• 2019-05-02 06:25:00
  • សេដ្ឋកិច្ច

រមណីយដ្ឋាន៣កន្លែង ទេសភាពស្អាតទាក់ទាញខ្លាំងក្នុងថ្ងៃឈប់សម្រាក

  • 2019-05-02 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែ​ឧសភា​នេះ ​សម្បូរ​ថ្ងៃ​ឈប់​សម្រាក​ កាន់​តែ​ងាយ​ស្រួល​សម្រាប់​លោក​អ្នក​​ដែល​ចង់​លម្ហែ​ចិត្ត ​ចង់​ដើរ​លេង​កម្សាន្ត​ឲ្យ​សប្បាយ​​កាយ។ កញ្ញា ​សូម​ណែ​នាំ​រមណីយដ្ឋាន​​ដើរ​លេង​៣​កន្លែង មាន​ទេសភាព​ស្អាត ​មិន​ចាញ់​នៅ​បរទេស ​សម្រាប់​លោក​អ្នក​ដើរ​លេង​ជាមួយ​ក្រុម​គ្រួសារ ​មិត្ត​ភក្កិ និង​សាច់​ញាតិ។​

១. រមណីយដ្ឋាន​ សង់​ដាម៉ួ​

រមណីយដ្ឋាន​ "​ សង់​ ដាម៉ួ​ "​ (​ Champs D’Amour ) ​ជា​កន្លែង​កម្សាន្ត​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​មួយ​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ឃុំ​ កូនសត្វ ស្រុក​ទឹក​ឈូ ខេត្ត​កំពត​ ក្នុង​តំបន់​ (​ ទំនប់​ប្រទយ្យក្រឡា​ )។ ​

អ្នក​ទៅ​លេង​រមណីយដ្ឋាន​នេះ ​នឹង​ទទួល​បាន​អារម្មណ៍​ប្លែក​តាម​រយៈ​ទេសភាព​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​ជួរ​ភ្នំ​ ចម្ការ​ទុរេន សាវម៉ៅ​ ម្រេច​ ជួរ​បឹង​ដែល​មាន​ទឹក​ថ្លា​​គួរ​ឲ្យ​ចង់​គយ​គន់​មិន​ជិន​ណាយ​។ ក្រៅ​ពី​មាន​ទេសភាព​ស្អាត​ហើយ ​រមណីយដ្ឋាន​នេះ​ក៏​មាន​កន្លែង​ស្នាក់​នៅ​ដ៏​មាន​ផាសុកភាព​ផង​ដែរ គឺ​មាន​ផ្ទះ​សង់​ពី​ឈើ នៅ​ដាច់​ៗ​ពី​គ្នា​ និង​ការ​តុបតែង​នៅ​ខាង​ក្នុង​មាន​របៀប​រៀប​រយ តាម​លក្ខណៈ​បុរាណ ដែល​អាច​ស្នាក់​នៅ​ជា​លក្ខណៈ​ក្រុម​គ្រួសារ មិត្ត​ភក្តិ ឬ​គូ​ស្នេហ៍​ ព្រម​ទាំង​មាន​ទី​ធ្លា​សម្រាប់​បោះ​តង់​ផង​ដែរ​។

២. រមណីយដ្ឋាន​ធម្មជាតិ​ភូមិ​ស្លា

​បើ​បាន​ទៅ​ដល់​ខេត្ត​សៀមរាប ​លោក​អ្នក​កុំ​ភ្លេច​ឈៀង​ចូល​លេង​រមណីយដ្ឋាន​ធម្មជាតិ​​ភូមិ​ស្លា ដែល​មាន​ទេសភាព​ស្អាត​ ខ្យល់​អាកាស​ត្រជាក់​ចិត្ត។ ​លើស​ពី​នេះ ​ទី​នេះ​ក៏​មាន​ខ្ចុស​ជា​ច្រើន​អ្នក​ទេសចរ​ទុក​ជួល​សម្រាក​លម្ហែ​កម្សាន្ត បណ្ដែត​អារម្មណ៍​​គយ​គន់​មើល​ថ្ងៃ​លិច​ ​​ព្រម​ទាំង​មាន​អា​ហារ ឆ្ងាញ់​ៗ​ដូច​ជា មាត់​បំពង ត្រី​ដុត ច្រើន​មុខ​ទៀត​​ផង​ដែរ។​​

លោក​អ្នក​អាច​ធ្វើដំណើរ​តាម​ផ្លូវ​ក្រវាត់ក្រុង​ឆ្ពោះ​ទៅ​កាន់​វត្ត​ចក ចូល​តាម​ច្រក​ផ្សារ​កន្ត្រក ប្រមាណ ២ គីឡូម៉ែត្រ លោក​អ្នក​នឹង​បាន​ឃើញ​ដើម​ឈើ​ដង្គត់​ទើប​ដុះ​ពន្លក​ស្លឹក​ថ្មី​ឈរ​កណ្ដាល​ទ្រូង​ផ្លូវ ជា​សញ្ញា​ប្រាប់​ភ្ញៀវ​ថា ដល់​ទី​តាំង​រមណីយដ្ឋាន​ធម្មជាតិ​ភូមិ​ស្លា​ហើយ។

​៣. រមណីយដ្ឋាន​ភូមិ​ផ្កា​ត្រកួន

កន្លែង​កម្សាន្ត​នេះ​នៅ​កៀក​បង្កើយ​រាជ​ធានី​ភ្នំ​ពេញ ​ដោយ​ស្ថិត​​នៅ​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល។

បើ​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ២១A ពី​ទួល​ក្រសាំង​មក រមណីយដ្ឋាន​នេះ មាន​ចម្ងាយ​ប្រមាណ ​២០​គី​ឡូ​ម៉ែត។ តែ​បើ​សិន​ជា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ២១ រមណីយដ្ឋាន​នេះ​មាន​ចម្ងាយ ២៧គីឡូម៉ែត ​ដោយ​ត្រូវ​វៀង​កោះ​អន្លុង​ចិន នឹង​ជិះ​កាត់​តាម​កោះ​ក្របី។

លោក​អ្នក​អាច​រីក​រាយ​នឹង​ការ​ថត​រូប​ជាមួយ​ផ្កា​ច្រើន​ពណ៌​ចម្រុះ​គ្នា ​រួម​នឹង​​ការ​ជិះ​ទូក​លេង​យ៉ាង​សប្បាយ​ផង​ដែរ៕

រូបភាព៖ ទេសចរណ៍ -Tourism

អត្ថបទ៖ លឹម សុនា

មតិយោបល់