• 2018-09-17 04:53:30
  • ចរាចរណ៍

យុទ្ធនាការ​ធំ​មួយ​ ប្រកាស​រក​មូលនិធិ​ជួយ​ព្យាបាល​គ្រូ​បង្វឹក​ឆ្កែ​ខ្មែរ ល្បី​ពេញ​ពិភពលោក

  • 2018-09-17 04:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុទ្ធនាការ​មួយ​នឹង​ត្រូវ​រៀប​ចំឡើង​ដើម្បី​ប្រមូល​ថវិកា​​ ឲ្យ​បាន​ ១ម៉ឺន​៥ពាន់​ដុល្លារ សម្រាប់​ជួយ​សង្គ្រោះ​គ្រូ​បង្ហាត់​ឆ្កែ​របស់​កម្ពុជា​​​ល្បី​លំដាប់​ពិភពលោក​ ដែល​រងគ្រោះ​ថ្នាក់​ចរាចរណ៍​កាលពី​ចុង​ខែ​សីហា កន្លងទៅ​។ យុទ្ធនាការ​នេះ​ ផ្ដួចផ្ដើម​​ឡើង​ដោយ​ក្រុមហ៊ុន Sabay និង គាំទ្រដោយ ធនាគារ​ ព្រីនស៍ ដែល​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ TLJ ព្រឹក​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ ២០១៨។

លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Sabay បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ឯពិធី​សន្និសីទ​កាសែត​ថា ការ​បង្កើត​មូលនិធិ​ជួយ​ព្យាបាល​ជំងឺ​ លោក​ហ៊ិន រតនា គ្រូ​បង្វឹក​ឆ្កែ​ល្បី​ពេញ​ពិភពលោក​ គឺ​ Sabay ចង់​ចូលរួម​ការងារ​សង្គម​ផង និង​ចង់​ផ្លាស់​ប្ដូរ​ការ​គិត​ពី​អវិជ្ជមាន​មក​ជា​វិជ្ជមាន បែប​ប្រមូល​ជា​កម្លាំង​ទាំង​អស់​គ្នា​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ម្នាក់​ ឬ​ប្រជាជន​ខ្មែរ​​ម្នាក់​ដែល​ជា​ប្រជាជន​គំរូ។ “យើង​ដឹង​ហើយ​ថា លោក​រតនា​ជា​មនុស្ស​ល្អ ប្ដី​ល្អ ឪពុក​ល្អ ហើយ​ក៏​ជា​ពលរដ្ឋ​ល្អ ដែល​បាន​ចូលរួម​ជួយ​សង្គម"។

លោក ជី សិលា នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន Sabay

លោក ជី សិលា បាន​បន្ថែម​ថា ក្រោយ​ពី​លោក​ហ៊ិន​ រតនា ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​បាន​ចែក​រំលែក​ទាំង​យោបល់​ ថវិកា និង ការ​អាណិត​អាសូរ​ជាច្រើន ដូច្នេះ​ហើយ​ Sabay ផ្ដើម​ចេញ​ជា​សកម្មភាព​បន្ថែម​ទៀត​ ពី​ការ​ត្រឹម​អាណិត​ ដោយ​ចូលរួម​ស្វែង​រក​មូលនិធិ​ជួយ​លោក​រតនា ដែល​កំពុង​សម្រាក​ព្យាបាល​ និង​ប្រឈម​នៅ​ការ​វះកាត់​ឆ្អឹង​ខ្នង ដែល​កំពុង​ត្រូវ​ការ​លុយ​ច្រើន​ថែម​ទៀត។

នៅ​ក្នុង​ការ​ចាប់​ផ្ដើម​ស្វែង​រក​មូល​និធិ​នេះ លោក ជី សិលា បាន​បញ្ជាក់​ថា Sabay នឹង​ចូល​រួម​ចំនួន ៥ពាន់​ដុល្លារ បូក​នឹង​ធនាគារ​ Prince ៥ពាន់​ដុល្លារ ហើយ​នៅ​សល់​ប្រមាណ​ជា​ ៥ពាន់​ដុល្លារ​ទៀត​គ្រប់ ១ម៉ឺន​៥ពាន់​ដុល្លារ គឺជា​ការ​ចូលរួម​របស់​មហាជន ដើម្បី​ជួយ​សម្រាល​ការ​ខ្វះខាត​នៃ​ការ​ចំណាយ​ដ៏​ច្រើន​របស់​លោក រតនា។

ចំពោះ​ពេលវេលា​នៃ​ការ​កំណត់​នៃ​ការ​បរិច្ចាគ​មិនមាន​ឡើយ ប៉ុន្ដែ​លោក ជី សិលា បាន​បន្ថែម​ថា ប្រសិន​ការ​ប្រមូល​បាន​កាន់​តែ​លឿន​កាន់តែ​ល្អ ហើយ​ប្រសិន​បើ​លើស​ខ្ទង់​ការ​កំណត់​ខាង​លើ​ក៏​ល្អ​ដែរ ព្រោះ​ស្ថានភាព​លោក​រតនា នៅ​ត្រូវ​ការ​ចំណាយ​ព្យាបាល​ច្រើន។

