• 2018-11-02 11:51:00
  • ជំនឿ

ឆ្ងល់​ដែរ​...ចេះ​នាំ​គ្នា​ខ្លាច​ខ្មោចៗ តើ​មាន​ខ្មោច​មក​ពី​ណា...!!!

  • 2018-11-02 11:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិល​មក​ជួប​គ្នា​ជា​ថ្មី ជាមួយ​ទំព័រ "នឹក​ឡើង​ហួស​ចិត្ត" ចង់​ដឹង​ទេ​ថា មាន​រឿង​អី​ផ្ញើ​មក​ពី​ស្រុក​ស្រែ​យើង គឺ​ថា...គឺ​ថា​រឿង​ខ្មោច​ទៀត​ហើយ....ធ្វើ​ស៊ី​អ្នក​នៅ​ម្នាក់​ឯង​យប់​ៗ​ហ្មង ខិខិខិ !។ តោះ...ស្ដាប់​បង វាសនា មក​ពី​សៀមរាប ប្រូ​ទាំង​អស់​គ្នា!

បាទ​ខ្ញុំ​ឈ្មោះ វាសនា មាន​រឿង​ផ្ទាល់​ខ្លួន​មួយ យក​មក​ចែក​រំលែក​ជូន​បង​ប្អូន​ដឹង​ទាំង​អស់ រឿង​របស់​ខ្ញុំ​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ដើរ​យប់...អ្នក​ណា​ខ្លះ​ធ្លាប់​ធ្វើ​ជា​ទីទុយ​រកស៊ី​ពេល​យប់? តាំង​ពី​ដើម​ឡើយ ខ្ញុំ​គឺ​ជា​មនុស្ស​ខ្លាច​ខ្មោច​ណាស់ ប៉ុន្តែ​តាំង​ពី​ចេះ​ដើរ​លេង​យប់ រាំវង់ ចាប់​ឈូក អី​មក វា​ហាក់​សាំ​នឹង​មជ្ឈដ្ឋាន​ពេល​យប់ យូរ​ទៅ​ក៏​លែង​អី។ ប៉ុន្តែ​មុន​នឹង​សុំា បង​ប្អូន​ដឹង​ថា មាន​រឿង​អី​ទេ?

រូប​តំណាង

តាម​ធម្មតា ខ្ញុំ​មាន​មិត្តភ័ក្ដិ​មួយ​ក្រុម​មាន​គ្នា​ប្រមាណ​ជា ៧-៨នាក់ ការងារ​រាល់​ថ្ងៃ​នា​ពេល​នោះ គឺ​អង្គុយ​មុខ​ផ្ទះ​ចាំ​មើល​រ៉ឺម៉ក​ដឹក​ធុង​បាស់​ទៅ​ភូមិ​ណា ស្រុក​ណា...យប់​ឡើង​ប្រមូល​កម្លាំង​សំដៅ​កន្លែង​លឺ​ភ្លេង​ហើយ។ ស្ទើរ​ជា​រៀងរាល់​យប់ ពិសេស​រដូវ​ធ្លាក់​ខ្យល់​នេះ ដែល​មេឃ​មិន​សូវ​ភ្លៀង យប់​ណា​ក៏​ដើរ​លេង​ដែរ លើកលែង​តែ​មិន​មាន​កម្មវិធី​អ្វី ដូច្នេះ​មួយ​យប់​ៗ​ដឹង​តែ​ពី​សប្បាយ​ដែរ។

