• 2019-09-05 09:10:28
  • ព័ត៌មាន

នាវា​ទ័ពជើងទឹក​ឥណ្ឌា​២គ្រឿង ចូលចត​នៅ​កម្ពុជា

  • 2019-09-05 09:10:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាវា​កងទ័ព​ជើងទឹក​របស់​ប្រទេស​ឥណ្ឌា​ចំនួន​២គ្រឿង គឺ​នាវា INS SAHYADRI ដឹកនាំ​ដោយលោកវរនាវីឯក Ashwin Arvind និង​នាវា INS KILTAN ដឹកនាំ​ដោយ​លោក Cdr Ginto George Chacko បាន​ចូលចត​កំពង់ផែ​ក្នុង​ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៨ ដល់ ៨ ខែកញ្ញា ឆ្នាំ​២០១៩។ ការចូលចត​នេះ គឺ​ជាផ្នែកមួយ​នៃដំណើរទស្សនកិច្ច​សុច្ឆន្ទៈ​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍។

ក្នុង​ដំណើរទស្សនកិច្ចនេះ មេបញ្ជាការ​នៃនាវា​ខាងលើ នឹងចូល​ជួប​សម្តែងការ​គួរសម​ជាមួយ​មន្រ្តី​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។

​កងទ័ព​ជើងទឹក​កម្ពុជា-ឥណ្ឌា នឹង​ធ្វើ​​សមយុទ្ធ​រួមគ្នា​មួយ​ហៅថា PASSEX ហើយក៏មាន​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ផងដែរ។ លើសពី​នេះ ប្រជាជន​ក្នុងតំបន់ នឹង​មាន​ឱកាស​ចូលមើល​នាវាឥណ្ឌានេះ​ទៀតផង។

ឥណ្ឌា និង​កម្ពុជា មាន​ទំនាក់ទំនង​ជាប្រពៃណី​ជាមួយនឹង​ការរឹត​ចំណង​វប្បធម៌ សាសនា និង​សេដ្ឋកិច្ច។ ទំនាក់ទំនង​ ឥណ្ឌា-កម្ពុជា ត្រូវ​បាន​ពង្រឹង​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ដោយសារតែ​ការ​បង្កើន​ការតភ្ជាប់​ក្នុង​គ្រប់​វិស័យ​ទាំងអស់។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​ដំណើរ​ទស្សនកិច្ច​កម្រិតខ្ពស់​របស់​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា ទៅកាន់​សាធារណរដ្ឋ​ឥណ្ឌា កាលពីខែ​មករា ឆ្នាំ​២០១៨។ សម្តេចក៏បាន​អញ្ជើញ​ធ្វើជាភ្ញៀវកិត្តិយស​ផងដែរនៅ​ក្នុង​ពិធី​ព្យុហយាត្រាថ្ងៃបុណ្យ​សាធារណរដ្ឋឥណ្ឌាឆ្នាំ​២០១៨ និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​រំលឹកខួប​អាស៊ាន-ឥណ្ឌា។ នេះ​ជាទំនាក់ទំនង​រវាង​ប្រទេស​ទាំង២ ឈានដល់​កម្រិតខ្ពស់​បំផុត។

ទស្សនកិច្ច​របស់​នាវាឥណ្ឌា​ខាងលើនេះ នឹង​បង្កើន​កិច្ចសហ​ប្រតិបត្តិការ​សមុទ្រ​រវាង​កងទ័ព​ជើងទឹក​ប្រទេស​ទាំង២។ ការណ៍​នេះ នឹង​ជំរុញ​ឱ្យកាន់​តែ​ខ្លាំង​បន្ថែម​ទៀត នូវ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង២ ព្រមទាំង​ចូលរួម​ចំណែក​នូវ​សន្តិសុខ និង​ស្ថិរភាព​ក្នុងតំបន់​ និង​ពិភពលោក៕

អត្ថបទ៖ សំភី

មតិយោបល់
អត្ថបទពេញនិយម