• 2018-08-27 12:01:00
  • ចរាចរណ៍

អស់​សំណើច អា ចិន ពួក​ម៉ាក​ខ្ញុំ រៀន​ជិះ​ម៉ូតូ​លើក​ដំបូង លឺ​តែ "អាសិត ជួយ​អញ​ផងៗ!”

  • 2018-08-27 12:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ផ្ដើម​សប្ដាហ៍​ថ្មី នាំ​គ្នា​ងាក​ចេញ​ពី​រឿង​ខ្មោច​ធ្វើ​ឲ្យ​ព្រឺ​ព្រួច ថ្ងៃ​នេះ មាតិកា "នឹក​ឡើង​ហួស​ចិត្ត" នាំ​ប្រិយមិត្ត​ទៅ​រក​អនុស្សាវរីយ៍​រៀន​ជិះ​ម៉ូតូ​របស់​លោក​ម្នាក់​ទាំង​អស់​គ្នា...!

ជម្រាប​សួរ​ប្រិយមិត្ត​ទំព័រ "នឹក​ឡើង​ហួស​ចិត្ត" ខ្ញុំ​បាទ​ឈ្មោះ សម្បត្តិ រស់​នៅ​ខេត្ត​ក្រចេះ។ ខ្ញុំ​មាន​រឿង​មួយ​របស់​មិត្ត​ភ័ក្ដិ​ខ្ញុំ​ទេ វា​ឈ្មោះ​អា ចិន រស់​នៅ​ក្នុង​ភូមិ​ស្រុក​ជាមួយ​គ្នា។ អា ចិន ជា​កូន​អ្នក​ធូធារ​មួយ​រូប វា​មាន​ម៉ូតូ​ជិះ​ទៅ​រៀន តាំង​ពី​គ្រូ​ៗ​ភាគ​ច្រើន​នៅ​ជិះ​កង់​នៅ​ឡើយ។ ប៉ុន្តែ​មុន​នឹង​ចេះ​ជិះ មាន​រឿង​អស់​សំណើច​មួយ អំឡុង​ពេល​វា​រៀន​ជិះ​ម៉ូតូ​នេះ។

រូប​តំណាង

ខ្ញុំ​ដូច​ជា​ភ្លេច​ឆ្នាំ​ទៅ​ហើយ ដឹង​តែ​យូរ​ហើយ...កាល​នោះ អា ចិន វា​ចង់​បាន​ម៉ូតូ ក៏​រំអុក​ម្ដាយ​វា ទារ​ទិញ​ម៉ូតូ។ ប៉ុន្តែ​ម្ដាយ​វា មិន​ព្រម​ដោយ​សារ​វា កាល​ណោះ​មិន​ទាន់​ចេះ​ជិះ ខ្លាច​មាន​គ្រោះ​ថ្នាក់។ ទោះ​បែប​នេះ អាចិន វា​មិន​បោះបង់​មហិច្ឆតា​វា​ទេ ដូច្នេះ​វា​បាន​ទៅ​លួច​រៀន​ជិះ​ម៉ូតូ។

ថ្ងៃ​មួយ នៅ​តុ​បុក​ប៊ីយែ​ផ្ទះ​មីង ថេត អា ចិន បាន​មក​សុំ​សោរ​​ម៉ូតូ​ពូ​វា​ដែល​កំពុង​ជាប់​បុក​ប៊ីយែ ម៉ាក​អាសង់​កូរ៉េ​ទៅ​រៀន​ជិះ។ "ពូសុំ​សោរ​ម៉ូតូ​តិច​ម៉ោ!” “អ្ហែង​យក​ធ្វើ​អី​អាចិន" “រៀន​ជិះ​ពូ...ម៉ែ​អត់​ទិញ​ម៉ូតូ​ឲ្យ​ទេ បើ​អត់​ទាន់​ចេះ​ជិះ"។ "មិន​កើត​ដឹង​អាចិន...!” “កើត...ជឿ​ទៅ​ពូ...ខ្ញុំ​ថា​មិន​អី គឺ​មិន​អី​ហើយ!"។ ដោយ​ខ្ជិល​តវ៉ា​ជាមួយ​អាក្មួយ​ច្រើន ពូ​របស់​វា​ក៏​ព្រម​អោយ ព្រោះ​តែ​ជាប់​ដៃ​ផង។

