទូទៅ​ថ្មី១ ដែល​យើង គួរ​ដឹង​មុន​ចូល​ទៅ​ក្នុង​ភូមិ ឬ​សហគមន៍​របស់​ជនជាតិ​ដើម​ភាគតិច។

Sabay មាន​ចំណេះ​ដឹង​បន្ថែម​ ៥ចំណុច​ទៀត ជូន​លោកអ្នក​ជ្រាប អំពី​ជំនឿ​បុរាណ ​​របស់​ជនជាតិ​ដើម​ភាគតិច​ ដែល​បន្ត​គោរព​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។

តាម​ការ​បកស្រាយ​ លោក ង៉ាច សាមីន ប្រធាន​សមាគម​យុវជន ជនជាតិ​ដើម​ភាគតិច បាន​ប្រាប់ Sabay ថា​ជា​បទពិសោធន៍​ ដែល​លោក​បាន​ដឹង និង​បាន​រៀន​សូត្រ​ពី​ឪពុកម្ដាយ ឬ ចាស់ទុំ​របស់​ជនជាតិ​ដើម​ភាគតិច​កន្លង​មក មាន​ជំនឿ ​៥​ចំណុច​បន្ថែម​ ដែល​ជនជាតិ​ដើម​ភាគ​តិច​មាន​ជំនឿ​ខ្លាំង។

រូបថត លោក ង៉ាច សាមីន (រូបភាពផ្តល់ឲ្យ)

លោក​បញ្ជាក់​ថា ជនជាតិ​ដើម​ភាគតិច នៅ​តែ​មាន​ការ​អនុវត្ត​ និង​គោរព​ចោល​មិន​បាន​ រហូត​ដល់​បច្ចុប្បន្ន​ របស់​ជនជាតិ​ មាន​លំនាំ​លក្ខណៈ​ស្រដៀង​ៗ​គ្នា ទៅ​តាម​តំបន់​នីមួយ​ៗ។

១. មុន​ពេល​អាពាហ៍ពិពាហ៍

មុន​រៀបការ​ គូ​ដណ្ដឹង​ ឬ​កូនកំលោះ​ កូនក្រមុំ មិន​ត្រូវ​ដើរ​លេង​ ឬ​ធ្វើ​អ្វី​ជ្រុល​ជ្រួស ដែល​ផ្ទុយ​នឹង​ក្រមសីលធម៌ ឬ​ច្បាប់​ប្រពៃណី​នោះ​ទេ។ ក្នុង​នោះ​មាន​ដូចជា ការ​រួម​នីតិ​សង្វាស​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍ ហៅថា ការ​រួមភេទ ព្រោះ​គេ​ត្រណម​ខ្លាច​មាន​គ្រោះថ្នាក់​ណា​មួយ​ ដល់​សមាជិក​គ្រួសារ ឬ​សមាជិក​សហគមន៍។ ចំណុច​នេះ គឺ​ចង់​សំដៅ​ដល់ ការ​គោរព​ និង​ឲ្យ​តម្លៃ​ចំពោះ​អ្នក​ដែល​រស់នៅ​ក្នុង​សហគមន៍​ជាមួយ​គ្នា ពិសេស​ព្រលឹង​ដូនតា អារក្ស​ អ្នកតា​ ម្ចាស់​ទឹក​ម្ចាស់​ដី​ កុំ​ឲ្យ​ខឹង ឬ​អាច​ធ្វើ​ទុក្ខ​បុក​ម្នេញ​តាម​រូបភាព​ផ្សេងៗ។

ចំណុច​នេះ ស្រដៀង​នឹង​ទំនៀមទម្លាប់​ខ្មែរ​យើង ពី​បុរាណ ត​ដល់​សព្វ​ថ្ងៃ ដើម្បី​រក្សា​ភាព​ស្អាតស្អំ គោរព​សិទ្ធិ និង​ឲ្យ​តម្លៃ​ មិន​រំលោភ​បំពាន​គ្នា រហូត​ដល់​ក្រាល​ក្បាល​ដល់​កន្ទេល និង​រួម​រស់​យូរ​អង្វែង។

២. អ្នក​មក​ពី​ឆ្ងាយ

និយាយ​ឲ្យ​ស្រួល​ស្ដាប់ ​គឺ​អ្នក​មិនមែន​ម្ចាស់​ស្រុក​ ដែល​ចូល​ក្នុង​ភូមិ​តែ​ម្ដង។​ អ្នក​ចំណូល​ថ្មី គឺ​ជនជាតិ​ដើម​ភាគតិច​ មិន​អាច​អនុញ្ញាត​ឲ្យ​ទៅ​ងូតទឹក​អូរ​ ក្នុង​ភូមិ​ដែល​ខ្លួន​ទើប​បាន​ទៅ​ដល់​ភ្លាម​នោះ​ទេ។ ជំនឿ​នេះ ការពារ​ការ​ចម្លង​ជំងឺ​នានា និង​បង្ការ​ខ្លាច​មាន​ករណី​ស្ត្រី​ដែល​ធ្លាប់​រំលូត​កូន។ ជនជាតិ​ដើម​ភាគ​តិច​ភាគ​ច្រើន​រស់នៅ​បែប​ធម្មជាតិ ក្នុង​ព្រៃ​ភ្នំ និង​អាច​ងាយ​ឆ្លង។

ដូច្នេះ​ជំនឿ​នេះ ខ្លាច​អ្នក​មក​ថ្មី​ នៅ​មាន​ជំងឺ​ឈឺ​នៅ​ឡើយ​ ហើយ​អាច​ជះ​ឥទ្ធិពល​ដល់​ក្រុម​អ្នក​ក្នុង​ភូមិ ជា​ពិសេស​អារក្ស​ទឹក​គេ​ប្រកាន់​ណាស់។ ត្រណម​ ឬ​វិន័យ​នេះ ក៏​ត្រូវ​បាន​អនុវត្ត​ផង​ដែរ ចំពោះ​ស្ត្រី​ដែល​រស់នៅ​ក្នុង​សហគមន៍​នោះ ឬ​ស្ត្រី​ដែល​ទើប​នឹង​ឆ្លងទន្លេ​រួច​ថ្មីៗ​ផង​ដែរ។

៣. ពេល​ចូល​ព្រៃ​ជ្រៅ

ដាច់​ខាត មិន​ត្រូវ​និយាយ​ផ្ដេសផ្ដាស ចំអក​ឡកឡឺយ​គ្នា​លេង ឬ​ពោល​ពាក្យ​មិន​សមរម្យ ឬ​និយាយ​ពី​អ្វី​ដែល​យើង​មើល​ឃើញ​ក្តី​ ឬ​មើល​មិន​ឃើញ​ក្តី។ ចំណុច​នេះ​ជនជាតិ​ដើម គេ​គិត​ថា ក្នុង​ព្រៃ​មាន​សត្វ​សាហាវ ឬ​ព្រលឹង​វិញ្ញាណ​ក្នុង​ព្រៃ​ជ្រៅ ដែល​នៅ​ជុំវិញ​ទីនោះ។ ជាក់​ស្ដែង ពេល​ចូល​ព្រៃ​ជ្រៅ​គួរ​ប្រុង​ប្រយ័ត្ន​ខ្លួន ជា​ជាង​និយាយ​លេង​ប៉ប៉ាច់ប៉ប៉ោច ភ្លេច​ភ្លាំង អាច​នាំ​ទុក្ខ ឧទាហរណ៍ អាច​ជាន់​សត្វ​ ឬ​ពស់​ពិស​ជាដើម។

ជន​ជាតិ​ដើម​ជឿ​ថា នៅ​ព្រៃ​មាន​ត្រណម ព្រោះ​ព្រលឹង​ ឬ​វិញ្ញាណ​ខ្លះ អាច​មក​ធ្វើ​ទុក្ខ​ដល់​យើង​ ពេល​កំពុង​ធ្វើ​ដំណើរ​ក្នុង​ព្រៃ​ ឬ​ពេល​ត្រលប់​មក​វិញ​ ដែល​អាច​បណ្ដាល​ឲ្យ ឈឺ​គ្រុន និង​ជួន​កាល​អាច​នឹង​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេងៗ ដែល​បណ្ដាល​មក​ពី​ការ​និយាយ​ផ្ដេសផ្ដាស​ទាំងនោះ។

