• 2019-07-17 03:56:11
  • សុខភាព

មន្ត្រីពន្យល់​មូល​ហេតុ​មិន​សូវ​ប្រើ​ថ្នាំ​បាញ់​សម្លាប់​មូស​តាម​សហគមន៍​​ខណៈជំងឺគ្រុន​ឈាម​កំពុង​ផ្ទុះ​

  • 2019-07-17 03:56:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​ជំនាញ​សុខា​ភិបាល​ឲ្យ​ដឹងថា​មួល​ហេតុ​ដែល​មិន​សូវ​ប្រើប្រាស់​ថ្នាំ​បាញ់​សម្លាប់​មូស​នៅ​តាម ទីសាធារណៈ​គឺ​ដោយ​សារ​ថ្នាំនេះ​អាចធ្វើ​ឲ្យ​មូស​ស៊ាំទៅ​នឹង​ថ្នាំ និង​ម្យ៉ាង​ថា​គេ​ទុក​ប្រើ​តែ​ពេល​ផ្ទុះ​ខ្លាំង​នៅ​តំបន់ចាំបាច់ណាមួយ​ប៉ុណ្ណោះ។

(សកម្មភាព​មន្ត្រីចុះបាញ់​ថ្នាំមូស​កន្លង​មក/រូបភាព៖ CDC)

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វ​ផ្សាយស្ដីពី​ការ​ចូល​រួម​ទប់​ស្កាត់ជំងឺគ្រុន​ឈាន​កាលពី​ព្រឹក​មិញ​ លោកវេជ្ជបណ្ឌិត លាង រិទ្ធា ប្រ​ធាន​កម្មវិធី​ប្រ​យុទ្ធនឹង​ជំងឺគ្រុន​ឈាមនៃក្រសួង​សុខាភិបាល​​​ថ្លែងថា​​អង្គការសុខភាព​ពិ​ភព​លោក​មិន​ដែល​ណែនាំ​ឲ្យក្រ​សួង​ប្រើ​ប្រាស់​ថ្នាំ​បាញ់​សម្លាប់​មូស​នៅ​តាមទី​សាធារណៈ​នោះទេ។

លោក​បន្តថា​ការ​បាញ់​ថ្នាំ​មូស​នេះ​មាន​ប្រ​សិទ្ធភាព​ក្នុង​រយៈពេល​ខ្លី និង​អាច​ធ្វើ​ឲ្យ​មូស​ស៊ាំទៅ​នឹង​ថ្នាំ​ទៀត​ផង។ លោកបន្ថែមថា៖ «​ការ​បាញ់​សម្លាប់​មូស​មិន​ដូច​ការ​បាញ់​សម្លាប់​ដង្កូវ​ទឹកទេ បាញ់​មូស​បាន​តែ​មួយ​ម៉ោង ពីរ​ម៉ោងទេ ហើយ​ប្រ​ជា​ជន​អត់​យល់ចោទថា​បាញ់អត់ប្រ​សិទ្ធិ​ភាព អ៊ីចឹង​បានគេ​មិន​ចង់​បាញ់»។

លោក​បញ្ជាក់ទៀតថា៖ «អង្គការ​សុខភាព​ពិភព​លោក​​អត់ដែល​ឲ្យ​យោ​បល់​បាញ់​ថ្នាំ​ទេ ព្រោះវា​ស៊ាំ​ទៅ​នឹង​ថ្នាំ គិត​មើល​យើង​អុចធូបមូសបី​បួន​ដើម​ដំបូង​ងាប់រត់អស់​ តែ​យូរទៅៗវា​ហើរ​ពេញ​ហ្នឹង ដូច​គ្នាអ៊ីចឹង​គេ​រក្សា​ថ្នាំ​ហ្នឹង​ណាស់ មិន​ងាយ​បាញ់​ទេ ទុកចាំ​ពេល​កន្លែងណា​ផ្ទុះ​ខ្លាំង គេ​បាញ់​ឲ្យ​ចុះ​មួយក្រឹបសិន ហើយ​ចន្លោះពេល​ហ្នឹង​គេ​រៀប​សកម្មភាព​ផ្សេង គេ​អត់បាញ់រហូត​ទេ»។

(លោក​វេជ្ជបណ្ឌិត លាង រិទ្ធា ថ្លែង​ក្នុង​សិក្ខាសាលា​ព្រឹក​មិញ)

លោក​វេជ្ជបណ្ឌិត​ថ្លែង​ថា​វិធានការ​សម្អាត​បរិស្ថាន អនាម័យក្នុង​សហគមន៍​ជា​វិធាន​ការការពារ​ ទប់​ស្កាត់​កុំ​ឲ្យ​មាន​មូស​ខ្លា និង​បង្ការ​ជំងឺគ្រុន​ឈាម​មួយ​ផ្នែក។​

សម្រាប់​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​កូន​ចៅ ឬ​សាច់ញាតិ​ដែល​មាន​អការៈ​គ្រុន​ក្ដៅ​ខ្លាំង​ភ្លាមៗ​ពី​៣៩ ទៅ៤០​អង្សារយៈពេល​ពីរថ្ងៃឡើង និងមានសញ្ញាណ​ដូចជា​សន្លឹមឬកុមារឡេះឡះ អស់កម្លាំង ស្បែក​ត្រជាក់​ស្អិត​ ជាដើម ត្រូវ​បញ្ជូន​អ្នកជំងឺជាបន្ទាន់​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ពិគ្រោះ និង​ព្យា​បាលជំងឺ។

គួរ​បញ្ជាក់ថា​គិត​រហូត​មក​ដល់ពេលនេះ​ករណី​ជំងឺ​គ្រុន​ឈាម​កើត​ឡើង​ចំនួន​ប្រហែលជា​ពីរ​ម៉ឺន​ករណី និង​មាន​២៥​ករណី​បាន​ស្លាប់៕

អត្ថបទ៖ ទូច សុខា

មតិយោបល់