អាចិន បាន​សោ គេ​ឡើង​លើ​កែប​ម៉ូតូ​ភ្លែត...បញ្ឆេះ​ទ្រុល...ប្រែន​ទៅ​បាត់...គ្មាន​នរណា​ចាប់​អារម្មណ៍​ហ្នឹង​វា​ទេ ព្រោះ​កំពុង​តែ​ផ្តោត​លើ​ការ​បុក​ប៊ីយែ។ បន្តិច​ក្រោយ​មក លឺ​សន្ធឹក​ម៉ូតូ​វា​មក​វិញ... “អាសិត...អាសិត...ជួយ​អញ​ផង"។ លឺ​តែ​សំឡេង​ប៉ុណ្ណឹង ម៉ូតូ​ក៏​ហួស​ទៅ​បាត់។ មិន​យូរ​ប៉ុន្មាន​វា​មក​វិញ​ទៀត​ហើយ។ "អាសិត...អាសិត...ជួយ...ជួយ...!"។ ម៉ូតូ​ក៏​ទៅ​បាត់​ទៀត អ្នក​នៅ​ក្នុង​រោង​បុក​ប៊ីយែ​ក្រោម​សំយាប​ផ្ទះ មីង ថេត មិន​ចាប់​អារម្មណ៍​ទេ ព្រោះ​ស្មាន​តែ​វា​ធ្វើ​លេង។

រូប​តំណាង

មួយ​សន្ទុះ​សំឡេង​ក៏​មក​វិញ​ម្ដង​ទៀត "ថា​ជួយ​អញ​ផង...ជួយ...ជួយ!” ប្រោក...អាចិន វា​លេង​ផ្ទះ​បាយ​មីង ថេត ដែល​កំពុង​ដាំ​ស្ល ខ្ទេច...!។ អាចិន មិន​របួស​អី​ធ្ងន់​ទេ រលាត់​ដៃ​ជើង​តិច​តួច ដោយ​សារ​រោង​បាយ​ធ្វើ​ពី​ជញ្ជាំង​ស្លឹក និង​ស្ទើរ​ពុក​ផុយ​ទៅ​ហើយ គ្រាន់​តែ​មីង ថេត ឯណោះ អស់​សម្លរ​កកូរ​មួយ​ឆ្នាំង។

អាចិន ងើប​ចេញ​មក​វិញ មុខ​ឡើង​ស្លេក វា​ថា ម៉ូតូ​ចេះ​តែ​លឿន​ទៅ វា​ភ័យ​ខ្លាំង មិន​ដឹង​ថា​បញ្ឈប់​យ៉ាង​ម៉េច ទើប​បត់​ចុះ​បត់​ឡើង​ហៅ​គេ​ជួយ​ពេញ​តែ​ភូមិ រក​កល់​ចង់​ដួរ​២​-៣ដង​ហើយ ចុង​ក្រោយ​ចេះ​បាន​ផ្ទះ​បាយ​មីង ថេត ជួយ...ហាសហា ។ ខ្ញុំ​អត់ភ័យ​នឹង​អាចិន ទេ គិត​តែ​ពី​សើច ព្រោះ​អស់​សំណើច​ទប់​មិន​ជាប់...។ ចុង​ក្រោយ ម៉ែ​អាចិន ចំណាយ​អស់ ៦០ម៉ឺន​រៀល​សម្រាប់​ផ្ទះ​បាយ និង​សម្លរ​កកូរ​មីង ថេត មួយ​ឆ្នាំង៕

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ "នឹក​ឡើង​ហួស​ចិត្ត" ក៏​បាន!!!

ទស្សនា​វីដេអូ ពី​បទ​ពិសោធន៍​រៀន​ជិះ​ម៉ូតូ​ដំបូង​ៗ​នានាលើ​ពិភព​លោក!

អត្ថបទ៖ ទារិកា

មតិយោបល់