• 2019-09-05 03:13:25
  • ចរាចរណ៍

តួលេខគ្រោះថ្នាក់ចរាចរណ៍កើនឡើង រវាងខែកក្កដា​ ដូចគ្នា ២០១៩ និង ២០១៨

  • 2019-09-05 03:13:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដា ឆ្នាំ២០១៩ មានការកើនឡើងចំនួន ៩៨លើក ស្មើនឹង៤១% បើប្រៀបធៀបនឹងចំនួនគ្រោះថ្នាក់ចរាចរណ៍នៅខែកក្កដា ឆ្នាំ២០១៨ ប៉ុន្តែមានការថយចុះចំនួន ៦ករណី ស្មើនឹង២% បើប្រៀបធៀបនឹងខែមិថុនា ឆ្នាំ២០១៩ ដូចគ្នា។

នៅឯកិច្ចកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង ឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ ​និង​ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើង​ថា ទោះបីមានការកើនឡើងករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដា ឆ្នាំ២០១៩ ធៀបនឹងខែកក្កដា ឆ្នាំ២០១៨ ក្ដី ករណីនេះមានការថយចុះរវាងខែមិថុនា និងខែកក្កដា ឆ្នាំ២០១៩ ដែលជាសញ្ញាវិជ្ជមានមួយកើតចេញពីការខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ និងប្រើអស់លទ្ធភាពដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយបានតាក់តែងលិខិតគតិយុត្ត អប់រំ បំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា ចែកមួកសុវត្ថិភាព ជួសជុលថែទាំផ្លូវ និងរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងការកែច្នៃយានយន្តខុសលក្ខណៈបច្ចេកទេស។

ឯកឧត្តមទេសរដ្ឋមន្ត្រីបន្ថែមថា ទិសដៅបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងបន្តយុទ្ធនាការចែកមួកសុវត្ថិភាព បំពាក់ផ្លាកសញ្ញា បិទចំណាំងផ្លាត ជួសជុល និងថែទាំផ្លូវ សកម្មភាពនិងយុទ្ធនាការផ្សេងៗទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។

លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបន្តថា វិធានការមួយចំនួន ដូចជា៖ ការដាក់កាមេរ៉ាតាមផ្លូវដើម្បីចាប់រថយន្តដែលបើកបរលើសល្បឿនកំណត់ ការល្បាតឆ្មក់ពេលយប់នៅតាមដងផ្លូវ ការដាក់ជញ្ជីងលើដងផ្លូវមុខរោងចក្រផលិតស៊ីម៉ង់ ការបិទយានដ្ឋានខុសច្បាប់ឱ្យអស់នៅដំណាច់ឆ្នាំនេះ នឹងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។

ជាមួយគ្នានោះដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយអនុវត្តច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន យករថយន្តទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និងទៀងទាត់ ជាពិសេស សូមកុំខ្លាចប៉ូលីស ត្រូវខ្លាចច្បាប់ និងខ្លាចសេចក្ដីស្លាប់ខ្លួនឯង ទើបមិនមានគ្រោះថ្នាក់កើតឡើង។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរដល់មន្ត្រីរបស់ក្រសួង និងមន្ត្រីនគរបាលដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងពេលវេលា ចុះធ្វើយុទ្ធនាការយ៉ាងសកម្ម ដោយប្រើគ្រប់យុទ្ធសាស្ត្រ និងនីតិវិធីសំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកទឹកចិត្តមន្ត្រីទាំងនោះឱ្យបន្ត និងស្វែងរកយុទ្ធនាការថ្មីៗបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវគោលដៅទសវត្សរ៍របស់អង្គការសហប្រជាជាតិស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងការកាត់បន្ថយអត្រានៃការរងរបួសធ្ងន់ធ្ងរឱ្យបាន៥០% ត្រឹមឆ្នាំ២០២០៕

ប្រភព៖ ផេកក្រសួងសាធារណការ និង​ដឹកជញ្ជូន

មតិយោបល់