លោក ប៊ិន ដេវិន នាយក​ប្រតិបត្តិ​អាជីវកម្ម​ នៃ​ធនាគារ​ ព្រីនស៍ បាន​មាន​ប្រសាសន៍​ដែរ​ថា ធនាគារ​ Prince ក៏​បាន​ចូលរួម​វិភាគទាន​នេះ ក្នុង​ន័យ​ចូលរួម​ការងារ​សង្គម ដែល​ធនាគារ​បាន​ចូលរួម​ថវិកា​ប្រមាណ​ជា ៥ពាន់​ដុល្លារ នៅ​ក្នុង​មូលនិធិ​នេះ ដោយ​សង្ឃឹម​ថា លោក​ហ៊ិន រតនា នឹង​ឆាប់​ជា​សះស្បើយ អាច​វិល​ត្រឡប់​មក​ធ្វើ​ការងារ​ដូច​ធម្មតា​ក្នុង​ពេល​ឆាប់​ៗ​នេះ។

លោក ហ៊ិន រតនា ជា​កូន​កាត់​ខ្មែរ​ អាម៉េរិកាំង និង​ជា​គ្រូ​បង្វឹក​ឆ្កែ​ដ៏​ល្បី​របស់​កម្ពុជា​រហូត​ដល់​ពិភព​លោក កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ២០១៨ បាន​​រងគ្រោះ​ដោយ​រថយន្ត​បុក និង​កិន​​ជា​ហេតុ​នាំ​ឲ្យ​រង​របួស​ធ្ងន់ និង​​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មួយ​​ក្នុង​ប្រទេស​ថៃ។

​ទាក់ទង​នឹង​ស្ថានភាព លោក ខ្លេង សុខហ៊ ត្រូវ​ជា​បង​ថ្លៃ​ លោក​ ហ៊ិន រតនា បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា លោក​រតនា បាន​ធូរ​ស្រាល​បន្តិច​ដោយ​អាច​ធ្វើ​ចលនា​បាន​ខ្លះៗ ប៉ុន្ដែ បញ្ហា​ឆ្ងឹង​ខ្នង​ប្រឈម​នឹង​វះកាត់​ទៀត​ ដោយ​ក្រុម​គ្រូពេទ្យ​ថា គេ​រក​ឃើញ​មាន​ទឹក​ដក់​ក្នុង​ឆ្អឹង​ខ្នង ហើយ​ជើង​ឆ្វេង​នៅ​ខ្សោយ​ខ្លាំង ហើយ​ការ​វះកាត់​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន។

ចុចអាន៖ ស្ថានភាព​របួស​ គ្រូបង្វឹកឆ្កែដ៏ល្បី ធូរ​ស្រាល​បន្តិច​ហើយ ក្រោយព្យាបាលអស់យ៉ាងច្រើន

ចាប់​តាំង​ពី​លោក ហ៊ិន រតនា បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​រហូត​មក​ទល់​នឹង​ពេល​នេះ បាន​ចំណាយ​ប្រាក់​អស់​ប្រមាណ​ចន្លោះ​ពី ៨-១០ ម៉ឺន​ដុល្លារ​ហើយ ហើយ​ស្ថានភាព​គ្រួសារ​នៅ​​​មាន​បញ្ហា​ជីវភាព ដោយ​បាន​ដាក់​ផ្ទះ​បញ្ចាំ​យក​ប្រាក់​ទៅ​ព្យាបាល​លោក​រតនា។

ចុចអាន៖ គ្រោះថ្នាក់ចរាចរណ៍មួយ៖ ព្យាបាល​អស់​ប្រាក់​ជិត ៧ម៉ឺន​ដុល្លារ​ហើយ តែ​ស្ថានភាព​លោក​គ្រូ​បង្វឹក​ឆ្កែ​កម្ពុជា​​ល្បី​ពេញ​ពិភពលោក​ នៅតែ​ធ្ងន់

ឆ្លើយ​តប​នឹង​ការ​លំបាក​ជីវភាព​គ្រួសារ​លោក​ហ៊ិន​រតនា ខាង​លើ​នេះ ក្រុម​ហ៊ុន Sabay និង​ធនាគារ ព្រីនស៍ បាន​ប្រកាស​ជួយ​ថវិកា​អង្គភាព​ខ្លួន​ផង និង​ បង្កើត​មូលនិធិ​ឲ្យ​មហាជន​ចូលរួម​ជួយ​បន្ថែម​ឲ្យ​បាន​សរុប​ចំនួន ១ម៉ឺន​៥ពាន់​ដុល្លារ ឬ​លើស​ពី​នេះ។

ដូច្នេះ​ប្រសិន​បើ​ប្រិយមិត្ត​ចង់​បរិច្ចាគ​ជួយ​ លោក​គ្រូ​បង្វឹក​ឆ្កែ​ល្បី​ល្បាញ​រូប​នេះ អាច​ផ្ញើ​តាម​រយៈគណនី​វីង Hin Rattana 00543601៕

សូមស្ដាប់ និង ទស្សនា​វីដេអូសន្និសីទ្ធ​ ស្វែករកមូលនិធិ​ជួយព្យាបាល​ លោក ហ៊ិន រតនា៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់