៤. ពេល​កូន​ចេញ​ពី​ផ្ទះ ឬ​ទៅ​ណា​ឆ្ងាយ

ពេល​មាន​កូនចៅ​ត្រូវ​ចេញ​ឆ្ងាយ​ម្ដង​ៗ ម្ចាស់​ស្រុក ឬ​ចាស់​ទុំ​ក្នុង​ភូមិ មាន​ដូចជា លោកយាយ លោកតា ឬ​ឪពុកម្ដាយ និង​សាច់ញាតិ​ ច្រើន​និយម​ធ្វើ​ពិធី​សែន ដើម្បី​សុំ​សេចក្ដី​សុខ និង​សុវត្ថិភាព​ក្នុង​ពេល​បំពេញ​បេសកកម្ម​នោះ។ បើ​គិត​ពី​ផ្នែក​វិទ្យាសាស្ត្រ វិធី​នេះ​ គឺ​ជា​ជំនួយ​ផ្លូវ​ចិត្ត​១ ដែល​ពង្រឹង​ស្មារតី​ដល់​បុគ្គល​ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទី​ណា​ឆ្ងាយ។

បើ​ជនជាតិ​ខ្មែរ​យើង ច្រើន​តែ​និយម​ធ្វើ​ពិធី​ជប់​លាង​ស្វាគមន៍​គ្នា ឬ​បើ​ពេល​មាន​បែក​គ្នា​ទៅ​កន្លែង​ផ្សេង​គ្នា គឺ​មាន​ពិធី​លា​គ្នា​ជា​ដើម ដែល​ភាសា​អង់គ្លេស​ហៅថា Farewell party។

៥. ត្រណម​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ជិត​គ្រប់ខែ

ជន​ជាតិ​ដើម​ភាគ​តិច ត្រណម​មិន​ត្រូវ​ឲ្យ​ដើរ​ទៅ​ណា​ឆ្ងាយ​តែ​ម្នាក់​ឯង​ ឬ​ដើរ​ទៅ​ណា​មក​ណា​យប់​ជ្រៅ​ពេក​ទេ។ ម្យ៉ាង​ទៀត គេ​មិន​ឲ្យ​ហូប​បាយ​កក មិន​ត្រូវ​ងូត​ទឹក​យប់​ជ្រៅ​ពេក និង​មិន​ឲ្យ​ធ្វើ​កិច្ច​ធ្ងន់​ៗ​ ពី​ព្រោះ​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ម្ដាយ ឬ​ប៉ះពាល់​កូន។ ជា​ការ​ពិត រឿង​នេះ​ដូចគ្នា​នឹង​ស្ត្រី​ទូទៅ មិន​ថា​ជនជាតិ​អ្វី​ទេ គឺ​ប្រយ័ត្ន​ខ្លាំង ដើរ​ម្នាក់ឯង​មិន​ល្អ​ទេ ព្រោះ​ខ្លាច​ប៉ះ​ចំ​ពេល​កូន​កើត​មុន​ខែ ឬ​មាន​បញ្ហា​សុខភាព​បន្ទាន់​នានា គ្មាន​អ្នក​ជួយ។

បន្ថែម​ពី​នេះ ជនជាតិភាគតិច មាន​ជំនឿ​ថា ជិត​គ្រប់​ខែ ស្ត្រី​មាន​ផ្ទៃ​ពោះ​ងាយ​ប្រឈម​នឹង​មាន​វិញ្ញាណ​អាក្រក់​ផ្សេងៗ​ តាម​បៀតបៀន​ ដូច្នេះ​ត្រូវ​មាន​ត្រណម​ខ្លាំង។

លោក ង៉ាច សាមីន ប្រធាន​សមាគម​យុវជន ជនជាតិ​ដើម​ភាគតិច បាន​បញ្ជាក់​ថា បើ​សិន​មាន​បុគ្គល​ណា​ម្នាក់​មិន​គោរព​តាម​ទំនៀមទម្លាប់ ឬ​ច្បាប់​ប្រពៃណី​ទេ នោះ​ចាស់ទុំ​និង​អ្នក​ភូមិ​នឹង​ចាប់​ជន​នោះ​មក​ដាក់​ពិន័យ​ទៅ​តាម​ប្រភេទ​ នៃ​បទល្មើស​ដែល​បាន​កំណត់​ក្នុង​ច្បាប់​ប្រពៃណី និង​ផ្អែក​តាម​ស្ថាន​ទម្ងន់​ទោស​ដែល​ប្រព្រឹត្តិ​ ឬ​បាន​បំពាន​ដោយ​បុគ្គល ទៅ​តាម​ជនជាតិ​ដើម​ភាគតិច​នីមួយៗ។

អត្ថបទ៖ ពៅ រក្សា

មតិយោបល់