ដូច្នេះ​ឲ្យ​តែ​ចាប់​បាន​គោលដៅ​ច្បាស់ យប់​ឡើង​ក្រោយ​ពី​បាយ​រួច​រៀង​ខ្លួន គឺ​ត្រូវ​ជុំ​គ្នា ហើយ​ក៏​ចេញ​ដំណើរ ម៉ូតូ​២ គ្នា​៧-៨​នាក់​អីចឹង​ទៅ។ ក្រោយ​សប្បាយ​អស់​ចិត្ត អស់​ចង់​ហើយ ជួន​អ្នក​ខ្លះ​ក៏​មក​មុន ខ្លះ​ក៏​មក​ក្រោយ តាម​តែ​ការ​ស៊ូទ្រាំ​រៀង​ខ្លួន អ្នក​ណា​ងងុយដេក​ហើយ ចង់​មក​មុន​ក៏​មក​ចុះ បើ​អត់​ទេ នៅ​បន្ត​ទៀត ចាំ​ត្រឡប់​មក​វិញ​ទាំង​អស់​គ្នា។ ប៉ុន្តែ​សម្រាប់​ខ្ញុំ ជម្រើស​មួយ​ណា ក៏​មិន​ប្រសើរ​សម្រាប់​ខ្ញុំ​ដែរ ព្រោះ​ក្នុង​ចំណោម​ពួកម៉ាក​ខ្ញុំ​ទាំង​អស់ មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ដែល​មាន​ផ្ទះ​នៅ​ផ្លូវ​ដាច់​តែ​ឯង ពោល​គឺ​ភាគ​ច្រើន ផ្លូវ​ទៅ​ផ្ទះ​ពួក​គេ ច្រើន​ដល់​មុន​ខ្ញុំ អាស្រ័យ​ទៅ​លើ​ទីតាំង​របស់​ធុង​បាស់​។

ជា​រៀង​រាល់​លើក ពេល​ត្រឡប់​មក​ពី​ដើរ​លេង​វិញ ពួក​ម៉ាក​ខ្ញុំ បាន​បែក​ផ្លូវ​ទៅ​ផ្ទះ​មុន​រៀង​ខ្លួន​មុន​អស់ សល់​តែ​ខ្ញុំ​ត្រូវ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ទាំង​ញ័រ​ខ្លួន​រាល់​តែ​លើក។ នៅ​តាម​ផ្លូវ​ទៅ​ផ្ទះ​របស់​ខ្ញុំ មាន​ដើម​ពោរ​មួយ​ដើម​ធំ​ដុះ​នៅ​អែប​ផ្លូវ...ដើម​ឡើយ(ជំនាន់​ពុក​ខ្ញុំ) ល្បី​ណាស់ រឿង​ខ្មោច​លង​នៅ​ម្ដុំ​ដើម​ពោធិ​នេះ។ ប៉ុន្តែ​អំណាច​នៃ​ចិត្ត​ចង់​ដើរ​លេង ចេះ​តែ​តស៊ូ ​តាំង​ចិត្ត​ទៅ...ដូច្នេះ​រាល់​ពេល​ត្រឡប់​មក​ពី​ដើរ​លេង រឿង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ពេល​មក​ដល់​ដើម​ពោធិ​ធំ​នោះ គឺ "រត់"។

រូប​តំណាង

រាល់​លើក ឲ្យ​តែ​ខ្វះ​ប្រមាណ​ជា ៥០ម៉ែត្រ​ដល់​ដើម​ពោធិ ខ្ញុំ​ចាប់​ផ្ដើម​សម្រួល​ឥរិយាបថ ដោះ​ស្បែក​ជើង​កាន់​នឹង​ដៃ សម្រួល​អារម្មណ៍ បន្តិច​មក ក៏​រាប់​ពី ១ ដល់ ៣(រាប់​ក្នុង​ចិត្ត) រួច​រត់​ម៉ា​ទំហឹង​តែ​ម្ដង អត់​មាន​ងាក​ក្រោយ​ទេ សុខ​ចិត្ត​ទៅ​ផ្ទះ​ឈរ​ដង្ហក់​ចង់​ដាច់​ខ្យល់​នៅ​ផ្ទះ។ អា​ហ្នឹង​ម្យ៉ាង ម្យ៉ាង​ទៀត​បង​ប្អូន​ដឹង​ថា​ម៉េច​ទេ គឺ​អា​ឡើង​កាំ​ជណ្ដើរ ជិត​ផុត​កាំ​នោះ​អី ខ្វះ​មួយ​កាំ​ទៀត​ផុត​ហ្នឹង គឺ​ចេះ​តែ​គិត​ថា ខ្លាច​តែ​មាន​ស្អី​មក​ចាប់​ជើង...ណ្ហើយ​មិន​ដឹង​និយាយ​យ៉ាង​ម៉េច​ត្រូវ និង​ឲ្យ​បង​ប្អូន​យល់​អារម្មណ៍​ពេល​នោះ​ទេ លើក​លែង​ធ្លាប់​ខ្លាច ធ្លាប់​មាន​បទ​ពិសោធន៍​ស្រដៀង​ៗ​គ្នា​ហ្នឹង​ដែរ។

