• 2018-09-01 04:50:42
  • ព័ត៌មាន

ឆ្នាំ២០១៩ ពលរដ្ឋខ្មែររស់នៅខេត្តទាំង២នេះ ត្រៀមមានឈ្មោះរស់នៅក្នុងខេត្តថ្មី

  • 2018-09-01 04:50:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ទទួល​បាន​ការ​ស្នើ​សុំ​ពី​ក្រសួង​មហាផ្ទៃ​ដែល​មាន​សម្ដេច​ក្រឡា​ហោម ស ខេង ជា​រដ្ឋ​មន្ត្រី​ សុំ​ឲ្យ​មាន​ការ​បង្កើត​ខេត្ត​ថ្មី​ចំនួន​២​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ មក​ដល់​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​កន្លង​ទៅ​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​តេជោ ហ៊ុន សែន បាន​យល់​ព្រម​លើ​សំណើ​នេះ​ហើយ។ តាមលិខិតរបស់ក្រសួងមហាផ្ទៃខេត្តទាំង២ថ្មី ដែលត្រៀមនឹងបង្កើតនេះ នឹងចេញឈ្មោះជាផ្លូវការណ៍ ក្នុងអំឡុងឆ្នាំ២០១៩ខាងមុខនេះហើយ។

យោង​តាម​លិខិត​ស្នើ​សុំ​របស់​ក្រសួង​មហាផ្ទៃ​ខេត្ត​២​ថ្មី ដែល​នឹង​លេច​រូបរាង​ឡើង​គឺ ទីមួយ​​បំបែក​ចេញ​ពី​ខេត្ត​កណ្ដាល និង​ទីពីរ​ពិនិត្យ​លើ​កត្តា​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ​របស់​ស្រុក​កោះញែក នៃ​ខេត្ត​មណ្ឌលគិរី និង​ស្រុក​លំផាត់ នៃ​ខេត្ត​រតនគិរី។

ក្នុង​លិខិត​មួយ​ដែល​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ថា ក្នុង​ករណី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ឯកភាព​ជា​គោលការណ៍​ហើយ ក្រសួង​មហាផ្ទៃ​នឹង​ចាត់​មន្ត្រី​បច្ចេកទេស ដើម្បី​សហការ​ជាមួយ​ក្រសួង និង​ខេត្ត​ពាក់ព័ន្ធ ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាក់ស្ដែង ដើម្បី​រាយការណ៍​សុំ​យោបល់​ដឹកនាំ​ជា​បន្ត​បន្ទាប់​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី។

តាម​លិខិត​ដែល​ដាក់​ស្នើ​ទៅ​នាយក​រដ្ឋ​មន្ត្រី ការ​រៀបចំ​បង្កើត​ឲ្យ​មាន​ខេត្ត​ថ្មី​ទាំង​ពីរ​នេះ នឹង​ធ្វើ​ឲ្យ​ចប់​សព្វគ្រប់​នៅ​ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​ទុក​ពេលវេលា​សមស្រប​សម្រាប់​រាជរដ្ឋាភិបាល​កំណត់​ចំនួន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣ ដែល​តាម​អាណត្តិ​កំណត់​ក្នុង​ច្បាប់ គឺ​ក្នុង​អំឡុង​ខែ​ឧសភា ឆ្នាំ​២០១៩។

យ៉ាង​ណា​ក្ដី​ឈ្មោះ​ខេត្ត​ថ្មី​ទាំង​ពីរ ក្រសួង​មហាផ្ទៃ​នៅ​មិន​ទាន់​បាន​ទម្លាយ​ឲ្យ​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់