• 2018-07-27 08:24:11
  • ជំនឿ

ទៀបភ្លឺស្អែកនេះ នឹងមានបាតុភូតចន្ទគ្រាស តាមជំនឿខ្មែរ ស្ត្រីមានផ្ទៃពោះត្រូវធ្វើរឿងទាំងនេះ

  • 2018-07-27 08:24:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹកទៀបភ្លឺ ម៉ោង ៣៖ ៣០នាទី ​ថ្ងៃ​សៅរ៍ ទី២៧ ខែ​កក្កដា​នេះ ​នឹង​មាន​បាតុភូត​ចន្ទគ្រាស​កើត​ឡើង បើ​តាម​ជំនឿ​ដូន​តា​ខ្មែរ​តាំង​ពី​បរម​បុរាណ​មក ជឿថា ​បាតុភូត​នេះ​នឹង​នាំ​គ្រោះ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ។ តាម​ការ​ប្រាប់​របស់​លោកតា​​អាចារ្យ​ ចក់ ឡាង បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​គ្រាស​មក​ដល់ ចាស់ៗ​តែង​ដាស់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឱ្យ​ភ្ញាក់ និង​យក​អក​កំបោរ ឫ​ដុំ​ថ្ម ដាក់​ក្នុង​ថ្នក់​សំពត់​។ ចំណែក​នៅ​មុខ​ផ្ទះ​វិញ​ចាស់ៗ តែង​នាំ​គ្នា​យក​ខ្ទះ យក​ឆ្នាំង យក​ប៉ោត វាយ​​ឱ្យ​ឭ​សំឡេង​ខ្លាំងៗ ដើម្បី​បណ្ដេញ​ខ្មោច​ ព្រាយ​បិសាច ឧបទ្រព​ចង្រៃ ឱ្យ​ខ្ចាត់​ខ្ចាយ​ពី​គ្រួសារ។

​តាម​ជំនឿ​ដូន​តា​ខ្មែរ តែង​ជឿ​ថា ប្រសិន​បើ​មិន​ធ្វើ​បែប​នេះ​ទេ ខ្មោច​ព្រាយ​បិសាច​នឹង​ចូល​សណ្ឋិត​ក្នុង​ខ្លួន​ស្ត្រី​មាន​ផ្ទៃ​ពោះ​នោះ ហើយ​នៅ​ពេល​កូន​កើត​មក​ មាន​លក្ខណៈ​មិន​គ្រប់​ កើត​មក​ដៃ​ជើង​ទន់​ល្វតល្វៃ ចាស់​ៗ​ចំណាំ​ហៅ​ថា (ស្កន់​ជាន់ ឬ​រា​ជាន់)។ ដោយ​សារ​តែ​មាន​ជំនឿ​បែប​នេះ​ហើយ ទើប​ចាស់​ៗ​ពី​ដើម​ក្នុង​សង្គម​ខ្មែរ ប្រយ័ត្ន​ប្រយែង​ណាស់ ដើម្បី​ឱ្យ​កូន​ចៅ​ឆ្លង​ផុត​គ្រោះ​ទាំង​ឡាយ។​​​​

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៨ ប្រជាជន​កម្ពុជា​នឹង​អាច​មើល​ចន្ទគ្រាស​ចាប់​ពី​វេលា​ម៉ោង ២៖៣០នាទី​ព្រឹក ទាប​ភ្លឺ​ដល់ ៤៖១៣នាទី​ព្រឹក ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ចន្ទគ្រាស​ដែល​បង្ហាញ​ខ្លួន​យូរ​បំផុត​ប្រចាំ​សតវត្ស​ទី​២១។

ទោះ​បី​ជា​យ៉ាង​ណា ចន្ទគ្រាស​នឹង​មាន​ទំហំ​តូច​ជាង​ធម្មតា ដោយ​សារ​តែ​ឆ្នាំនេះ ព្រះ​ចន្ទ​ស្ថិត​នៅ​ចំណុច​ឆ្ងាយ​បំផុត​ពី​ផែនដី ពោល​គឺ​ចម្ងាយ ៤០៦ ០៨៦គីឡូម៉ែត្រ៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់