រាប់​ខែ គឺ​បែប​នេះ យប់​ណា ក៏​ជា​យប់​រត់​ម៉ារ៉ាតុង​ដែរ ក្រោយ​ត្រឡប់​មក​ពី​ដើរ​លេង​វិញ។ថ្ងៃ​មួយ ធ្លាប់​មាន​រឿង​ម្ដង គឺ​បន្ទាប់​ពី​ដោះ​ស្បែក​ជើង​រត់ ឆ្លង​កាត់​ដើម​ពោធិ​មក​ដល់​ផ្ទះ ឡើង​ជណ្ដើរ វឹប...វឹប ហើយ ស្រាប់​ជាន់​ជណ្ដើរ​ខុស​កាំ...បង​ប្អូន​អើយ...ចង់​បែក​ប្លោក ហួល​ចង់​ងាប់ តាំង​ពី​នោះ​មក ខ្ញុំ​ចាប់​ផ្ដើម​ប្ដូរ​ការ​គិត។ "ទេ...អញ​ដើរ​លេង​រាប់​ខែ​មក​ហើយ ហើយ​មក​ដល់​ដើម​ពោធិ​ចេះ​តែ​រត់​រហូត...​ហើយ​ម្ដង​ៗ​ហត់​ចង់​ងាប់...តែ​ដូច​មិន​ឃើញ​មាន​រឿង​អី​ផង គឺ​ចេះ​តែ​ខ្លាច​ខ្លួន​ឯង បង្អើល​ខ្លួន​ឯង!” ខ្ញុំ​នឹក​ក្នុង​ចិត្ត...បន្ទាប់​នឹក​គិត​ដល់​ចំណុច​អស់​នេះ​ហើយ ខ្ញុំ​នៅ​តែ​បន្ត​ដើរ​លេង​យប់ ចាប់​ឈូង រាំ​វង់ ញ៉ែ​ក្រមុំ​ៗ​តាម​ភូមិ​ដដែល។

រូប​តំណាង

ប៉ុន្តែ​ខ្ញុំ​លែង​រត់​ទៀត​ហើយ ពេល​មក​ដល់​ដើម​ពោធិ គឺ​ខ្ញុំ​សម្រួល​អារម្មណ៍ និង​ប្រាប់​ខ្លួន​ឯង​ថា ឈប់​ខ្លាច ព្រោះ​មិន​អី​ទេ។ ខ្ញុំ​តាំង​ចិត្ត និង​ប្រាប់​ខ្លួន​ឯង​បែប​នេះ រហូត​ដល់​យូរ​ៗ​ទៅ អារម្មណ៍​ខ្លាច​ក៏​លែង​សូវ​មាន ហើយ​ទោះ​មក​ដល់​ដើម​ពោធិ ក៏​ដើរ​ធម្មតា គ្រាន់​តែ​ឆ្កែ​ព្រុស​បន្តិច។ ហាស​ហា ទាល់​តែ​ប៊ិះ​បែក​ប្លោក ទើប​ចេះ​ភ្ញាក់​ខ្លួន...អរគុណ​ហើយ "​ប្លោក...!”។ បើ​មាន​វីដេអូ​ខ្លួន​ឯង​ពេល​នោះ មក​អង្គុយ​មើល​ឥឡូវ មិន​ដឹង​អស់​សំណើច​នឹង​ខ្លួន​ឯង​យ៉ាង​ណា!!!

បង​ប្អូន​មាន​អនុស្សាវរីយ៍​ហួស​ចិត្ត សើច​សប្បាយ ចង់​ចែក​រំលែក​ សូម​ទាក់​ទង​លេខ ០១០ ៥៥៥ ៦៩៥ ឬ​ផ្ញើ​សារ​ជា​សំឡេង​មក​ប្រអប់​សារ​នៃទំព័រ​ "នឹក​ឡើង​ហួស​ចិត្ត" ក៏​បាន!!!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី