• 2020-11-19 03:31:35
  • សុខភាព

ជំងឺ រើម បើអត់ព្យាបាលមានហានិភ័យដែរអត់?

  • 2020-11-19 03:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំងឺរើមជាជំងឺបណ្តាលមកពីវីរុសឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដែលបង្ហាញសញ្ញាលើស្បែកជាពងទឹក មានតូចមានធំផ្តុំគ្នាជាកញ្ចុំ ឬជាផ្ទាំងៗ។

ពេលឆ្លងវីរុស វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដំបូងវាបង្កជាជំងឺអុតស្វាយ (Varicella) ក្រោយពេលជាសះពីជំងឺអុតស្វាយ វីរុសនេះនៅសង្ងំក្នុងប្រព័ន្ធសសៃប្រសាទ (sensory ganglia) នៅពេលណាមួយសុខភាពរបស់យើងចុះខ្សោយ វីរុសនេះនឹងរើឡើងសាជាថ្មី បង្កជាជំងឺរើម។

នៅរយៈពេល ៤ ទៅ ៥ ថ្ងៃ មុនពេលលេចចេញជំងឺនេះ អ្នកជំងឺមានអាការៈរាងអស់កំលាំង ក្តៅខ្លួនស្ទិញៗ ស្រគៀរក្រហាយៗនៅលើស្បែកកន្លែងដែលវាប្រុងនឹងលេចចេញ។ បន្ទាប់មកទើបវាចេញជាផ្ទាំងក្រហមកំណត់ដោយពងទឹកមានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្តាំងៗ។ វាអាចចេញគ្រប់ទីកន្លែង នៅលើទ្រូង លើមុខ នៅដៃ។ល។ ប៉ុន្តែវាចេញម្ខាង ឬដោយផ្នែក មិនដែលចេញទាំងសងខាង ឬព័ទ្ធជុំទេ។ ក្រោយចេញសញ្ញាលើស្បែកពី ៧ ទៅ ១០ថ្ងៃ ពងទឹកទាំងនោះក៍សះទៅជាក្រមរ និងបន្សល់ទុកនូវសំលាក ព្រមជាមួយការឈឺចាប់ក្រហាយ(acute neuritis) លើស្បែកកន្លែងចេញ។ រោគសញ្ញាឈឺចាប់ និង ក្រហាយលើស្បែកនេះអាចតិចឬខ្លាំង អាចវិវត្តន៍ទៅជាឈឺចាប់សសៃប្រសាទរ៉ាំរ៉ៃ (postherpetic neuralgia) ទៅតាមសុខភាពបុគ្គលផ្សេងៗគ្នា។

កត្តាប្រឈម នឹងជំងឺ១នេះ

  • កត្តាអាយុ (age-related immunosenescence)៖ អត្រាជំងឺកើនឡើង ករណីអាយុកាន់តែច្រើន
  • កត្តាជំងឺរ៉ាំរ៉ៃ ឬ ប្រព័ន្ធភាពស៊ាំចុះខ្សោយដោយយថាហេតុ (disease-related immunocompromise or iatrogenic immunosuppression)៖ HIV ថ្នាំពេទ្យ (immunosuppressive drugs) អ្នកជំងឺប្តូរសរីរាង្គ (transplant patients)

ប្រការត្រូវយល់ដឹង

  • ត្រូវងូតទឹកសំអាតខ្លួនប្រាណនឹងសាប៊ូជាប្រចាំ។
  • ត្រូវបរិភោគអាហារបំប៉នសុខភាព មិនតមអាហារអ្វីទាំងអស់។ មិនត្រូវស្តោះផ្លុំ ឬយកភ្លើងមកដុតលើស្បែកអ្នកជំងឺរើមទេ។

ចំពោះអ្នកមិនទាន់កើតអុតស្វាយត្រូវចាក់ថ្នាំការពារជំងឺអុតស្វាយ។

វិធីព្យាបាល៖

អ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និង ព្យាបាលដោយ acyclovir ឬ valacyclovir ឬ famciclovir។

គោលបំណងនៃការព្យាបាល៖

  • កាត់បន្ថយភាពធ្ងន់ធ្ងរ និង ការឈឺចាប់ (acute neuritis)
  • អោយរបួសឆាប់ជាសះស្បើយ
  • ទប់ស្កាត់ការរីករាលដាលរបួសលើស្បែក
  • ទប់ស្កាត់ការចំលងវីរុស
  • ទប់ស្កាត់ការឈឺរលាកសសៃប្រសាទរ៉ាំរ៉ៃ (postherpetic neuralgia)

ប្រភព ៖ មន្ទីពេទ្យកាល់ម៉ែត

មតិយោបល់